សង្គមស៊ីវិលតឿនកម្ពុជានិង UN ឲ្យតែងតាំងសហចៅក្រមស៊ើបអង្កេតអន្តរជាតិ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជាបានអំពាវនាវឲ្យអង្គការសហប្រជាជាតិនិងរដ្ឋាភិបាលកម្ពុជាប្រញាប់តែងតាំងសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៅសាលាក្តីខ្មែរក្រហមឲ្យបានឆាប់ដើម្បីបន្តការស៊ើបអង្កេតសំណុំរឿង ០០៣ និង០០៤ ដ៏ចម្រូងចម្រាស។ ការអំពាវនាវនេះបានធ្វើឡើងខណៈដែលការិយាល័យសហចៅក្រមស៊ើបអង្កេតកំពុងគាំងដំណើរដោយហេតុតែកៅអីសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៅទំនេរបន្ទាប់ពីការលាលែងរបស់លោក Laurent Kasper-Ansermet។
នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៧មិថុនា គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា ហៅកាត់ថា CHRAC បានជំរុញឲ្យអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលក្រុងភ្នំពេញដែលជាភាគីបង្កើតសាលាក្តីខ្មែរក្រហមប្រញាប់រួសរាន់ដោះស្រាយវិបត្តិនៅក្នុងការិយាល័យសហចៅក្រមស៊ើបអង្កេត។ បណ្តុំនៃអង្គការនិងសមាគមការពារសិទ្ធិមនុស្សខាងលើនេះបានស្នើចំណុចសំខាន់៣ទៅកាន់ទីក្រុងភ្នំពេញ និងបូរីញូវយ៉ក។
សំណើទាំងបីរួមមានទី១៖ សុំឲ្យប្រញាប់តែងតាំងសហចៅក្រមស៊ើបអង្កេតអន្តរជាតិដើម្បីបំពេញកន្លែងដែលទំនេរ, ទី២៖ សុំឲ្យទទួលស្គាល់ការងារស៊ើបអង្កេតដែលធ្វើឡើងដោយលោកចៅក្រម Laurent Kasper-Ansermet និងទី៣៖ សុំឲ្យគាំទ្រការងាររបស់សហចៅក្រមស៊ើបអង្កេតថ្មីដើម្បីទទួលបានសេចក្តីសម្រេចឯករាជ្យទាក់ទងនឹងសំណុំរឿង ០០៣ និង ០០៤ ដ៏ចម្រូងចម្រាស។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា គណៈកម្មាធិការប្រព្រឹត្តិកម្មចង់ឃើញភាពជាអ្នកដឹកនាំខ្លាំងក្លារបស់អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជា តាមរយៈការបញ្ជាក់ឡើងវិញអំពីការតាំងចិត្តរបស់ខ្លួនចំពោះសំណុំរឿងចុងក្រោយទាំងពីរខាងលើនិងការបំពេញភារកិច្ចដ៏ជោគជ័យរបស់ខ្លួន។ គណៈកម្មាធិការប្រព្រឹត្តិកម្មបានរម្លឹកថា សាលាក្តីខ្មែរក្រហមមានតួនាទីយ៉ាងធំធេងជាងដំណើរការកាត់ក្តីនៃបទឧក្រិដ្ឋកម្មធម្មតា។
គួរកត់សម្គាល់ថា បច្ចុប្បន្ននេះ ការិយាល័យសហចៅក្រមស៊ើបអង្កេតកំពុងជាប់គាំងមិនអាចសម្រេចកិច្ចការអ្វីបានឡើយដោយសារតែអវត្តមានភាគីអន្តរជាតិ។ កៅអីរបស់សហចៅក្រមអន្តរជាតិ( ទាំងពេញសិទ្ធិ និងបម្រុង) បាននៅទំនេរចាប់តាំងពីថ្ងៃទី៤ខែឧសភាមកបន្ទាប់ពីការលាឈប់ពីតំណែងរបស់លោក Laurent Kasper-Ansermet។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានឲ្យដឹងនៅថ្ងៃនេះថា ការជ្រើសរើសសហចៅក្រមស៊ើបអង្កេតអន្តរជាតិកំពុងស្ថិតក្នុងដៃរបស់អង្គការសហប្រជាជាតិនៅឡើយ។ សាលាក្តីនៅមិនទាន់បានទទួលដំណឹងអ្វីអំពីបញ្ហានេះនៅឡើយទេ។ តាមនីតិវិធី បន្ទាប់ពីជ្រើសរើសបានហើយ អង្គការសហប្រជាជាតិនឹងបញ្ជូនឈ្មោះមករដ្ឋាភិបាលកម្ពុជាដើម្បីសុំការតែងតាំងពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ការិយាល័យសហចៅក្រមស៊ើបអង្កេត បានជួបនឹងបញ្ហាជារៀងរហូតមកដោយសារតែ សំណុំរឿង០០៣ និង០០៤ ដ៏ស្មុគស្មាញដែលសហចៅក្រមជាតិនិងអន្តរជាតិមិនចុះសម្រុងគ្នា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ