កុនខ្មែរក្នុងមហោស្រពភាពយន្តកាន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មហោស្រពភាពយន្តអន្តរជាតិលើកទី៦៤ បានចាប់ផ្តើមជាផ្លូវការហើយ។ ខ្សែភាពយន្តប្រកួតប្រជែងទីមួយ របស់សមិទ្ធិករអូស្រ្តាលី មានចំណងជើងថា Sleeping Beauty ទេពអប្សរនិន្ទ្រា ក៏បានចាក់បញ្ចាំងរួចហើយ នៅលើផ្ទាំងសំពត់ស ក្រុងកាន។ ភាពយន្តផ្សេងៗទៀត ដែលមិនស្ថិតក្នុងក្របខណ្ឌប្រកួតយកពានរង្វាន់ ក៏ចាប់ផ្តើមចាក់បញ្ចាំងជាបន្តបន្ទាប់ដែរ។ ភាពយន្តខ្មែរមួយរបស់សមិទ្ធិករ រិទ្ធីប៉ាន់ នឹងត្រូវចាក់ជូនទស្សនានៅថ្ងៃអាទិត្យទី ១៥ ឧសភា។
ឆ្នាំនេះគ្មានភាពយន្តមកពីអាស៊ីណាមួយដែលបានជ្រើសរើសយកមកប្រកួតប្រជែងដណ្តើមយកពានរង្វាន់តាលប័ត្រមាស ក្រុងកាននេះទេ។ ភាពយន្តអាស៊ី មានជាអាទិ៍ ឥណ្ឌា ចិន កូរ៉េ សុទ្ធតែត្រូវបានចាក់បញ្ចាំងក្នុងក្របខ័ណ្ឌក្រៅការប្រកួតទាំងអស់។
ចំណែកភាពយន្តខ្មែរ តែមួយរឿងគត់ ដែលនឹងត្រូវចាក់បញ្ចាំងជូនទស្សនា លើផ្ទាំងសំពត់សនៅក្រុងកាន ជាស្នាដៃរបស់ លោក រិទ្ធី ប៉ាន់។ ស្នាដៃនេះ មិនត្រូវបានចាត់ទុកជាភាពយន្តប្រកួតប្រជែង វាជាការជ្រើសរើស សម្រាប់យកមកចាក់បញ្ចាំងក្នុង សេអង់ពិសេស។
Duch, le maitre des forges de l’enfer របស់ លោករិទ្ធី ប៉ាន់ ដែលរៀបរាប់អំពី កាំង ហ្កិចអៀវ ហៅ ឌុច អតីតមេគុកទួលស្លែង (មន្ទីរស២១) ក្នុងរបបខ្មែរក្រហម និងដែលជាអតីតមេដឹកនាំខ្មែរក្រហមទីមួយបានប្រឈមមុខនឹងតុលាការអន្តរជាតិ នឹងត្រូវចាក់បញ្ចាំងនៅថ្ងៃអាទិត្យទី ១៥ ឧសភា វេលាម៉ោង ៨ កន្លះយប់។
ប៉ុន្តែអ្វីដែលគួរភ្ញាក់ផ្អើល គឺកុននេះមិនត្រូវបានអនុញ្ញាតឲ្យសាធារណជនទូទៅ ឬអ្នកសារព័ត៌មានចូលដោយសេរី ដូចខ្សែភាពយន្តដទៃឡើយ។ ពោលគឺរក្សាសិទ្ធិជូនអ្នកឯកទេសខាងភាពយន្តតែប៉ុណ្ណោះ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ