ក​ម្ពុជា​-​បារាំង

ភាពយន្ត​ឯកសារ​និយាយ​ពី​កាំង ហ្កេក​អ៊ាវ​​​ហៅ​ឌុច ត្រូវ​បាន​បញ្ចាំង​នៅ​មហោស្រព​ទីក្រុង​កាន

ឆាក​ឈុត​មួយ​នៃ​រឿង  "S21-la machine de mort kmère rouge" របស់​លោក រិទ្ធី ប៉ាន់  (ឆ្នាំ​២០០៣)
ឆាក​ឈុត​មួយ​នៃ​រឿង "S21-la machine de mort kmère rouge" របស់​លោក រិទ្ធី ប៉ាន់ (ឆ្នាំ​២០០៣) John Vink - Magnum

កាលពី​យប់​ថ្ងៃ​អាទិត្យ​ទី​១៥​ឧសភា​ម្សិលមិញ នៅ​ទីក្រុង​កាន​ជា​ទី​ដែល​មហោស្រព​ភាពយន្ត​អន្តរជាតិ​លើក​ទី​៦៤​កំពុង​បន្ត​ប្រព្រឹត្ត​ទៅ គេ​បាន​បញ្ចាំង​ភាពយន្ត​ឯកសារ​របស់​សមិទ្ធិករ​បារាំង​មាន​ដើម​កំណើត​ជា​ខ្មែរ ប៉ាន់ រិទ្ធី។ ស្នាដៃ​នេះ ដែល​មាន​ចំណង​ជើង​ថា ”Duch, le maître des forges de l’enfer” និង​ដែល​រៀបរាប់​ពី​ឌុច អតីត​មេគុក​ទួលស្លែង ត្រូវ​បាន​គេ បញ្ចាំង​ជា​សេអង់​ពិសេស មិនមែន​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ភាពយន្ត​ប្រកួត​ប្រជែង​ទេ។

ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ភាពយន្ត​ឯកសារ​ថ្មី​មួយ​នេះ លោក​ប៉ាន់ រិទ្ធី បន្ត​ការងារ​របស់​លោក​សន្សឹមៗ​តទៅ​មុខ​ទៀត នោះ​គឺ​ការ​ចងចាំ​កុំ​ភ្លេច​ឲ្យ​សោះ​នូវ​របប​ខ្មែរ​ក្រហម ដែល​បាន​បណ្តាល​ឲ្យ​ប្រជាជន​កម្ពុជា​​ស្លាប់​អស់​ជិត​ពីរ​លាន​នាក់ ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។

កាលពី​យប់​ថ្ងៃ​អាទិត្យ​ទី​១៥​ឧសភា​ម្សិលមិញ ក្រោយពី​ភាពយន្ត​ឯកសារ​របស់​លោក​ត្រូវ​បាន​បញ្ចាំង​នៅ​ទីក្រុង​កាន​រួច​ហើយ លោក ប៉ាន់ រិទ្ធី បាន​សូម​ទោស​បណ្តា​អ្នក​កាសែត ពីព្រោះ​លោក​មិន​ទាន់​អាច​ផ្តល់​បទសម្ភាសន៍​ជុំវិញ​ភាពយន្ត​នេះ​បាន​ទេ។ មូលហេតុ គឺ​មក​ពី​ការ​កាត់ក្តី​ឌុច​មិន​ទាន់​ចប់​ដាច់​ស្រេច​នៅ​ឡើយ។ ឌុច​ដែល​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៣០​ឆ្នាំ បាន​បន្ត​ប្តឹង​ឡើង​ឧទ្ធរណ៍ ហើយ​សវនាការ​កាត់ក្តី​របស់​សាលា​ឧទ្ធរណ៍​បាន​ចប់​នៅ​ខែ​មីនា​កន្លង​ទៅ​នេះ តែ​ចៅ​ក្រម​មិនទាន់​ប្រកាស​សាលក្រម​នៅ​ឡើយ។

ក្នុង​ភាពយន្ត​ឯកសារ ”Duch, le maître des forges de l’enfert” លោក ប៉ាន់ រិទ្ធី មិនបាន​ផ្លាស់ប្តូរ​របៀប​ថត​របស់​លោក​ទេ។ ដូច​លើក​មុនៗ​ដែរ សមិទ្ធិករ​បារាំង​មាន​ដើម​កំណើត​ជា​ខ្មែរ​រូប​នេះ បង្ហាញ​តែ​រូបភាព និង​បន្លឺ​តែ​សំឡេង​របស់​តួអង្គ មិន​វិភាគ​ហើយ​ក៏​មិន​ធ្វើ​បទ​អត្ថាធិប្បាយ​អ្វី​ទាំងអស់ ទុក​ឲ្យ​ឌុច​និយាយ​តែ​ឯង ទុក​ឲ្យ​ឌុច​និយាយ​ច្រើន​ និយាយ​រៀបរាប់​ពី​ជីវិត​ផ្ទាល់​ខ្លួន និង​ពី​ដំណើរការ​នៃ​គុក​ទួល​ស្លែង។

ក្រៅពី​រូបភាព និងសំឡេង​របស់​ឌុច លោក ប៉ាន់ រិទ្ធី បាន​ដាក់​បន្ថែម​នូវ​រូបភាព​បណ្ណសារ ផ្សេងៗ និង​បទ​សម្ភាសន៍​ជាមួយ​អតីត​មន្ត្រី​កម្មាភិបាល​ដទៃ​នៃ​គុក​ទួលស្លែង។

លោក ប៉ាន់ រិទ្ធី បាន​សន្យា​ថា ប៉ុន្មាន​សប្តាហ៍​ទៀត​ខាង​មុខ ក្រោយ​ពី​ការ​ប្រកាស​សាលក្រម​របស់​ឌុច​ដោយ​សាលា​ឧទ្ធរណ៍​ហើយ លោក​នឹង​មាន​សេរីភាព​គ្រប់គ្រាន់​ដើម្បី​ផ្តល់​បទ​សម្ភាសន៍​ និយាយ​រៀបរាប់​ពី​ភាពយន្ត​ឯកសារ​ថ្មី​នេះ​របស់​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI