ហ្វីលីពីន-ចិន

លោក​ឌុយទែរតេ​​ចេញ​​បញ្ជា​​​អោយ​​​កងទ័ព​​​ហ្វីលីពីន​​ចូល​​​​កាន់កាប់​​កោះ​​​ជម្លោះ​​នៅ​​សមុទ្រ​​ចិន​

ប្រធានាធិបតី​ហ្វីលីពីន លោក​​Rodrigo Duterte
ប្រធានាធិបតី​ហ្វីលីពីន លោក​​Rodrigo Duterte REUTERS/Lean Daval Jr

ប្រធានាធិបតី​ហ្វីលីពីន ឌុយទែរតេ បាន​​បញ្ឆេះ​​​កំហឹងរបស់​​​​ចិន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​បាន​​ប្រកាស​បញ្ជា​អោយ​កងទ័ព​ចូលទៅ​​កាន់កាប់​​ដែន​កោះជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង។ លោក​ឌុយទែរតេ​ថែមទាំង​​ប្រាប់​​អោយ​កងទ័ព​សង់ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ដោត​ទង់ជាតិ​ហ្វីលីពីន​​នៅ​ទីនោះ​ទៀតផង។ 

ផ្សាយពាណិជ្ជកម្ម

ថ្ងៃព្រហស្បតិ៍​នេះ ​ក្នុង​ពេល​ទស្សនកិច្ច​មូលដ្ឋាន​យោធា​កោះ​ប៉ាឡាវ៉ាន់ ភាគខាងលិច​ហ្វីលីពីន​ ​ប្រធានាធិបតី​​​ឌុយទែរតេ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា លោក​បាន​ចេញ​បញ្ជា​​អោយ​កងទ័ព​ ចូល​ទៅ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ នៅ​លើ​កោះ​មួយ​ចំនួន នៃ​ប្រជុំ​កោះ​ជម្លោះ​Spratleys នៅ​សមុទ្រ​ចិន​។ លោក​ឌុយទែរតេ​ប្រាប់ទៀតថា ហ្វីលីពីនទាមទារកោះ​ពី​៩ទៅ​១០ នៃ​​​​​ប្រជុំ​កោះ​Spratleys​ ​ជា​ដែន​បូរណភាព​ជាតិ​​។

សម្រាប់​លោក​ឌុយទែរតេ គ្រប់គ្នាទៅ​កោះ​ទាំងនោះ គឺ​​ហាក់ដូច​​​ចង់រក​ប្រយោជន៍​នៅ​តាម​កោះ​ទាំងនោះ។ លោក​ឌុយទែរតេ​ប្រាប់ថា ហ្វីលីពីន​នឹង​ធ្វើអោយ​ប្រសើរ​ជាង​គ្រប់គ្នា គឺ​ហ្វីលីពីន​ចូលទៅ​រស់នៅ​តាម​កោះ​​ទំនេរ​អស់នោះ​​តែម្តង។ គួរ​បញ្ជាក់ថា ក្រៅ​ពីហ្វីលីពីន ​នៅ​សមុទ្រ​ចិន​​ខាងត្បូង ​ចិន​មាន​ជម្លោះ​ដែន​ទឹកជាមួយ​ប្រទេស​​​ជាច្រើន​ទៀត ដូចជា​ព្រុយណេ ម៉ាឡេស៊ី វៀតណាម រឺ​ក៏កោះ​តៃវ៉ាន់។

ប៉ុន្មាន​ឆ្នាំ​នេះ ចិន​ប្រើ​នយោបាយ​​វាតទី​​ដែនកោះ​តូចៗ នៅ​សមុទ្រ​ចិន ដោយ​បាន​សាងសង់​ហេដ្ឋា​រចនា​​សម្ព័ន្ធ​នៅទីនោះ។ ឆ្នាំ២០១៦ ​តុលាការ​ក្រុងឡាអេ​បានកាត់ក្តី​អោយ​ហ្វីលីពីន​ឈ្នះចិន ចំពោះ​រឿង​ដែល​ចិន​ចង់គ្រប់គ្រង​សមុទ្រ​ចិន​តែ​ម្នាក់ឯង។

លោក​ឌុយទែរតេ កន្លងមក មិនដែល​ខ្វល់​ពី​ជម្លោះ​ដែនទឹក​ជាមួយចិនទេ ហើយ​បាន​បង្ហាញ​ជំហរ​ខិត​ទៅរក​ចិនទៀតផង ដើម្បី​ទាញ​ចំណេញ​ប្រយោជន៍​សេដ្ឋកិច្ច។ តែ​ពេលនេះ លោក​ឌុយទែរតេ​​​ប្តូរ​ជំហរ​ទៅវិញ ដោយ​បញ្ជា​​​​អោយ​កងទ័ព​ហ្វីលីពីនចូល​​កាន់កាប់​ដែន​កោះ​ជម្លោះ​នៅ​សមុទ្រ​ចិន។ ​លោក​ឌុយទែរតេ ប្រហែល​ចង់​ផ្ញើសារ​អោយ​លោក​ដូណាល់ ត្រាំ ​ដែល​កំពុង​​រៀបចំ​ទទួល​ប្រធានាធិបតី​ចិន នៅ​រដ្ឋ​ផ្លរីដា ថ្ងៃព្រហស្បតី៍​នេះ។ លោក​ឌុយទែរតេ ប្រហែល​ចង់​អោយ​លោកត្រាំ ជជែក​ពីបញ្ហា​​ជម្លោះ​សមុទ្រ​ចិន ជាមួយ​លោក​ស៊ី ជីនពីង រឺ​ក៏អាច​ថា​​ លោក​ឌុយទែរតេ​កំពុង​ចង់​យកចិត្ត​យក​ថ្លើម​លោក​ដូណាល់ ត្រាំ ដែល​ធ្លាប់​រិះគន់​ចិន​​ក៏ថាបាន​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI