វិបត្តិ​បំណុល

ឥណទាន​ធនាគារ​កណ្តាល​អឺរ៉ុប​ទំនងជា​មិនអាច​ជួយ​បន្ធូរបន្ថយ​វិបត្តិ​បំណុល​បានទេ

ទីស្នាក់ការ​ធនាគារ​កណ្តាល​អឺរ៉ុប ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់
ទីស្នាក់ការ​ធនាគារ​កណ្តាល​អឺរ៉ុប ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ Reuters/Ralph Orlowski

កាលពីថ្ងៃ​ពុធ ម្សិលមិញ​នេះ ធនាគារ​កណ្តាល​អឺរ៉ុប​បាន​បញ្ចេញ​ទឹកប្រាក់​រហូតដល់​ទៅ​ជិត ៥០០​ពាន់លាន​អឺរ៉ូ ដើម្បី​ផ្តល់​ជា​ឥណទាន​ដល់​ធនាគារ​ឯកជន​​នៅ​អឺរ៉ុប។ នេះ​គឺ​ជា​ចំនួន​ទឹកប្រាក់​ដ៏ច្រើន​សន្ធឹកសន្ធាប់​ ដែល​គេ​មិនធ្លាប់​ឃើញ​​ធនាគារ​កណ្តាល​អឺរ៉ុបឲ្យ​ធនាគារ​ឯកជន​ខ្ចី។ ចំនួនទឹកប្រាក់​ គឺ​ច្រើន​សន្ធឹកសន្ធាប់មែន ក៏ប៉ុន្តែ វា​ទំនងជា​មិន​អាច​ជួយ​បន្ធូរបន្ថយ​វិបត្តិ​បំណុល​អឺរ៉ុប​បាន​នោះទេ។

ផ្សាយពាណិជ្ជកម្ម

គិតជាសរុប មាន​ធនាគារ​ឯកជន​រហូតដល់​ទៅ​ជាង ៥០០ ដែល​បាន​នាំគ្នា​ពពាក់ពពូន​ទៅ​ខ្ចីលុយ​ធនាគារ​កណ្តាល​អឺរ៉ុប កាលពី​ម្សិលមិញ។ ប្រាក់​កម្ចី​ដែល​មាន​ចំនួន​រហូតដល់​ទៅ​ជាង ៤៨៩​​ពាន់លាន​អឺរ៉ូ ហើយ​ដែល​មាន​អត្រាការប្រាក់​ទាប​បំផុត ពោល​គឺ តែ ១% ប៉ុណ្ណោះ សម្រាប់​រយៈពេល ៣ឆ្នាំ។

ជាផ្លូវការ គោលដៅ​របស់​ធនាគារ​កណ្តាល​អឺរ៉ុប គឺ​ដើម្បី​ទប់ស្កាត់​ការ​ជាប់គាំង​នៃ​ចរន្ត​ឥណទាន​ឯកជន ព្រោះថា ក្នុង​ពេល​ដែល​អឺរ៉ុប​កំពុង​ជាប់ផុង​ក្នុង​វិបត្តិ​បំណុល ធនាគារ​ឯកជន​​នាំគ្នា​ត្បិតត្បៀត​ឥណទាន។ ត្បិតត្បៀត​ទាំង​កម្ចី​ទៅ​​ឲ្យ​​ធនាគារ​ឯកជន​គ្នា​ឯង និង​ទាំង​កម្ចី​ទៅ​ឲ្យ​​ក្រុមហ៊ុន។

អ្នកដែល​មាន​សុទិដ្ឋិនិយម​​យល់ថា វិធានការ​របស់​ធនាគារ​កណ្តាល​អឺរ៉ុប កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​​នេះ ​ក៏​អាច​នឹង​ជួយ​បន្ធូរបន្ថយ​វិបត្តិ​បំណុល​របស់​អឺរ៉ុប​បាន​ដែរ ពីព្រោះ គេ​រំពឹង​​ថា ធនាគារ​ឯកជន​នឹង​យក​​ប្រាក់​កម្ចី​របស់​ធនាគារ​កណ្តាល​អឺរ៉ុប​មួយ​ផ្នែក ទៅ​ទិញ​មូលបត្រ​បំណុល​របស់​ប្រទេស​ដែល​កំពុង​ជួប​នឹង​វិបត្តិ​បំណុល។

គួរ​បញ្ជាក់ថា ជាយូរណាស់មកហើយ ដែល​គេទទូច​ចង់​ឃើញ​ធនាគារ​កណ្តាល​អឺរ៉ុប​បញ្ចេញលុយ​មក​ទិញ​មូលបត្របំណុល​របស់​រដ្ឋជា​សមាជិក ដើម្បី​ទប់​កុំ​ឲ្យ​អត្រាការប្រាក់​បំណុល​របស់​ប្រទេស​ទាំងនេះ​កើនឡើង​ខ្ពស់​ហួសហេតុ​ពេក។ ក៏ប៉ុន្តែ ធនាគារ​កណ្តាល​អឺរ៉ុប​តែងតែ​បដិសេធ​មិ​ន​ព្រមធ្វើ ដោយសារ​តែមាន​ប្រទេស​មួយចំនួន​ជំទាស់ ជាពិសេស អាល្លឺម៉ង់។

ទីបំផុត​ទៅ ធនាគារ​កណ្តាល​អឺរ៉ុប​សុខចិត្ត​បញ្ចេញ​លុយ​មក​ទិញ​មូលបត្រ​បំណុលរ​បស់​រដ្ឋ​ជា​សមាជិក គ្រាន់តែ​មិន​ធ្វើ​ដោយ​ខ្លួនឯង គឺ​ឲ្យ​ធនាគារ​ឯកជន​ទិញ​ជំនួស។ ធនាគារ​ឯកជន​ខ្ចីលុយ​ពី​ធនាគារ​កណ្តាល​អឺរ៉ុប ក្នុង​អត្រាការប្រាក់ ១%។ ពួកគេ​អាច​យក​លុយ​នេះ​ទៅ​ឲ្យ​​អ៊ីតាលី អេស្ប៉ាញ ឬ​​ព័រទុយហ្កាល់​ខ្ចី​បន្ត ដើម្បី​យក​ចំណេញ ព្រោះ​អត្រាការប្រាក់​បំណុល​របស់​ប្រទេស​ទាំងនេះ​មាន​រហូតដល់​ទៅ​ ៥% ឬ​៦%។

ក៏ប៉ុន្តែ បើ​គេ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ទៅ គេមិនរំពឹង​ថា ធនាគារ​ឯកជន​​​នឹង​យក​ប្រាក់​កម្ចី​ពី​ធនាគារ​កណ្តាល​អឺរ៉ុប ទៅ​វិនិយោគ​បន្ត​លើ​មូលបត្រ​បំណុល​របស់​ប្រទេស​កំពុង​ជាប់​វិបត្តិ​បំណុល​នោះទេ ពីព្រោះ​ថា ​ម្យ៉ាង ពួកគេ​កំពុង​តែ​ត្រូវការ​សាច់ប្រាក់​​ច្រើន។ ដូច្នេះ ប្រាក់​កម្ចី​​ដែល​បាន​មក​ពី​ធនាគារ​កណ្តាល​អឺរ៉ុប​ ពួកគេ​នឹង​យក​មួយផ្នែក​ធំ ដើម្បី​ទុក​ប្រើប្រាស់​ខ្លួនឯង។

ម្យ៉ាងទៀត ការវិនិយោគ​លើ​មូលបត្រ​បំណុល​របស់​ប្រទេស ដែល​កំពុង​ជួប​នឹង​វិបត្តិ​បំណុល ដូចជា អ៊ីតាលី អេស្ប៉ាញ និង​ព័រទុយហ្កាល់​ ជាដើម ថ្វីដ្បិត​តែ​​អាច​ទទួល​បាន​ផលចំណេញ​ច្រើន ក៏ប៉ុន្តែ ជា​ការវិនិយោគ​ដែល​មាន​ហានិភ័យ​ខ្ពស់ ដែល​ធនាគារ​ឯកជន​កំពុងតែ​នាំគ្នា​ចៀសវាង​គ្រប់ៗ​គ្នា។ ក្រោយ​ពី​​មាន​ការ​ខាតបង់​យ៉ាងច្រើន​លើ​បំណុល​ក្រិក ដោយសារ​តែ​ត្រូវ​កាត់បន្ថយ​បំណុល​មួយផ្នែក​ធំ​នោះ តើ​​មាន​ធនាគារ​ឯកជន​ប៉ុន្មាន​ ដែល​ហ៊ាន​ប្រថុយប្រថាន​វិនិយោគ​លើ​បំណុល​របស់​អ៊ីតាលី អេស្ប៉ាញ ឬ​ព័រទុយហ្កាល់?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI