អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អឺរ៉ុប​បែកបាក់​គ្នា នៅ​ក្នុង​រឿង​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រុស្ស៊ី

សំឡេង ០៧:៥៥
ផែនទី​សហភាព​អឺរ៉ុប
ផែនទី​សហភាព​អឺរ៉ុប ©EU
ដោយ៖ ឈាង បុប្ផា

ចៅហ្វាយក្រុង​ស្លាវីយ៉ង់ ថ្មី ដែល​មាននិន្នាការ​ទៅរក​រុស្ស៊ី បាន​ប្រកាស​នៅថ្ងៃ​អង្គារ​ទី ២៩​មេសា​ថា ខ្លួន​នឹង​មិន​ដោះលែង ក្រុម​អ្នក​សង្កេតការណ៍​អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុប OSCE ទេ ប្រសិន​បើ​សហភាព​អឺរ៉ុប​នៅ​តែពង្រឹង​ទណ្ឌកម្ម​ដាក់​ទៅលើ​រុស្ស៊ី។ នៅថ្ងៃ​អង្គារ​នេះ សហភាព​អឺរ៉ុប​ទើប​បង្ហាញ​​ឈ្មោះ មន្រ្តី​រុស្ស៊ី​១៥​នាក់​បន្ថែមទៀត ដែល​នឹង​ត្រូវ​ស្ថិតនៅក្នុង​បញ្ជី​ដាក់​ទណ្ឌកម្ម​ថ្មី​ពី​សហភាព​អឺរ៉ុប។ កាលពី​ថ្ងៃ​ចន្ទ ទី ២៨​មេសា អាមេរិក​បាន​បញ្ចេញ​ឲ្យ​ឃើញ​បញ្ជី ទណ្ឌកម្ម​ថ្មី ដែល​ក្នុង​នោះ មាន​រួម​បញ្ចូល​ឈ្មោះ​បុគ្គល និង​ក្រុមហ៊ុន​ដែល​ជា​ក្រុមបក្សពួក​របស់​លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី។

ផ្សាយពាណិជ្ជកម្ម

 

ក្នុង​រឿង​ទណ្ឌកម្មទៅលើ​រុស្ស៊ី សហភាព​អឺរ៉ុប​ដែល​មាន​សមាជិក​២៨​ប្រទេស គ្មានជំហរ​រួម​ធ្លុង​មួយ ជាមួយ​អាមេរិក។ ខុសពី​អាមេរិក អឺរ៉ុប​ដែល​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​​ជាមួយ​រុស្ស៊ី មិន​ចង់​និយាយ ពីទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​រុស្ស៊ី។ អឺរ៉ុប​មាន​ការប្រយ័ត្នប្រយែង​ខ្លាំង មិន​ចង់​ដាក់​ទណ្ឌកម្ម​​​ទៅលើ​រុស្ស៊ី​ទេ។ អាច​ដោយសារ​តែ​ហេតុផលនេះដែរ ទើប​ធ្វើ​ឲ្យ​អឺរ៉ុប​ចេញ​ផ្សាយ​យឺតបន្តិច ឈ្មោះ បុគ្គល​ដែល​គេ​ត្រូវ​ពិចារណា​ចាត់ចូល​ក្នុង​បញ្ជី​រងទណ្ឌកម្ម។

នៅក្នុង​បញ្ជីឈ្មោះ​ទណ្ឌកម្ម​ថ្មី គេ​ឃើញ ជំហរ​រារែក និង​យោគយល់​ច្រើន​របស់​សហភាព​អឺរ៉ុប​ទៅលើ​ទីក្រុង​ម៉ូស្គូ។ ដោយ​រួម​បញ្ចូល​មនុស្ស​១៥​នាក់​ថ្មី ទៅក្នុង​បញ្ជី សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​ទៅលើមនុស្ស​សរុប ៤៨​នាក់។ ប៉ុន្តែ ផ្ទុយពីអាមេរិក ដែល​ដាក់​ទណ្ឌកម្ម​ទៅលើ​មហាសេដ្ឋី អ្នកជំនួញ ដែល​ស្និទ្ធ​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី សហភាព​អឺរ៉ុបវិញ​​ដាក់​ទណ្ឌកម្ម​ភាគច្រើន​តែ​ទៅលើ​បុគ្គល​ដែល​ធ្វើការ​ផ្នែករដ្ឋបាល ប៉ុន្តែ គ្មាន​ពាក់ព័ន្ធ​នឹង​ជំនួញ​សេដ្ឋកិច្ច។ ពួកគេ​គឺជា​មន្រ្តី​រដ្ឋាភិបាល​រុស្ស៊ី មេបញ្ជាកងទ័ព​រុស្ស៊ី ឬ​ប្រធាន​ក្រុម​ស៊ើបការណ៍​សម្ងាត់​របស់​រុស្ស៊ី។ បន្ថែម​ពីលើនោះ សហភាពអឺរ៉ុប​ដាក់ទណ្ឌកម្ម​ផងដែរ​ទៅលើ​អតីត​មន្រ្តីអ៊ុយក្រែន ដែល​បាន​ចូលរួម​ឲ្យ​មាន​ការបោះឆ្នោត​ប្រជាមតិ រហូត​ឈាន​ទៅដល់​ផ្តាច់ទឹកដី​គ្រីមេ ពីអ៊ុយក្រែន ចូលទៅក្នុង​ប្រទេស​រុស្ស៊ី។

សហភាព​អឺរ៉ុប​មាន​សមាជិក​ទាំង​អស់​២៨ ប៉ុន្តែ មិនមែន​សុទ្ធ​តែ​ប្រទេស​ទាំងអស់​ពេញចិត្ត​គាំទ្រ​ឲ្យ​មាន​ការដាក់​ទណ្ឌកម្ម​បន្ថែម​ទៅ​លើ​រុស្ស៊ីទេ។ សហភាព​អឺរ៉ុប​ពឹងអាស្រ័យ​ច្រើន​ទៅលើ​ប្រេង និង​ឧស្ម័ន​នាំចូល​ពី​រុស្ស៊ី។ ប្រេង​៨៤ភាគរយ និង​ឧស្ម័ន​៧៦ភាគរយ ដែល​ប្រើប្រាស់​នៅ​សហភាព​អឺរ៉ុប ត្រូវ​ទិញ​ពី​រុស្ស៊ី។ រុស្ស៊ី​ល្បីខាង​នាំចេញ​ប្រេង និង​ឧស្ម័ន​ចូលអឺរ៉ុប ប៉ុន្តែ បន្ទាប់ពី​អាមេរិក និង​ចិន រុស្ស៊ី ក៏ជា​ទីផ្សារ​ធំ សម្រាប់​ផលិតផល​ដែល​នាំចេញ​ពី​អឺរ៉ុប។
 

បើមើល​ទៅលើ​ទីតាំង​ភូមិសាស្រ្ត គេ​អាច​ឃើញ​ជំហរ​ខុសគ្នា​ចំនួន​៤​របស់​ប្រទេស​សមាជិក​អឺរ៉ុប នៅក្នុង​រឿង​ដាក់ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី។

-ទីមួយ មាន​ប្រទេស​ដែល​មិន​បញ្ចេញ​សំឡេង។ នោះ ​គឺ​ជា​ក្រុម​ប្រទេស​ដែល​មិន​ពឹងអាស្រ័យ​ទាល់តែសោះ​ទៅលើ​រុស្ស៊ី ដែល​មាន​ដូចជា ប្រទេស​ក្រូអាត អៀឡង់ ហូឡង់ និង​រ៉ូមានី។

-ទីពីរ គឺ​ប្រទេស​មួយចំនួន​ដែល​ស្ថិតនៅ​តាមព្រំដែន​ជាមួយ​រុស្ស៊ី ឬ​នៅមិនឆ្ងាយ​ប៉ុន្មាន​ពី​រុស្ស៊ី បើ​ទោះបី​ជា​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​ខ្លាំង ជាពិសេស ​ការនាំចូល​ឧស្ម័ន ពី​រុស្ស៊ី ក៏ប៉ុន្តែ គេ​នៅតែ​គំាទ្រ​ឲ្យ​មាន​ការដាក់​ទណ្ឌកម្ម​ថ្មី​ទៅលើ​រុស្ស៊ី។ លីតូនី អេស្តូនី លីទុយអានី ស៊ុយអែដ និង​ប៉ូឡូញ ជាដើម បាន​គាំទ្រ​ឲ្យ​មាន​ទណ្ឌកម្ម​ខ្លាំងទៅលើ​រុស្ស៊ី ដោយសារ​តែ​ប្រទេស​ទាំងនេះ​ព្រួយ​បារម្ភ​ពី​សន្តិសុខ ផ្ទាល់ខ្លួន នៅពេល​កងទ័ព​រុស្ស៊ី​ត្រូវ​បញ្ឈរជើង​រួចជាស្រេច នៅមិនឆ្ងាយ​ប៉ុន្មាន​ពី​មាត់ទ្វារ​ផ្ទះ​របស់គេ។ បារាំង ដាណឺម៉ាក អង់គ្លេស បាន​គាំទ្រ​ឲ្យ​មាន​ទណ្ឌកម្ម ទៅលើ​រុស្ស៊ី ដោយ​គ្មាន​លក្ខខណ្ឌ។

-អាល្លឺម៉ង់ ហ្វាំងឡង់ អ៊ីតាលី គាំទ្រ​ឲ្យ​មាន​ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី​បន្ថែមទៀត ប៉ុន្តែ នៅ​ក្នុង​តែ​ករណី​ណា ដែល​រុស្ស៊ី​ធ្វើអន្តរាគម​ទៅក្នុង​ទឹកដី​អ៊ុយក្រែន​តែប៉ុណ្ណោះ។

-ក្រុម​ប្រទេស​ចុងក្រោយ​ដែល​មិនពេញចិត្ត ឲ្យ​មាន​ទណ្ឌកម្ម​បន្ថែមទៅលើ​រុស្ស៊ី មាន​ស្លូវ៉ាគី សាធារណរដ្ឋ​ឆែក ហុងគ្រី ប៊ុលហ្គារី ក្រិក សុទ្ធ​តែ​មិន​គាំទ្រ ព្រោះ​ប្រទេស​ទាំងនេះ​ត្រូវការ​នាំប្រេង និង​ឧស្ម័ន​ពី​រុស្ស៊ី។ ក្រិក​ មិនចង់​ឲ្យ​មាន​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ព្រោះ​រុស្ស៊ី​លក់ប្រេង​ក្នុង​តម្លៃ​ថោក ដែល​ក្រិក​ត្រូវការ ក្នុង​ស្ថានភាព​ដែល​សេដ្ឋកិច្ច​របស់​ក្រិក​កំពុង​ដើរអូសជើង។

ប្រទេស​ស្ហីប​វិញ បាន​ព្រមាន​រួចហើយថា ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី គឺ​ដូចជា​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​ស្ហីប​ដែល​ជា​សមាជិក​របស់​សហភាពអឺរ៉ុប​អីចឹងដែរ។ ត្រូវដឹងថា ប្រទេស​ស្ហីប​ជាកន្លែង​ធ្វើ​ជំនួញ​សំខាន់​របស់​ក្រុមហ៊ុន​រុស្ស៊ី ដែល​ជា​សេដ្ឋកិច្ច​របស់​ស្ហីប

លោកអូបាម៉ា៖​ទណ្ឌកម្ម​ថ្មី​ទៅលើ​រុស្ស៊ី មិនមែនធ្វើឡើង​ដោយ​រឿង​បុគ្គលផ្ទាល់​ខ្លួន
ទណ្ឌកម្មដែល​អាមេរិក និង​សហភាព​អឺរ៉ុប​ដាក់​ទៅលើ​រុស្ស៊ី គឺ​ជា​ប្រភេទ​ទណ្ឌកម្ម​ដែល​គេ​ដាក់​ទៅលើ​បុគ្គល គឺ​មិនមែន​ជាទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​គេ​ដាក់​ទៅលើ​ប្រទេស​រុស្ស៊ីឡើយ។ ទាំងអាមេរិក និង​សហភាព​សំដៅ​ដាក់ទណ្ឌកម្ម​ទៅលើ​មនុស្ស​មួយក្តាប់តូច ដែល​នៅជុំវិញ​លោកពូទីន ពោល​គឺ​ក្រុមមនុស្ស​ដែល​មាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល ទៅលើ​ព្រឹត្តិការណ៍​ដែល​កំពុង​កើតមាន​នៅ​អ៊ុយក្រែន។

កាលពីថ្ងៃ​ម្សិលមិញ នៅ​ប្រទេស​ហ្វីលីពីន លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​និយាយ​ថា ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក មិនមែនធ្វើឡើង​ដោយសារ​រឿង​ជម្លោះ​បុគ្គល​ទេ មានន័យ​ថា មិនមែន​មកពី​អាមេរិក​ស្អប់​ក្រុម​លោក​ពូទីន​ទេ ប៉ុន្តែ គឺ​ដោយសារ​តែ​រុស្ស៊ី​ដែល​ដឹកនាំ​ដោយ​លោក​ពូទីន​មិន​បាន​ជួយ​កាត់បន្ថយ​ភាពតានតឹង​នៅ​ភាគខាងកើត​អ៊ុយក្រែន។ សម្រាប់​លោកអូបាម៉ា ទណ្ឌកម្ម​ទៅលើក្រុមមនុស្ស​ហែរហម មានទំនាក់ទំនង​ស្និទ្ធ​ជាមួយ​លោកពូទីន នឹង​ជួយ​ធ្វើ​ឲ្យ​លោក​ពូទីន​អាច​បន្ទន់​ជំហរ ប្តូរ​ឥរិយាបទ​ក្នុងរឿង​អ៊ុយក្រែន។

នៅក្នុង​បញ្ជីទណ្ឌកម្ម​ដែល​អាមេរិក​បង្ហាញ​កាលពី​ថ្ងៃ​ចន្ទ ទី ២៨ គេ​ឃើញ​ឈ្មោះ បុគ្គល​៧​រូប និង​ក្រុមហ៊ុន​១៧​ផ្សេងទៀត ដែល​អាមេរិក​ផ្តោត​ដាក់​ទណ្ឌកម្ម។ ទណ្ឌកម្ម​មានន័យថា បុគ្គល​ទាំង​៧រូបថ្មីនោះ នឹង​ត្រូវ​ហាម​មិន​ឲ្យ​ជាន់ទឹកដី​អាមេរិក ចំណែក​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​រុស្ស៊ី​ទាំង​១៧​ដែល​មាន​នៅក្នុង​សហរដ្ឋអាមេរិក​នឹង​ត្រូវ​ផ្អឹបទុក មិន​ឲ្យ​ដកយក​បាន។

បុគ្គល និង​ក្រុមហ៊ុន​សំខាន់ៗ ដែល​អាមេរិក​ចាត់ទុក​ជា​បក្សពួក​របស់​លោក​ពូទីន មាន​លោក​Gennady Timchenko ​ស្ថាបនិក​របស់​ក្រុមហ៊ុន​Gunvor ដែល​ក្រសួង​ថវិកា​អាមេរិក​ចាត់ទុក​ថា ជា​មហាសេដ្ឋី​រុស្ស៊ី ដ៏​មាន​ឥទ្ធិពលម្នាក់ និង​ជាមនុស្ស​ដែល​ស្និទ្ធ​ខ្លាំង​នឹង​លោកពូទីន។ អាមេរិក​ជឿថា លោកពូទីន​មាន​ចូលហ៊ុន​ក្នុង​ក្រុមហ៊ុន​Gunvor ដែល​រកស៊ី​ខាងធ្វើ​ពាណិជ្ជកម្មទៅលើ​ទីផ្សារប្រេង និង​ថាមពល​រុស្ស៊ី។ មនុស្ស​ម្នាក់ទៀត ដែល​អាមេរិក​ដាក់ទណ្ឌកម្ម​ដែរ គឺ​លោក​Igor Sechin ប្រធាន​ក្រុមហ៊ុន​ប្រេង​Rosneft។ ចំណែក​ទ្រព្យសម្បត្តិ​របស់​បងប្អូនត្រកូល Rotenberg ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​រុស្ស៊ី ទទួល​រៀបចំ​កីឡាអូឡាំពិក​នៅ​ស៊ូជី​កន្លងទៅ​ក៏ត្រូវ​អាមេរិក​ផ្អឹបទុកដែរ។ គេ​វាយតម្លៃថា បងប្អូន​ត្រកូល​Rotenberg នេះ​ស្និទ្ធ​នឹង​លោកពូទីន ដោយសារ​តែ​ពួកគេ​ជា​សមាជិក​របស់​ក្លឹប​យូដូ​ជាមួយ​លោកពូទីន​តាំងពី​នៅ​ក្មេង។

ក្រៅតែ​មនុស្ស​ស្និទ្ធ​នឹង​លោកពូទីន រដ្ឋបាល​អាមេរិក​ផ្តោត​ផង ដែរ​ដាក់​ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន​ធនាគារ​រុស្ស៊ី តូចៗ និង​ក្រុមមន្រ្តី​រដ្ឋាភិបាល​រុស្ស៊ី ដែល​មាន​តាំង​ពី​អនុនាយករដ្ឋមន្រ្តី​រុស្ស៊ី និង​ប្រធានក្រុម​បុគ្គលិក​របស់​វិមាន​ប្រធានាធិបតី ដែល​អាមេរិក​ជឿថា ជាអ្នកផ្តល់​ប្រឹក្សា ជំរុញ​ឲ្យ​លោកពូទីន លូកដៃ​ចូលទៅឈ្លានពាន​នៅ​អ៊ុយក្រែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ