អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុមឧទ្ទាម​អ៊ុយក្រែន​ព្រម​សហការ​ជាមួយ​អ្នកស៊ើបអង្កេត​អន្តរជាតិ

សំឡេង ០៧:១៥
អ្នកជំនាញ​ម៉ាឡេស៊ី​ពិនិត្យមើល​ប្រអប់ខ្មៅ​របស់​យន្តហោះ ដែល​ក្រុម​ឧទ្ទាម​អ៊ុយក្រែន​ប្រគល់​ឲ្យ​នៅថ្ងៃ​អង្គារ​ទី ២២​កក្កដា ២០១៤
អ្នកជំនាញ​ម៉ាឡេស៊ី​ពិនិត្យមើល​ប្រអប់ខ្មៅ​របស់​យន្តហោះ ដែល​ក្រុម​ឧទ្ទាម​អ៊ុយក្រែន​ប្រគល់​ឲ្យ​នៅថ្ងៃ​អង្គារ​ទី ២២​កក្កដា ២០១៤ REUTERS/Maxim Zmeyev
ដោយ៖ ឈាង បុប្ផា
៤២ នាទី

ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត​​លើ​សេចក្តីសម្រេច​ មួយ​កាល​ពី​ថ្ងៃ​ចន្ទ ដែល​ថ្កោលទោស​លើ​ការវាយប្រហារ​យន្តហោះ​ដឹកអ្នកដំណើរ​ម៉ាឡេស៊ី MH ១៧។ នៅ​កន្លែង​កើតហេតុ ដែល​ស្ថិតនៅ​ក្នុង​តំបន់​ជម្លោះ​ប្រដាប់​អាវុធ នៅប្រទេស​អ៊ុយក្រែន អ្នកជំនាញការអន្តរជាតិ​បាន​អះអាងថា ពួកគេ​ត្រូវ​ក្រុម​ឧទ្ទាម​ ដែល​ទាមទារ​បំបែក​ទឹកដី​អ៊ុយក្រែន ​បើកភ្លើង​ខៀវ​ឲ្យ​ចូល​កន្លែង​ផ្ទុះ ធ្លាក់​ឆេះ​យន្តហោះ។ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារទី ២២ កក្កដា ក្រុម​ឧទ្ទាម​អ៊ុយក្រែន​បាន​ប្រគល់​ប្រអប់ខ្មៅ​ពីរ​របស់​យន្តហោះ​ទៅ​ឲ្យ​អាជ្ញាធរ​ម៉ាឡេស៊ី ដែល​ជា​អ្នក​ទទួល​បន្ទុក​ស៊ើបអង្កេត​រក​មូលហេតុ​យន្តហោះ​ធ្លាក់។​​ 

ផ្សាយពាណិជ្ជកម្ម

ក្រុមឧទ្ទាម​អ៊ុយក្រែន​បាន​យល់​ព្រម​បើក​ផ្លូវ​ដល់​ក្រុមស៊ើបអង្កេត​អន្តរជាតិ នៅ​ថ្ងៃ​ចន្ទ គឺ​ប៉ុន្មាន​ម៉ោងមុន​​​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​បោះឆ្នោត​ចេញ​សេចក្តី​សម្រេច​។ អ្វី​ដែល​គួរ​ឲ្យ​កត់សំគាល់ គឺ​រុស្ស៊ី ដែល​ត្រូវ​គេ​ចោទ​ថា ជា​អ្នកគាំទ្រ​ក្រុម​ឧទ្ទាម​អ៊ុយក្រែន ប៉ុន្តែ ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​បាន​បោះឆ្នោត លើកដៃ គាំទ្រ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា ដែល​មាន​ការចូលរួម​ពី​សមាជិក ១៥​ប្រទេស កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ។ នេះ​ជា​ឥរិយាបទដ៏​​កម្រ​របស់​រុស្ស៊ី ដែល​កន្លងមក ធ្លាប់​តែ​វេតូ ប្រឆាំង​មិន​ឲ្យ​មាន​សេចក្តី​សម្រេច​ដែល​អាច​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ក្រុម​សម្ព័ន្ធមិត្ត​របស់​ខ្លួន។ គេ​​វាយតម្លៃ​ថា រុស្ស៊ី​នឹង​ស្ថិត​ក្រោម​ព្យុះរិះគន់ និង​បន្ទោស​កាន់តែខ្លាំង នៅក្នុង​រឿង​វិបត្តិ​អ៊ុយក្រែន បើ​សិន ជា​រុស្ស៊ី​បោះឆ្នោត​ជំទាស់​មិន​ឲ្យ​ចេញ​សេចក្តី​សម្រេច​ នៅក្នុង​រឿង​ធ្លាក់​យន្តហោះម៉ាឡេស៊ី​នៅក្នុង​ទឹកដី​អ៊ុយក្រែន។

 
អ្នកជំនាញការ​អន្តរជាតិ ជាពិសេស​ក្រុម​អ្នកស៊ើបអង្កេត​មក​ពី​ប្រទេស​ហូឡង់​វិញ​ដែល​ត្រូវ​ពួក​ឧទ្ទាម​អ៊ុយក្រែន រារាំង​មិន​ឲ្យ​ចូល​ក្នុង​កន្លែង​ធ្លាក់​យន្តហោះ បាន​និយាយថា ពួកគេ​ត្រូវ​បាន​បើក​ឲ្យ​ចូល​ដោយ​សេរី ទៅ​ពិនិត្យ​ទីតាំង​ធ្លាក់យន្តហោះ​កាលពី​ថ្ងៃចន្ទ។ ទំនង​មើលទៅ ក្រុមឧទ្ទាម​​បាន​ទទួល​បញ្ជា​ពី​ទីក្រុង​ម៉ូស្គូ​ដែល​នៅទីបំផុត​បានយល់​ព្រម​បោះឆ្នោត​គំាទ្រ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ។

សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ កាលពី​ថ្ងៃ​ចន្ទ ទាមទារ​​ដំបូង​ឲ្យ​ក្រុម​ផ្តាច់​ទឹកដី​និយម​អ៊ុយក្រែន​បើក​ផ្លូវ​ដល់​ក្រុមស៊ើបអង្កេត​អន្តរជាតិទៅក្នុង​កន្លែង​ផ្ទុះ​ធ្លាក់​យន្តហោះ និង​ទាមទារ​ឲ្យ​ក្រុម​ឧទ្ទាម​ដកខ្លួន ឈប់​ធ្វើ​សកម្មភាព ទាំងឡាយណា ដែល​អាច​ប៉ះពាល់ ឬ​បំផ្លាញ​​ស្លាកស្នាម ដែល​ជា​ភស្តុតាង​សំខាន់ សម្រាប់​បញ្ជាក់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យន្តហោះ​​ធ្លាក់។

សេចក្តី​សម្រេច​ដែល​រៀបចំសរសេរ​ដោយ​ប្រទេសអូស្ត្រាលី​បាន​បញ្ជាក់​ផងដែរ សុំ​ឲ្យ​ប្រទេស និង​ក្រុម​មនុស្ស​ពាក់ព័ន្ធ​ចូលរួម​សហការ​ជាមួយ​ក្រុម​អ្នកស៊ើបអង្កេត ដើម្បី​រកមុខ​ជន​ដៃដល់​ដែល​បាន​វាយប្រហារ​ទៅលើ​យន្តហោះ ប៉ុន្តែ យ៉ាងណាក៏ដោយ សេចក្តី​សម្រេច​នេះ​មិន​បាន​ចែង​ពី​ការដាក់​ទណ្ឌកម្ម នៅក្នុង​ករណី​ក្រុម​ឧទ្ទាម​មិន​គោរព​តាម​នោះទេ។

តាម​មន្រ្តី​ទូត​ម្នាក់​នៅ​អង្គការ​សហប្រជាជាតិ អត្ថបទ​ស្នើ​ដោយ​ប្រទេស​អូស្ត្រាលី​ត្រូវ​បាន​កែតម្រូវ​ពីរដង នៅមុន​ការបោះឆ្នោត​របស់​ក្រុមប្រឹក្សា​សន្តិសុខ ពោល​គឺ​ធ្វើ​យ៉ាងណា​ដើម្បីឲ្យ​​​រុស្ស៊ី​យល់ព្រម​បោះឆ្នោត​គាំទ្រ។ ត្រូវ​ដឹងថា តាំងពី​ដំបូងទី រុស្ស៊ី​បាន​​ព្យាយាម​កាត់បន្ថយ​ឲ្យ​បាន​អតិបរមា​ការចូលរួម​របស់​រដ្ឋាភិបាល​អ៊ុយក្រែន​​នៅក្នុង​ការងារ​ស៊ើប​អង្កេត​​ទៅលើ​យន្តហោះ​ធ្លាក់។ មួយវិញទៀត ទៅតាម​ការទាមទារ​របស់​រុស្ស៊ី នៅក្នុង​សេចក្តីសម្រេច​ព្រាង គេ​បាន​លុបចោល​ពាក្យ​បាញ់​ទៅលើ​យន្តហោះ និង​ជំនួស​វិញ​ដោយ​ពាក្យ​វាយប្រហារ​ដែល​ធ្វើ​យន្តហោះ​ផ្ទុះ​ធ្លាក់។ រុស្ស៊ី​ទាមទារ​ដូច្នេះ ព្រោះ​មិន​ចង់​ឲ្យ​គេ​ជឿ​តាម​​ការសន្និដ្ឋាន​ដំបូង ​របស់​អាមេរិក និង​ប្រទេស​អ៊ុយក្រែន​ដែល​​ថា យន្តហោះ​ដឹកអ្នកដំណើរ​ម៉ាឡេស៊ី​ត្រូវ​ឆេះ​ធ្លាក់ដោយសារ​គ្រាប់​មីស៊ីល ដែល​បាញ់​ចេញ​ពី​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​បះបោរ​អ៊ុយក្រែន។

រូបភាព​ផ្កាយ​រណប​បង្ហាញ​ទីតាំង​ដែល​យន្តហោះ​ម៉ាឡេស៊ី​MH &១៧​ផ្ទុះ​ធ្លាក់​ឆេះ​នៅក្នុង​ទឹកដី​ភាគខាងកើត​អ៊ុយក្រែន
រូបភាព​ផ្កាយ​រណប​បង្ហាញ​ទីតាំង​ដែល​យន្តហោះ​ម៉ាឡេស៊ី​MH &១៧​ផ្ទុះ​ធ្លាក់​ឆេះ​នៅក្នុង​ទឹកដី​ភាគខាងកើត​អ៊ុយក្រែន ©REUTERS/DigitalGlobe/Handout via Reuters

តើ​ដំណើរ​ការស៊ើបអង្កេត​នឹង​ប្រព្រឹត្ត​ទៅ​យ៉ាងម៉េច​?
ប្រទេស​ដែល​មាន​ប្រជាជន​ខ្លួន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ដូចជា​ហូឡង់ អូស្ត្រាលី អង់គ្លេស និង​ម៉ាឡេស៊ី​ជាដើម សុទ្ធ​តែ​បាន​ចូលរួមនៅក្នុង​ស៊ើបអង្កេត។ តុលាការ​ហូឡង់នឹង​បើក​ការស៊ើបអង្កេត​ទៅលើឧក្រិដ្ឋកម្ម និង​បទឧក្រិដ្ឋ​សង្រ្គាម ដែល​ធ្វើ​ឲ្យ​យន្តហោះដឹកអ្នកដំណើរ​ត្រូវ​រង​ការ​វាយប្រហារ​ដោយ​ចេតនា​។ អ្នកជំនាញ ហូឡង់​ អូស្ត្រាលី នឹង​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​សាកសព ដែល​គេ​បាន​ដឹកចេញ​ពី​កន្លែង​កើតហេតុ យក​ទៅទុក​ក្នុង​ទីក្រុង​ខាគៀវ ដែល​ជា​ទឹកដី​របស់​រដ្ឋាភិបាល​អ៊ុយក្រែន នៅថ្ងៃ​អង្គារ​នេះ។

ចំណែក​អាជ្ញាធរ​បស់​ម៉ាឡេស៊ី ដោយ​មាន​ជំនួយ​ពី ប៉ូលិស​អន្តរជាតិ Interpole នឹង​សិក្សា​ទៅលើ​ព័ត៌មាន​ដែល​មាននៅក្នុងប្រអប់​ខ្មៅ​ទាំងពីរ​របស់​យន្តហោះ។ ប្រអប់ខ្មៅ​នឹង​អាច​ឲ្យ​គេ​ដឹង​ពី​កំពស់ ទីតាំង ដែល​យន្តហោះ​ត្រូវ​រង​ការវាយប្រហារ។ នៅថ្ងៃ​នេះ អាជ្ញាធរ​រុស្ស៊ី​បាន​បញ្ចេញ​សម្មតិកម្ម​ថ្មីមួយដែល​ថា កងទ័ព​អ៊ុយក្រែន​ជាអ្នកវាយប្រហារ​​ ទៅលើ​យន្តហោះ​ម៉ាឡេស៊ី ព្រោះ​យន្តហោះ​ចម្បាំង​របស់​អ៊ុយក្រែន បាន​ស្ថិតនៅ​ចម្ងាយ​ប្រមាណជាង​បី​គីឡូម៉ែត្រ​ពី​យន្តហោះ​ម៉ាឡេស៊ី នៅ​ថ្ងៃ​ធ្លាក់​យន្តហោះ។

យន្តហោះ​ត្រូវ​រងវាយប្រហារ​ដោយសារ​អ្វី ហើយ​ចេញ​ពី​ប្រភពណា? គេ​នឹង​ដឹង​ព័ត៌មាននេះ នៅពេល​គេ​សិក្សា​ទៅលើ​​​ស្លាកស្នាម ដែល​បន្សល់​ទុក​នៅលើ​បំណែក​យន្តហោះ។

អឺរ៉ុប​មិន​ងាយ​នឹង​ដាក់​ទណ្ឌកម្ម​ខ្លាំង​ទៅលើ​រុស្ស៊ី
បើទោះបី​ជា​រុស្ស៊ី​មិន​បន្ទន់ជំហរ គាំទ្រ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ ក៏គេ​មើល​ឃើញ​ថា សហភាព​អឺរ៉ុប​នឹង​មិន​អា​ច​មូលមតិ​គ្នា ដើម្បី​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៅ​រុស្ស៊ី ដូច​ដែល​​អឺរ៉ុប​ធ្លាប់​គំរាមនោះទេ។ បើ​សិន​ជាមាន​ទណ្ឌកម្មចេញ​នៅថ្ងៃ​អង្គារ​ នោះ​គ្រាន់តែ​ជា​ទណ្ឌកម្ម​ដែល​គេ​ដាក់​ទៅលើ​បុគ្គល ដូចដែល​អឺរ៉ុប​ធ្លាប់​ដាក់​ទៅលើ​ជនជាតិ​រុស្ស៊ី និង​អ៊ុយក្រែន ៧២​នាក់ ដើម្បី​ប្រឆាំង​នឹង​នយោបាយ​ភ្ជាប់​តំបន់គ្រីមេ​របស់​អ៊ុយក្រែន​ចូលទៅក្នុង​ប្រទេស​រុស្ស៊ី។ អឺរ៉ុប​កម្រ​នឹង​ ចុះសម្រុងគ្នា​ដើម្បី​ដាក់​ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី​ ដោយ​មូលហេតុ​ផលប្រយោជន៍​សេដ្ឋកិច្ច​ដែល​ប្រទេស​សមាជិក​នីមួយៗ របស់​អឺរ៉ុប​មាន​ជាមួយ​រុស្ស៊ី។ រុស្ស៊ី​ជា​ដៃគូពាណិជ្ជកម្ម និង​ម្ចាស់​ផ្គត់ផ្គង់​ឧស្ម័ន​របស់​អឺរ៉ុប។

ជាក់ស្តែង នៅមុន​ថ្ងៃ​ប្រជុំ​របស់​រដ្ឋមន្រ្តីការបរទេស​អឺរ៉ុប អង់គ្លេស និង​បារាំង​បាន​ឈ្លោះ​ប្រកែកគ្នា ដោយសារ​តែ​អង់គ្លេស​បាន​រិះគន់​បារាំង​ពី​រឿង​លក់​នាវា​ដឹកឧទ្ធម្ភាគចក្រ​Mistral​របស់ខ្លួន​ទៅ​រុស្ស៊ី។ អង់គ្លេស​ចង់​ឲ្យ​មាន​ទណ្ឌកម្ម​បន្ថែម​ទៅលើ​រុស្ស៊ី ដោយ​លើកនេះ​ផ្តោត​ទៅលើ​បច្ចេកវិទ្យា​ដែល​រុស្ស៊ី​អាច​យក​ទៅប្រើ​ដើម្បី​ប្រយោជន៍​យោធា។ ប៉ុន្តែ បារាំង​ធ្លាប់​បាន​ចុះ​កិច្ចសន្យា​ លក់​នាវា​ចម្បាំង​របស់ខ្លួន ទៅ​​រុស្ស៊ី នៅ​ឆ្នាំ ២០១១ ហើយ​នាវា​ចម្បាំង​ទីមួយ នឹង​ត្រូវ​បញ្ជូន​ទៅ​រុស្ស៊ី​នៅ​ខែ​តុលា​ខាងមុខ។ កាលពី​ថ្ងៃ​ម្សិលមិញ លោក​ប្រធានាធិបតី​​បារំាង បាន​អះអាង​ថា ក្នុង​រឿង​បញ្ជូន​​នាវាចម្បាំង​ទៅ​ឲ្យ​រុស្ស៊ី ឬ​អត់នោះ បារាំង​​នឹងពិនិត្យ​ទៅលើ​ជំហរ​របស់​រុស្ស៊ី នៅក្នុង​វិបត្តិ​អ៊ុយក្រែន និងគោរព​ទៅតាម​ការ​សម្រេច​ដាក់​ទណ្ឌកម្ម​របស់​អឺរ៉ុប។ ប៉ុន្តែ រហូត​មកដល់​ពេលនេះ គ្មាន​អំណះអំណាង​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​បារាំង​ឈប់​បញ្ជូន​លក់​នាវាចម្បាំង​ទៅឲ្យ​រុស្ស៊ីទេ។ តាម​អ្នកជំនាញ​ខ្លះ បើទោះបី​ជាសហភាព​អឺរ៉ុបបោះឆ្នោត​ឲ្យ​មាន​ការដាក់​ទណ្ឌកម្មទៅលើ​រុស្ស៊ី ប៉ុន្តែ បារាំង​មិន​ងាយ​នឹង​បោះបង់​ចោល​គំរោង​វិនិយោគ​ជាមួយ​រុស្ស៊ី ព្រោះថា បើ​បារាំង​មិនចង់​សង​លុយ​ជាង​មួយពាន់​លាន​ដុល្លារ ដែល​រុស្ស៊ី​បាន​​ប្រគល់​រួចហើយ ទៅ​ឲ្យ​បារំាង ដើម្បីសាងសង់​នាវា​ចម្បាំងនោះទេ៕

 ​​
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ