EUចង់ឱ្យអ្នកសារព័ត៌មានខ្មែរចេះប្រើប្រាស់Internetកាន់តែទូលំទូលាយ
នៅព្រឹកថ្ងៃទី ២៧មករានេះ ប្រតិភូសហភាពអឺរុប ហៅកាត់ថា EU បានទៅបំពេញទស្សនកិច្ចនៅក្លឹបអ្នកកាសែតកម្ពុជា ក្នុងទីក្រុងភ្នំពេញ។ ជាទស្សនកិច្ច ដើម្បីគាំទ្រដល់ការភ្ជាប់សេវាអ៊ីនធឺណិតសម្រាប់អ្នកសារព័ត៌មាន នៅក្លឹបអ្នកកាសែតកម្ពុជា។ ឯកអគ្គរដ្ឋទូត EU ប្រចាំកម្ពុជា យល់ថា អ៊ីនធឺណិត មានសារៈសំខាន់ណាស់ សម្រាប់ការស្វែងរកព័ត៌មានរបស់អ្នកកាសែត ហើយលោកក៏ចង់ឲ្យអ្នកសារព័ត៌មានខ្មែរ ក្នុងស្រុក ចេះប្រើប្រាស់ប្រព័ន្ធនេះ ឲ្យកាន់តែទូលំទូលាយផងដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
EU និងក្លឹបអ្នកកាសែតកម្ពុជា (CCJ) នៅថ្ងៃទី ២៧មករា បានធ្វើសេចក្តីប្រកាស អំពីការបន្តកិច្ចគាំទ្រ ដល់ការភ្ជាប់សេវាអ៊ីនធឺណិត សម្រាប់អ្នកសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។ ជំនួយដែល EU ផ្តល់ដល់ក្លឹបអ្នកកាសែតនោះ រួមមាន ម៉ាស៊ីនកុំព្យូទ័រ និងម៉ាស៊ីនបោះពុម្ព ព្រមទាំងការបង្កើនល្បឿននៃការតភ្ជាប់បណ្តាញអ៊ីនឌឺណិតផងដែរ។
តាមលោកប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ជំនួយទាំងនេះ មើលទៅហាក់បីដូចជាតិចតួច សម្រាប់បណ្តាប្រទេសនៅអឺរុប ប៉ុន្តែវាមានន័យធំធេង សម្រាប់ប្រទេសកម្ពុជា។ ធំធេង ដោយសារលោកប៉ែន បូណា មើលឃើញថា អ្នកសារព័ត៌មានក្នុងស្រុកមួយចំនួន នៅប្រទេសកម្ពុជា មិនទាន់ទទួលបានគ្រប់គ្រាន់នៅឡើយ នូវប្រព័ន្ធបច្ចេកវិទ្យា ដើម្បីតាមឲ្យទាន់បណ្តាប្រទេសជឿនលឿននានា។
លោកប៉ែន បូណា យល់ឃើញថា ដោយសារតែកម្ពុជា បានចូលក្នុងសមាហរណកម្មអាស៊ានរួចហើយ ដូច្នេះអ្នកសារព័ត៌មានទាំងអស់ គួរតែយល់ដឹងឲ្យបានកាន់តែទូលំទូលាយពីការធ្វើការងារតាមអ៊ីនធឺណិត ដើម្បីបង្កភាពងាយស្រួល ក្នុងការយក និងផ្តល់ព័ត៌មាន ទៅឲ្យពលរដ្ឋ ឲ្យបានឆាប់រហ័ស។
តាមប្រធានក្លឹបអ្នកកាសែតកម្ពុជាដដែល អ្នកសារព័ត៌មាន ដែលចង់ដឹងពីការប្រើប្រាស់អ៊ីនធឺណិត អាចទៅក្លឹបអ្នកកាសែត ក្នុងទីក្រុងភ្នំពេញ ដើម្បីទទួលបានការបណ្តុះបណ្តាល និងប្រើប្រាស់អ៊ីនធឺណិត ដោយឥតគិតថ្លៃ។
ចំណែកឯកអគ្គរដ្ឋទូតសហភាពអឺរុបថ្មី គឺលោក George Edgar បានឲ្យដឹងថា ដោយសារ EU ចង់ឲ្យអ្នកសារព័ត៌មានខ្មែរ មានជំនាញ និងវិជ្ជាជីវៈ ក្នុងការរាយការណ៍ និងសរសេរព័ត៌មាន ឲ្យបានច្បាស់លាស់ និងមានគុណភាពពិតប្រាកដ ទើប EU បានគាំទ្រ និងមានបំណងបន្តគាំទ្រ ដល់ការបង្កើតអ៊ីនធឺណិត កាហ្វេ (EU-CCJ) ដល់អ្នកសារព័ត៌មានកម្ពុជា។
គួរជម្រាបជូនថា ក្លឹបអ្នកកាសែតកម្ពុជា បានបង្កើតឡើង តាំងពី ២០០០ ដោយទទួលបានការគាំទ្រពីអង្គការអាល្លឺម៉ង់មួយ ហើយឆ្នាំ ២០០៨ ទើបក្លឹបនេះ បានទទួលជំនួយលើគម្រោងអ៊ីនធឺណិតពីសហភាពអឺរុប។ មកដល់ពេលនេះ ក្លឹបមានសមាជិកជាង ៣០០នាក់ មកពីប្រមាណ ៥៧ស្ថាប័នសារព័ត៌មានផ្សេងៗ នៅទូទាំងប្រទេសកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ