នាយករដ្ឋមន្រ្តីអេហ្ស៊ីបប្រកាសដាក់ទណ្ឌកម្មប៉ូលិសដែលបានសម្លាប់ក្រុមបាតុករ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កាលពីថ្ងៃសុក្រ ទី០៨កក្កដា កន្លងទៅ ប្រជាជនអេហ្ស៊ីបជាច្រើននាក់បានធ្វើការតវ៉ា ពីការមិនអើពើរបស់រដ្ឋាភិបាលថ្មី ដាក់ទណ្ឌកម្មទៅលើប៉ូលិសដែលបានសម្លាប់ក្រុមបាតុករ កាលពីបាតុកម្មប្រឆាំងនឹងអតីតប្រធានាធិបតីចាស់ គឺលោក Hosni Moubarak។ ដើម្បីពន្លត់កំហឹងនេះ លោកនាយករដ្ឋមន្រ្តី Essam Charaf បានចេញមុខ ប្រកាសអះអាងនៅថ្ងៃសៅរ៍ម្សិលមិញថា ក្រុមប៉ូលិសដែលពាក់ព័ន្ធនឹងត្រូវដកចេញពីតំណែង និងទទួលការកាត់ទោសតាមផ្លូវច្បាប់។
នាយករដ្ឋមន្រ្តីអេហ្ស៊ីបថ្មី លោក Essam Charaf បានអះអាងថា លោកបានបញ្ជារួចហើយអោយក្រសួងមហាផ្ទៃបញ្ឈប់ការងារប៉ូលិសទាំងឡាយណា ដែលត្រូវបានចោទប្រកាន់ថាបានសម្លាប់ពួកបាតុករ នៅក្នុងការតវ៉ាកន្លងមកប្រឆាំងនឹង អតីតប្រធានាធិបតីចាស់លោក Moubarak។ ការតវ៉ាដែលបានបណ្តាលអោយមនុស្សប្រមាណ៨៥០នាក់ ស្លាប់បាត់បង់ជីវិត។
នាយករដ្ឋមន្រ្តីរូបនេះក៏បានទាមទារអោយតុលាការចាត់វិធានការអោយបានលឿន ទៅលើជនជាប់ចោទដែលជាប់ពាក់ព័ន្ធទៅនឹងការបង្រ្កាបបាតុកម្ម និងអំពើពុករលួយ ពីមុនមក ជាពិសេសមេដឹកនាំធំៗនៃរបបផ្តាច់ការលោកMoubarak។
ប៉ុន្តែ សុន្ទរកថាអះអាងនេះ មិនបានធ្វើអោយក្រុមបាតុករស្ងប់ចិត្តនោះទេ។ ផ្ទុយទៅវិញ វាបានធ្វើអោយកំហឹងរបស់ពួកគេ ឆាបឆេះ កាន់តែខ្លាំងឡើងដោយពួកគេរិៈគន់តបតទៅវិញថា វាគ្រាន់តែជាវិធានការតូចតាចដែលល្អតែមើល តែមិនមានប្រសិទ្ធិភាពអ្វីនោះទេ។ ពួកគេបានស្រែកអះអាងថា ពួកគេមិនព្រមចាកចេញពីទីលាន Tahrir ដែលជាទីបាតុកម្មរបស់ខ្លួនបច្ចុប្បន្ននោះទេ។ ការខកចិត្តនេះ ក៏ដោយសារតែមកទល់នឹងសព្វថ្ងៃ មានប៉ូលិសតែម្នាក់គត់ ដែលត្រូវបានកាត់ទោសដោយកំបាំងមុខ។
ភាពយឺតយ៉ាវនៃប្រព័ន្ធច្បាប់នេះហើយ ដែលបានធ្វើអោយពួកគេសំរេចចិត្តចុះមកតវ៉ាសាជាថ្មីម្តងទៀត នៅតាមដងវិថីជាច្រើន ក្នុងទីក្រុង Caire បន្ចាប់ពីការរក្សាភាពស្ងប់ស្ងាត់អស់រយៈជាច្រើនខែ ក្រោយពីលោកMoubarak ចុះចេញពីតំណែងមក។
គួរបញ្ជាក់ដែរថាអតីតប្រធានាធិបតីចាស់ កំពុងតែជាប់ឃុំនៅក្នុងមន្ទីរពេទ្យមួយក្នុងប្រទេសអេហ្ស៊ីប។សវនាការរបស់លោកគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣ សីហាខាងមុខនេះ។ ស្របពេលជាមួយគ្នាដែរ អតីតរដ្ឋមន្រ្តីជាច្រើនរូបរបស់គាត់ ក៏កំពុងជាប់ឃុំឃាំងផងដែរ។
លោកMoubarak ដែលមានវ័យ៨២ឆ្នាំ ត្រូវបានចោទប្រកាន់ថាបានដឹកនាំប្រទេសមួយនេះចូលទៅក្នុងរបបផ្តាច់ការជិត៣០ឆ្នាំ ដែលក្នុងនោះលោកបានប្រព្រឹត្តអំពើពុករលួយ និងបានបំបិទសិទ្ធិសេរីភាពប្រជាជន។ លោកត្រូវបានទម្លាក់ចេញពីតំណែង កាលពីខែកុម្ភៈកន្លងទៅ ដោយចលនាបះបោរជាច្រើនលើកច្រើនសារបស់មហាជនអេហ្ស៊ីប។ ចលនាបះបោរដែលមានរូបលោក Charaf នាយករដ្ឋមន្រ្តីថ្មី ចូលរួមយ៉ាងស្វិតស្វាញផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ