ប្រជាមតិស្តីពីរដ្ឋធម្មនុញ្ញនឹងប្រព្រឹត្តទៅនៅថ្ងៃ១៩មីនា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កាលបរិច្ឆេទនៃប្រជាមតិស្តីពីរដ្ឋធម្មនុញ្ញត្រូវបានកំណត់ធ្វើនៅ ថ្ងៃ១៩មីនាខាងមុខនេះ។ប្រជាជនអេហ្ស៊ីបត្រូវបញ្ចេញមតិស្តីពី វិសោធនកម្មចំពោះបច្ចុប្បន្នរដ្ឋធម្មនុញ្ញដែលត្រូវបានព្យួរដោយកងទ័ព។គណៈកម្មការអ្នកយុត្តិសាស្ត្រជញ្ជឹងគិតអំពីកំណែទម្រង់ដែលទាក់ទង ជាសារវន្តទៅនឹងមាត្រាចំនួន៨ដែលចែងជាឩទាហរណ៍អំពីអាណត្តិ ប្រធានាធិបតីឬក៏ការចាត់តាំងការបោះឆ្នោត។
សេចក្តីរាយការណ៍របស់ Alexandre BUCCIANTI ពីទីក្រុងគែរ ប្រែសម្រួលដោយ វីនស្តុន រតនា
កងទ័ពចង់ពន្លឿនដំណើរការនេះ ដើម្បីវិលត្រឡប់ទៅរកស្ថានភាពប្រក្រតីវិញ។ ឃើញថា អ្នកបោះឆ្នោតមានពេល២សប្តាហ៍ ដើម្បីគិតបញ្ចេញមតិមុនពេលធ្វើប្រជាមតិ។ ក្នុងកាលៈទេសៈដទៃទៀត គឺជារយៈពេលខ្លីពេក ប៉ុន្តែហួសពីគ្រប់គ្រាន់ទៅទៀត ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ។
ជនជាតិអេហ្ស៊ីបគ្រប់រូបយល់ស្របថា រាល់ការធ្វើវិសោធនកម្មចំពោះរដ្ឋធម្មនុញ្ញអាចផ្តល់តែគុណប្រយោជន៍។ អ្នកខ្លះគិតថា យើងពុំបានទៅឱ្យបានវែងឆ្ងាយល្មមទេ នៅក្នុងការផ្លាស់ប្តូរ។ អ្នកខ្លះទៀតយល់ឃើញថា អាណត្តិប្រធានាធិបតី៤ឆ្នាំខ្លីពេក។ ប៉ុន្តែ បើពិនិត្យឱ្យហ្មត់ចត់ទៅ ការនេះពិតជាពុំសំខាន់ខ្លាំងណាស់ណាទេ ដោយហេតុថាល្គឹកណាប្រទេសជាតិនឹងមានប្រធានាធិបតី និងរដ្ឋសភា ល្គឹកនោះយើងនឹងខំប្រឹងតាក់តែងរដ្ឋធម្មនុញ្ញថ្មី។ ជាការដ្ឋានមួយដែលនឹងមានការប៉ះទង្គិចគ្នារវាងចរន្តគំនិតផ្សេងៗ ចាប់ពីចរន្តឆ្វេងនិយមរហូតដល់ភាតរបុត្រអ៊ីស្លាម ដោយឆ្លងកាត់ពួកអ្នកសេរីនិយម។
អ្វីដែលសំខាន់គឺការធានាឲ្យមានតម្លាភាពនៃការបោះឆ្នោតដែលចាប់តាំងពីរដ្ឋប្រហារយោធា នៅឆ្នាំ១៩៥២មក រមែងតែងតែត្រូវបានក្លែងបន្លំ។ កត្តាមួយទៀតដ៏សំខាន់ណាស់ដែរគឺ ចំនួនអ្នកចូលរួមធ្វើប្រជាមតិ។ ឧត្តមក្រុមប្រឹក្សានៃកងទ័ពបានសំរេចចិត្តថា ពលរដ្ឋរាល់រូបដែលមានអត្តសញ្ញាណប័ណ្ណជាតិអាចទៅបោះឆ្នោតនៅការិយាល័យជិតបំផុត។ នៅអតីតកាល អ្នកបោះឆ្នោតមានចំនួនតិចណាស់ ទោះបីជាផ្លូវការ ថាមានអ្នកទៅបោះឆ្នោតចំនួនច្រើនបំផុតក្តី។ប្រហែលជាគេឲ្យខ្មោចដែលគេរុំទុកតម្កល់ទុកនៅក្នុងសារមន្ទីរទៅបោះឆ្នោតទេដឹង?!
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ