អានតួអត្ថបទ
អេហ្ស៊ីប

រដ្ឋាភិបាល​បាន​សុំ​លា​ឈប់​ពី​តំណែង​

ការ​ប្រយុទ្ធគ្នា​នៅ​តាម​ផ្លូវ​ជិត​ទីលានសេរីភាព Tahrir, ទីក្រុង​ Caire,​ ថ្ងៃទី​ ២១​​ វិច្ឆិកា​២០១១.
ការ​ប្រយុទ្ធគ្នា​នៅ​តាម​ផ្លូវ​ជិត​ទីលានសេរីភាព Tahrir, ទីក្រុង​ Caire,​ ថ្ងៃទី​ ២១​​ វិច្ឆិកា​២០១១. REUTERS/Amr Abdallah Dalsh
ដោយ៖ វីនស្តុន រតនា
១៤ នាទី

បន្ទាប់​ពី​​មាន​​អំពើ​​ហិង្សា​​បី​​ថ្ងៃ​​មក​ រដ្ឋាភិបាល​​អេហ្ស៊ីប​ បាន​​សុំ​លា​​ឈប់​​ពី​​តំណែង​​នៅ​​ល្ងាច​​ថ្ងៃ​​ចន្ទ​​ម្សិលមិញ ​២១​ វិច្ឆិកា។ ​ឧត្តម​​ក្រុម​​ប្រឹក្សា​​នៃ​​កង​​កម្លាំង​​ប្រដាប់​​អាវុធ​ ពុំ​​ទាន់​​បាន​​សំរេច​​ចិត្ត​នៅ​​​ឡើយ ​​តើ​​​ខ្លួន​​​យល់​​​ព្រម​​​ឬ​​​ក៏​​​បដិសេធ​​ ការ​​​សុំ​​​លា​​​ឈ​ប់​​​ពី​​​តំណែង​​​នៃ​​​រដ្ឋាភិបាល​​​និង​​​នៅ​​​ក្នុង​​​សេចក្តី​​​ជូន​​​ដំណឹង​​​មួយ ​​បាន​​​អំពាវនាវ​​​គ្រប់​​​តែ​​​កម្លាំង​​​នយោបាយ​​​នៃ​​​ប្រទេស​​​ឲ្យ​​​រួម​​​ប្រជុំ​​​គ្នា​​​ជា​​​បន្ទាន់។​ ​ឧត្តម​​ក្រុម​​​ប្រឹក្សា​​​​ក៏​​ទាំង​​សូម​​ឲ្យ​​ប្រជាជន​​អេហ្ស៊ីប ​ធ្វើ​​រាល់​​អ្វីៗ​ ដើម្បី​​ឲ្យ​​សភាពការណ៍​​ស្ងប់​​ទៅ​​វិញ។ ​អំពើ​​ហិង្សា​​នៅ​​ប៉ុន្មាន​​ថ្ងៃ​​ចុង​​ក្រោយ​​នេះ ​បាន​​បណ្តាល​​ឲ្យ​​ស្លាប់​​មនុស្ស​ ២៦​​នាក់​​-ស្រប​តាម​​ក្រសួង​​សុខាភិបាល​​អេហ្ស៊ីប។​ អង្គការ​​ការពារ​​សិទ្ធិ​មនុស្ស​​អន្តរជាតិ​ Amnesty​ International​​ ភ័យ​​​បារម្ភ​​​ខ្លាំង​​​ណាស់​​​នឹង​​​សភាពការណ៍​​​ចុះ​​​ដុនដាប។​

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​គ្រាន់តែ​ជា​អ្នក​ប្រតិបត្តិ ព្រម​ជាមួយ​គណៈរដ្ឋមន្ត្រី​ដែល​ទទួល​បញ្ជា​ពី​ទីបញ្ជាការ​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ។ កងទ័ព​ដែល​កាលពី​មួយខែ​កន្លះមុន បាន​បដិសេធ​រួចទៅហើយ​ការ​សុំ​លា​ឈប់​ពីតំណែង​នៃ​រដ្ឋាភិបាលដដែលនេះ។

នៅ​ល្ងាច​ថ្ងៃចន្ទ​ម្សិលមិញ ក្រុម​ប្រឹក្សា​ បានចុះផ្សាយ​សេចក្តីជូនដំណឹង​មួយដែល​ប្រកាស​ថា​ ខ្លួន​បាន​សុំ ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេតមួយ ដើម្បីបំភ្លឺ​ឲ្យ​បាន​ច្បាស់​អំពើហិង្សា​នៅ​ប៉ុន្មានថ្ងៃចុងក្រោយនេះ។

សូមរំលឹកថា គណៈកម្មការ​ដូចគ្នា​នេះមួយ​ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់​ពី​មាន​ការបង្ក្រាប​បង្ហូរ ឈាម​​​ដាប​គ្រិស្តសាសនិកជន​ដោយ​កង​ទ័ព ។ គណៈកម្មការ បាន​សន្និដ្ឋាន​ថា ទាំង​កងទ័ពក្តី ទាំង​ពួកបាតុករ​ក្តី ពុំមែន​ជាអ្នកទទួលខុសត្រូវចំពោះ​មរណភាពរបស់​ជន​ស៊ីវិល​២៧​នាក់ និង ទាហានម្នាក់​នោះឡើយ ប៉ុន្តែ គឺ​ភាគី​ទីបីទេតើ​ដែល​ពុំត្រូវ​បាន​បញ្ជាក់​ឲ្យដឹង​ទេ។

ក្រុម​ប្រឹក្សា​យោធា​ក៏ទាំង​បាន​អំពាវនាវ​ផង​ដែរ​ឲ្យ​មានការ​ជួបសន្ទនាគ្នារវាង​គ្រប់តែ​កម្លាំង​នយោបាយ​ដើម្បី​ស្គាល់​បុព្វហេតុនៃ​វិបត្តិ​និង​មធ្យោបាយ​ដើម្បីបញ្ចប់វា។ ក្រុម​ប្រឹ​ក្សាយោធា​ក៏​បាន​អំពាវនាវ​ប្រជាជន ​សូម​ឲ្យ​រក្សា​ភាព​ស្ងប់ស្ងៀម ដើម្បី​បង្កើត​បរិយាកាសអនុគ្រោះ​សំរាប់​​ការ​​ជួប​​សន្ទនាគ្នានេះ។

ដំណាលពេលគ្នានេះ ចលនាឈ្មោះ ភាតរបុត្រអ៊ីស្លាម បាន​បញ្ជាក់​ប្រាប់ថា នៅថ្ងៃអង្គារនេះ គេ​នឹង​ពុំ​ចូល​រួម​ក្នុង​មហាបាតុកម្ម​​ទាមទារដោយ​យុវជន​បដិវត្តនៅ​ទីលានសេរីភាពTahrir នោះ ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ