រុស្ស៊ី

ការបោះឆ្នោត ដែល​បាន​ហែហម​ដោយ​ការ​ចាប់​ខ្លួន​ពួក​ប្រឆាំង​រាប់​រយ​នាក់

ពួក​អ្នក​ប្រឆាំង​ធ្វើ​មីទ្ទិញ​ ក្នុង​ថ្ងៃ​បោះឆ្នោត​សភា​
ពួក​អ្នក​ប្រឆាំង​ធ្វើ​មីទ្ទិញ​ ក្នុង​ថ្ងៃ​បោះឆ្នោត​សភា​ ©RFI-ឆាយា

ចាប់ខ្លួននេះ មកពី​គេ​ធ្វើ​មីទ្ទិញ​ចោទ​អាជ្ញាធរ​ថា ក្លែង​បន្លំ​សន្លឹក​ឆ្នោត។ ប៉ុន្តែ​តាម​អាជ្ញាធរ​មីទ្ទិញ​នោះ​ធ្វើ​ឡើង​ដោយ​គ្មាន​សេចក្តី​អនុញ្ញាត​ នាំ​ឲ្យ​ខូច​សណ្តាប់​ធ្នាប់​សង្គម។ ទោះ​យ៉ាង​ណា​ក្តី ស្រប​នឹង​លទ្ធផល​ផ្លូវការ​បណ្តោះ​អាសន្ន ប្រកាស​ព្រឹក​មិញ ដោយ​គ.ជ.ប. ក្នុង​ការ​បោះឆ្នោត​រើស​សភា​ឌូម៉ា​​នីតិកាល​ថ្មី ដែល​បាន​ប្រព្រឹត្ត​ទៅ​ម្សិលមិញ គឺ​បក្ស​កាន់​អំណាច ឈ្មោះ ”ប្រទេស​រុស្ស៊ី​រួម​ធ្លុង​មួយ” ដែល​បន្ត​ស្ថិត​នៅ​ជា ”កម្លាំង​នយោបាយ​នាំ​មុខ​នៅ​រុស្ស៊ី” -នេះ​បើ​តាម​ការ​ថ្លែង​នៃ​លោក​ប្រធានាធិបតី​មេដវេដេវ ក្រោយ​ពី​ឮ​លទ្ធផល​នោះ។

ផ្សាយពាណិជ្ជកម្ម

លទ្ធផល​ដែល​មាន គឺ​ថា ពី​ក្នុង​ចំណោម​អាសនៈ ៤៥០ នៃ​សភា​ឌូម៉ា ធ្លាក់​ទៅ​លើ​បក្ស​កាន់​អំណាច​”ប្រទេស​រុស្ស៊ី​រួម​ធ្លុង​មួយ” គឺ​អាសនៈ​ចំនួន​២៣៨ ឬ លើស​ពី​៥០% បាន​ន័យ​ថា ដណ្តើម​បាន​ភាគ​ច្រើន​ដាច់ខាត សម្រាប់​សភា​ដំណើរការ ថ្វី​ដ្បិត​តែ​តិច​ជាង​ភាគ​ច្រើន​ធម្មនុញ្ញ ដែល​បក្ស​នេះ​ធ្លាប់​មាន​ក្នុង​សភា​ឌូម៉ា​នីតិកាល​មុន ដល់​ទៅ​៣១៥​អាសនៈ​ឬ ជាង​២/៣​ឯណោះ សម្រាប់​អនុម័ត​វិសោធនកម្ម ទៅ​លើ​រដ្ឋធម្មនុញ្ញ ដោយ​ម្ចាស់​ការខ្លួន​ឯង។

 
ប៉ុន្តែ ចាប់​ពី​អំណើះ​តទៅ ក្នុង​ករណី​ខ្លះ តាម​ប្រសាសន៍​លោក​ប្រមុខ​រដ្ឋ​មេដវេដេវ បក្ស​នេះ​មុខ​ជា​ត្រូវ​បង្ខំ​ចិត្ត​ចង​សម្ព័ន្ធ ជាមួយ​បក្ស​ផ្សេង​ក្នុង​សភា​ឌូម៉ា ហេតុ​ដែល​រឹត​តែ​ឆ្លុះ​ឲ្យ​ឃើញ​ពី​លក្ខណៈ​ប្រជាធិបតេយ្យ​មែន​ពិត នៃ​ប្រព័ន្ធ​អំណាច​នីតិបញ្ញត្តិ​នៅ​រុស្ស៊ី។

អ្វីដែលទាក់ទាញ​ភ្នែក​ពួក​អ្នក​កាសែត គឺ​ពេល​ដែល​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ប៉ូលិស​ក្រោម​លេស​ប្លែកៗ បាន​វាត​ប្រតិបត្តិការ​ចាប់​ពួក​បាតុករ​នៃ​បក្ស​ប្រឆាំង​នានា ចាប់​ទាំង​ក្របួច​-ក​ពួកគេ ហើយ​អូស​ចូល​ឡាន​ទ្រុង​តែ​ម្តង រាល់​អ្នក​ណា​ដែល​ឈរ​ជា​អង្គ​មីទ្ទិញ ស្រែក​បន្លឺ​ឡើង​ស្រុះៗ​គ្នា នូវ​ពាក្យ​ស្លោក​ថា “បរាជ័យ​ការបោះឆ្នោត​ក្លែងក្លាយ“ “ការបោះឆ្នោត​របស់​ពួក​អ្នក​ជា​ការ​ក្លែង​បន្លំ” “បរាជ័យ​ពួក​ប៉ូលិស​ហ្វាស្ស៊ីស្ត”។ គិត​ជា​សរុប នៅ​រដ្ឋធានី​ម៉ូស្គូ នៅ​ក្រុង Saint-Petersbourg និង​នៅ​ក្រុង​ទី​៣ ក្រុង Nijny Novgorod មាន​ឃាត់​ខ្លួន​សរុប​ទៅ​៣៥០​នាក់។

ពួកគេ​តំណាង​ឲ្យ​បក្ស​ប្រឆាំង​ក្រោម​ឈ្មោះ បែប​យ៉ាង “ប្រទេស​រុស្ស៊ី​ត្រូវ​មាន​មុខមាត់​ផ្សេង” “រណសិរ្ស​ឆ្វេង” “បុព្វហេតុ​ដែល​ត្រូវ”។ល។ ពីក្នុង​ចំនួន​នោះ នៅ​ម៉ូស្គូ បាតុករ​២៥៨​នាក់​ក្រោយ​ពី​ជាប់​ឃុំ​អស់​មួយ​យប់​នៅ​បុស្តិ៍​ប៉ូលិស ហើយ​ត្រូវ​អាជ្ញាធរ​កត់​កំណត់​ហេតុ​មក​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក៏​បាន​ត្រូវ​ព្រលែង​ចេញ​មក​វិញ។ លើក​លែង​តែ​មេដឹក​នាំ​ចលនា “រណសិរ្ស​ឆ្វេង” លោក Serguei Oudalsov ដែល​ត្រូវ​ឃាត់​ខ្លួន​៥​ថ្ងៃ​ទៀត។

និយាយ​អំពី​ការក្លែង​បន្លំ​សន្លឹក​ឆ្នោត​វិញ តាម​ការ​កត់​ត្រា​ឃើញ​នៃ​សមាគម​ឈ្មោះ ”សំឡេង” ខាង​តាម​ដាន​ឃ្លាំ​មើល​ភាព​សុចរិត​នៃ​ការ​បោះឆ្នោត គឺ​មាន​ប្រព្រឹត្ត​ទៅ​ការ​លួច​បោះ​សន្លឹក​ឆ្នោត យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ទៅ​ក្នុង​ហិប​ឆ្នោត​ជា​មុន​ស្រេច។ ទោះបី ពេញ​មួយ​ថ្ងៃ​ម្សិលមិញ មាន​ដល់​ទៅ​ជាង​១.៧០០​ដង ការ​ជូន​ដំណឹង​ស្តី​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត​ក្តី ក៏​គ.ជ.ប. យោង​ទៅ​លើ​មតិ​ពួក​អ្នក​សង្កេតការ​ណ៍​បរទេស អះអាង​ថា ការ​បោះឆ្នោត​រើស​សភា​ឌូម៉ា នីតិកាល​ទី​៦ នៅ​រុស្ស៊ី បាន​ប្រព្រឹត្ត​ទៅ​ស្រប​នឹង​ស្តង់ដារ​អន្តរជាតិ​កម្រិត​ខ្ពស់​ទេ​តើ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI