បារាំង-អាស៊ី

ទីផ្សារ​ភាគហ៊ុន​អឺរ៉ុប និង​អាស៊ី រញ្ជួយ ព្រោះ​បារាំង​មាន​ប្រធានាធិបតី​ថ្មី

បុគ្គលិក​ទីផ្សារ​ភាគហ៊ុន​ជប៉ុន​កំពុង​តាមដាន​លទ្ធផល​ឆ្នោត​ប្រធានាធិបតី​បារាំង
បុគ្គលិក​ទីផ្សារ​ភាគហ៊ុន​ជប៉ុន​កំពុង​តាមដាន​លទ្ធផល​ឆ្នោត​ប្រធានាធិបតី​បារាំង © reuters

ទីផ្សារ​ភាគហ៊ុនធំៗ នៅ​​អឺរ៉ុប នៅ​អាស៊ី និង​ប្រាក់​អឺរ៉ូ​ផ្ទាល់ បាន​ដាំ​ក្បាល​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ៧​ឧសភា ២០១២ នេះ។ នេះ​ជា​ផល​វិបាក​នៃ​​បរាជ័យ​របស់​លោក​ នីកូឡា សាកូហ្ស៊ី ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​បារាំង​ម្សិលមិញ។ ជាមួយ​នឹង​ជោគជ័យ​របស់​លោក​ ហ្វ្រង់ស័រ ហូឡង់ នៃ​គណបក្ស​សង្គមនិយម​បារាំង ​ ពិភព​ហិរញ្ញវត្ថុ​ នាំ​គ្នា​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ផែនការត្បិត​ត្បៀត​អឺរ៉ុប​ប្រឆាំង​នឹង​វិបត្តិ​ប្រាក់​បំណុល​ នឹង​ត្រូវ​ ប្រធានាធិបតី​បារាំង​ថ្មី សើ​រើ​​​ឡើង​វិញ​។

ផ្សាយពាណិជ្ជកម្ម

ទីផ្សារ​ហិរញ្ញវត្ថុ​ មិន​ថា​​នៅ​អឺរ៉ុប ឬ​នៅ​អាស៊ី​ទេ កំពុង​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង ! នៅ​ថ្ងៃ​នេះ ប៉ារីស​បាន​បើក​ទ្វារ​ជាមួយ​នឹង​ការ​ធ្លាក់​ចុះ​ ១,៥៧% -​២,២០%សម្រាប់​ទីផ្សារ​អាល្លឺម៉ង់ ​មីឡង់​របស់​អ៊ីតាលី​បាត់​បង់-​២,០៣% ម៉ាឌ្រីត-១,៦៦% ចំណែក​ទីផ្សារ​ហិរញ្ញវត្ថុ​អាថែន​កំពុង​លិច​លង់​យ៉ាងខ្លាំង​​ដោយ​ធ្លាក់​ចុះ​ដល់​ទៅ​ប្រមាណ​៧,៦%។

 
នៅ​តំបន់​អាស៊ី​វិញ ពេញ​មួយ​ថ្ងៃ​ចន្ទ​នេះ គេ​ឃើញ​តែ​ពណ៌​ក្រហម​លោត​ឡើង​លើ​គ្រប់​ទីផ្សារ​ភាគហ៊ុន​។ ទីផ្សារ​ហិរញ្ញវត្ថុ​តូក្យូ បាន​បិទ​ទ្វារ​ជាមួយ​នឹង​ការ​ធ្លាក់​ចុះ​-២,៧៨% ស៊ីដនេ​-២,១៩% សេអ៊ូល​-១,៦៤% ហុងកុង​-២,៦៤% សិង្ហបុរី​២,២១% ប៊ុមបៃ-១,៦៩% មាន​តែ​សៀងហៃ​មួយ​ប៉ុណ្ណោះ​ដែល​មិន​សូវ​ខាត​បង់​ខ្លាំង (-០,៥០%)។

ចំណែក​ប្រាក់​អឺរ៉ូ​វិញ នៅ​ម៉ោង​៩​ព្រឹក​នៅ​ប្រទេស​បារាំង ១ អឺរ៉ូ​ដូរ​បាន​តែ​១,២៩៩៣​ដុល្លារ​តែ​ប៉ុណ្ណោះ។

ទីផ្សារ​ភាគ​ហ៊ុន​ធ្លាក់​ដាំ​ដូង ប្រាក់​អឺរ៉ូ​ធ្លាក់​ថ្លៃ​នៅ​ចំពោះ​មុខ​ប្រាក់​ដុល្លារ​និង​ប្រាក់​យេន ក៏​ព្រោះ​តែគេ​សម្លឹង​ឃើញ​ថា​នឹង​អាច​មាន​ការ​ប្តូរ​ទិស​នយោបាយជុំ​វិញ​ផែនការ​​ត្បិតត្បៀត​នៅ​អឺរ៉ុប ដោយ​គណបក្ស​កាន់​អំណាច​នៅ​បារាំង និង​នៅ​ក្រិក​សុទ្ធ​តែ​ចាញ់​ឆ្នោត។ លោក ហ្វ្រង់ស័រ​ ហូឡង់ ដែល​ទើប​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​បារាំងថ្មី​ មាន​នយោបាយ​ផ្ទុយ​ពី​ប្រធានាធិបតី​ផុត​អាណត្តិ​ លោកនីកូឡា សាកូហ្ស៊ី។ ​លោក ហូឡង់ ​បាន​សន្យា​សើ​រើ​ឡើង​វិញ​ផែនការ​ត្បិតត្បៀត​ប្រឆាំង​នឹង​វិបត្តិ​ប្រាក់​បំណុល​សាធារណៈ  ដែល​រដ្ឋាភិបាល​លោក​សាកូហ្ស៊ី​បាន​ព្រម​ព្រៀង​ជាមួយ​អឺរ៉ុប និង​ជាពិសេស​ជាមួយ​អាល្លឺម៉ង់ ដើម្បី​ផ្តល់​អាទិភាពឱ្យ​​ដល់​កំណើន​សេដ្ឋកិច្ច។

ដោយ​ឡែក ​ទីភ្នាក់ងារ​វាយ​តម្លៃ​ហានិភ័យ​ហិរញ្ញវត្ថុ​ Standart & Poor’s ដែល​បាន​ទម្លាក់​ចំណាត់​ថ្នាក់​បារាំង​​មក​ត្រឹម​កំរិត​​ល្អ​មធ្យម​ AA+ បាន​អះអាង​ថា​ លោក ហ្វ្រង់ស័រ ហូឡង់ ឡើង​ជា​​ប្រធានាធិបតី​បារាំង​ថ្មី​ នឹង​មិន​​​ជះ​ឥទ្ធិពល​អ្វី​ភ្លាមៗ​ដល់​ចំណាត់​ថ្នាក់​ និង​ការ​វាយ​តម្លៃ​ហានិភ័យ​ហិវញ្ញវត្ថុ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI