សហភាពអឺរ៉ុប-លីប៊ី

លីប៊ី​ជា​សំណុំ​រឿង​ធំ​នៃ​ជំនួប​កំពូល​អឺរ៉ុប​ថ្ងៃនេះ

លោកស្រី Catherine Ashton ប្រមុខ​ការបរទេស​សហភាព​អឺរ៉ុប
លោកស្រី Catherine Ashton ប្រមុខ​ការបរទេស​សហភាព​អឺរ៉ុប REUTERS/Valentin Flauraud

ប្រមុខរដ្ឋ​និង​ប្រមុខរដ្ឋាភិបាល​នៃ​សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៧ រួម​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​មីនា​នេះ​ និង​ថ្ងៃ​សុក្រ​ទី​២៤​មីនា​ស្អែក​នៅ​ទីក្រុង​ព្រុចសែល​ប្រទេស​បែលហ្ស៊ិក។ អឺរ៉ុប​ទាំង​២៧​ប្រទេស ត្រូវ​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​នៃ​ពិភព​អារ៉ាប់ ជាពិសេស ​ស្ថានភាព​នៃ​ប្រទេស​លីប៊ី។ ជំនួប​កំពូល​នេះ​ ក៏​ជា​ឱកាស​មួយ ដើម្បី​សាកល្បង​ពង្រឹង​ឲ្យ​មាំ​ឡើង​វិញ​ដែរ ជំហរ​រួម​របស់​អឺរ៉ុប​នៅ​ក្នុង​វិបត្តិ​លីប៊ី។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ តាន់ ហ្សង់-ហ្វ្រង់ស័រ

ជំនួប​កំពូល​អឺរុប​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​បរិបទ​មួយ​តានតឹង ដោយហេតុតែ​អន្តរាគមន៍​យោធា​នៅ​លីប៊ី។ គួរ​រំឭក​ឡើង​វិញ​ថា បារាំង​និង​អង់គ្លេស​មិន​ត្រឹម​តែ​បាន​បោះឆ្នោត​គាំទ្រ​អន្តរាគមន៍​នៅ​លីប៊ី​ប៉ុណ្ណោះ​ទេ តែ​ជា​អ្នក​ដឹក​នាំ​ប្រតិបត្តិការ​យោធា​ទៅ​ទៀត។ អាល្លឺម៉ង់​បាន​បោះឆ្នោត​អនុបវាទ រីឯ​អ៊ីតាលី​វិញ​ចង់​ឃើញ​បញ្ជាការ​នៃ​អន្តរាគមន៍​យោធា​របូត​ចេញ​ពី​ដៃ​របស់​បារាំង​និង​អង់គ្លេស ហើយ​ធ្លាក់​មក​នៅ​ក្រោម​ការ​ដឹកនាំ​របស់​អង្គការ​អូតង់​(OTAN)។

ម្យ៉ាង​វិញ​ទៀត សំណុំ​រឿង​អន្តរាគមន៍​យោធា​នៅ​លីប៊ី​នេះ ក៏​ស្តែង​ឲ្យ​ឃើញ​នូវ​អវត្តមាន​និង​កង្វះ​ភាព​ជាក់លាក់​នៃ​នយោបាយ​បរទេស​រួម​គ្នា​មួយ​របស់​សហភាព​អឺរ៉ុប​ដែរ។ ត្រង់​ចំណុច​នេះ លោកស្រី​ឧត្តម​តំណាង​កិច្ចការ​បរទេស​របស់​សហភាព​អឺរ៉ុប Catherine Ashton បាន​ពោល​​រអ៊ូរទាំ​កាល​ពី​ដើម​សប្តាហ៍​ថា «បញ្ហា​ធំ គឺ​មក​ពី​បណ្តា​ប្រទេស​អឺរ៉ុប​ទាំង​២៧​ដែល​ការពារ​អធិបតេយ្យ​របស់​ពួក​គេ​រៀងៗ​ខ្លួន ជាពិសេស​នៅ​ក្នុង​វិស័យ​យោធា​និង​ការពារ​ជាតិ មាន​មតិ​ខុសៗ​គ្នា»។

នៅ​ក្នុង​បរិបទ​បែប​នេះ ជំនួប​កំពូល​ក្នុង​ថ្ងៃ​នេះ​ និង​ថ្ងៃ​ស្អែក​នៅ​ទីក្រុង​ព្រុចសែល ចាំបាច់​ត្រូវ​តែ​រិះរក​តួនាទី​រួម​គ្នា​មួយ​ច្បាស់ សម្រាប់​សហភាព​អឺរ៉ុប នៅ​ក្នុង​សំណុំ​រឿង​លីប៊ី។ ពីព្រោះ​មក​ទល់​ពេល​នេះ អ្វី​ដែល​អឺរ៉ុប​បាន​សម្រេច​ធ្វើ​ចំពោះ​ករណី​ប្រទេស​លីប៊ី​មាន​លក្ខណៈ​តិចតួច​ស្តួចស្តើង​ណាស់ ដូច​ជា​វិធានការ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​វិស័យ​ប្រេងកាត​នៃ​របប​Kadhafi និង​ការ​គ្រោង​ជួយ​ដោះស្រាយ​វិបត្តិ​មនុស្សធម៌​ជា​ដើម។

យ៉ាង​ណា​ក៏​ដោយ ជំនួប​កំពូល​អឺរ៉ុប​លើក​នេះ អាច​ជា​ឱកាស​ល្អ​មួយ សម្រាប់​ឲ្យ​បណ្តា​ប្រទេស​សមាជិក​ទាំង​២៧ សម្រេច​ផ្តល់​ជំនួយ​ថវិកា​ដល់​បណ្តា​ប្រទេស​អារ៉ាប់ ពិសេស​អេហ្ស៊ីប​និង​ទុយនីស៊ី ក្នុង​គោលដៅ​ជំរុញ​ប្រទេស​ទាំង​នេះ​ឲ្យ​ប្រញាប់​ធ្វើ​កំណែទម្រង់​ប្រជាធិបតេយ្យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI