រុស្ស៊ី-បារាំង

ការបង្ហោះ​ចេញ​ជា​លើក​ទី​១​នៃ​កាំជ្រួច​រុស្ស៊ី ពី​ព្រលាន​អវកាស​បារាំង

កាំជ្រួច​ Soyouz ថត​ថ្ងៃ​ទី ១៤​តុលា នៅ​ព្រលាន Kourou
កាំជ្រួច​ Soyouz ថត​ថ្ងៃ​ទី ១៤​តុលា នៅ​ព្រលាន Kourou Reuters/ESA - S. Corvaja, 2011/Handout

ការបង្ហោះថ្ងៃនេះ ត្រូវ​ភាគី​បារាំង ចាត់ទុក​ថា មាន​លក្ខណៈ​ជា “ប្រវត្តិសាស្ត្រ” ពីព្រោះ ជា​លើក​ទី​១ ដែល​គេ​ប្រើ​កាំជ្រួច​រុស្ស៊ី​ធុន “Soyuz” សម្រាប់​ពាំ​ផ្ទុក​ទៅ​អវកាស​នូវ​ផ្កាយ​រណប​សិប្បនិម្មិត ហៅថា​Satelitte ដោយ​បាញ់​បង្ហោះ​វា​ចេញ​ទៅ គឺ​ពី​ព្រលាន​អវកាស​ឈ្មោះ Kourou នៃ​ដែនដី Guyane ជា​ខេត្ត​បារាំង នៅ​ទ្វីប​អាមេរិកឡាទីន។ រុស្ស៊ី​ផ្ទាល់ មក​ទល់​ឥឡូវ មិន​ដែល​បាន​បង្ហោះ​កាំជ្រួច​ខ្លួន នៅ​ឯ​ក្រៅ​លំហ​នៃ​អតីត​សហភាព​សូវៀត​ឡើយ។

ផ្សាយពាណិជ្ជកម្ម

ការបង្ហោះថ្ងៃនេះ មាន​ន័យ​ជា​ការចាប់ផ្តើម ចាក់​គ្រឹះ​បង្កើត​ឲ្យ​បាន​ជា​ “ប្រព័ន្ធ​ប្រចាំ​នៅ​អវកាស សម្រាប់​នាំ​ផ្លូវ​ចរាចរណ៍ និង​នាវាចរណ៍​លើ​ផែនដី” ដែល​មាន​ឈ្មោះ​ថា Galileo ជា​របស់​ ”ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​” ផ្ទាល់ ទុក​ប្រជែង​នឹង​ប្រព័ន្ធ​បែប​នេះ​របស់​ស.រ.អា. ដែល​ដំណើរការ​ជាច្រើន​ឆ្នាំ​មក​ហើយ ក្រោម​ឈ្មោះ​ថា GPS។ ដើម្បី​មាន​ស្ថានភាព​ឯករាជ្យ​ម្ចាស់​ការ ដាច់ពី​ស.រ.អា.​ក្នុង​វិស័យ​នេះ អឺរ៉ុប​ត្រូវ​ចំណាយ​ដល់​ទៅ ៧.២០០​លាន​ដុល្លារ​អាមេរិក។

ការចំណាយនេះ គឺ​សម្រាប់​បង្កើត​ឲ្យ​បាន រួច​មក​បង្ហោះ​ទៅ​ប្រចាំ​នៅ​អវកាស គឺ Satelitte សរុប ទៅ​ដល់​ចំនួន​៣០​គ្រឿង ដែល​ពី​ក្នុង​នោះ ២​គ្រឿង​ដំបូង​ត្រូវ​បង្ហោះ​ចេញ​ទៅ គឺ​នៅ​ថ្ងៃនេះ​ឯង។
Satelitte ២​គ្រឿង​ដំបូង​នោះ ដែល​នីមួយៗ​ទម្ងន់​៨០០​គីឡូក្រាម ត្រូវ​ពាំ​ផ្ទុក​ទៅ​អវកាស គឺ​ដោយ​កាំជ្រួច​រុស្ស៊ី​ស្រករ​ថ្មី ហៅថា ​“Soyuz ST-B” ដែល​ឆ្លើយ​ស្រប​នឹង​គ្រប់​តែ​ “ស្តង់ដារ​ពិភពលោក” ខាង​ធានា​សុវត្ថិភាព។

គុណសម្បត្តិ​នៃ​ព្រលាន​អវកាស Kourou គឺ​នៅ​ត្រង់​វា​ស្ថិត​នៅ​ជិត​បង្កើយ នឹង​ខ្សែ អេក្វាទ័រ​របស់​ផែនដី ដែល​ជា​កត្តា​ជួយ​ពន្លឿន​ការហោះ​ឡើង​មក​ពី​នៅ​ទីនោះ កម្លាំង​ច្រាន​ចេញ​របស់​ផែនដី​មាន​កម្លាំង​ខ្លាំង​ ក្នុង​ន័យ​ថា បើ​កាំជ្រួច​រុស្ស៊ី​បាញ់​បង្ហោះ​ចេញ​ពី​ព្រលាន Baikonour ដែល​នៅ​ឆ្ងាយ​ពី​ខ្សែ​អេក្វាទ័រ​វា​អាច​ពាំ​ផ្ទុក​ទៅ​ជាមួយ​ គឺ​តែ​បន្ទុក​ទម្ងន់​១.៧០០​គីឡូក្រាម នោះ​ពេល​បង្ហោះ​ចេញ​ពី​ព្រលាន Kourou គឺ​វា​អាច​ផ្ទុក​ដល់​៣.០០០​គីឡូក្រាម។

គឺស្រប​នឹង​កិច្ចព្រមព្រៀង​អន្តរ​រដ្ឋាភិបាល​ចុះ​ឆ្នាំ​២០០៣ រវាង​បារាំង​ និង​រុស្ស៊ី ដែល​រុស្ស៊ី​បើក​ការបង្ហោះ​កាំជ្រួច​ខ្លួន​ថ្ងៃ​នេះ ចេញ​ពី​មជ្ឈមណ្ឌល​អវកាស​បារាំង Kourou។ បន្ទាប់​មក​ក្នុង​១​ឆ្នាំៗ នឹង​មាន​ធ្វើការ​បង្ហោះ​បែប​នេះ​ឲ្យ​បាន​៤​លើក​ជា​ដរាប។ រុស្ស៊ី​បាន​ទទួល​ទៅ​ហើយ​នូវ​កូម៉្មង់​ធ្វើការ​បង្ហោះ​ចំនួន​២៣​លើក​ទៀត លុះ​ទាល់​តែ​បញ្ជូន​ទៅ​ប្រចាំ​នៅ​អវកាស​ឲ្យ​បាន Satelitte ​ចំនួន​រហូត​ដល់​៣០​គ្រឿង សម្រាប់​ផ្សំ​ឡើង​ជា “ប្រព័ន្ធ​ប្រចាំ​នៅ​អវកាស​សម្រាប់​នាំ​ផ្លូវ​ចរាចរណ៍ និង​នាវាចរណ៍​លើ​ផែនដី” ដែល​មាន​ឈ្មោះ​ថា Galileo របស់ “ទីភ្នាក់ងារ​អវកាស​អឺរ៉ុប”​ផ្ទាល់។

ចំណែក​រុស្ស៊ី បង្កើត​ជិត​រួច​ទៅ​ហើយ​ប្រព័ន្ធ​បែប​នេះ​របស់​ខ្លួន ក្រោម​ឈ្មោះ​ថា Glonass ដែល​ផ្សំ​ឡើង​ពី Satelitte​ ២៤​គ្រឿង សម្រាប់​ប្រើ​ភ្នែក​វា​ឲ្យ​ក្តោបក្តាប់​ផែនដី​បាន​ទាំងមូល។ ​រីឯ​ប្រទេស​ចិន ទើប​ចាប់​ផ្តើម​សាង​សង់​នៅ​អវកាស ជា​ប្រព័ន្ធ​បែប​នេះ​របស់​ខ្លួន​ក្រោម​ឈ្មោះ​ថា Compass៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI