អឺរ៉ុប-អេហ្ស៊ីប

សហភាព​អឺរ៉ុប​ បរិហារ​​ការ​កាត់​ទោស​​ប្រហារ​ជីវិត​​មនុស្ស​១៨៣​នាក់​ រប​ស់​​តុលាការ​​អេ​ហ្ស៊ី​ប​

តុលាការ​​អេ​ហ្ស៊ី​ប ​បាន​សម្រេច​​កាត់ទោស​​ប្រហារ​ជីវិត​​មនុស្ស​​ចំនួន​១៨៣​នាក់នៅ​ថ្ងៃ​ទី០២​ កុម្ភៈ ​ឆ្នាំ​២០១៥​
តុលាការ​​អេ​ហ្ស៊ី​ប ​បាន​សម្រេច​​កាត់ទោស​​ប្រហារ​ជីវិត​​មនុស្ស​​ចំនួន​១៨៣​នាក់នៅ​ថ្ងៃ​ទី០២​ កុម្ភៈ ​ឆ្នាំ​២០១៥​ @Google

ភ្លាមៗ​បន្ទាប់ពី​តុលាការ​​អេ​ហ្ស៊ី​ប ​នៅ​​ថ្ងៃ​​ចន្ទ​​ម្សិលមិញ ​សម្រេច​​កាត់ទោស​​ប្រហារ​ជីវិត​​មនុស្ស​​ចំនួន​១៨៣​នាក់ ​ពី​បទ​​ថា​​បាន​សម្លាប់​​ប៉ូលីស​​អេ​ហ្ស៊ី​ប​១៣នាក់ កា​ល​ពី​​ខែសី​ហា ​ឆ្នាំ​២០១៣​នោះ​មក​ សហភាព​​អឺរ៉ុប​​បាន​​ចេញ​មុខ​​បរិហារ​​ភ្លាម​​ពី​​ការ​កាត់ទោស​​នេះ។​ សហភាព​​អឺរ៉ុប​​ថា ​ការ​សម្រេច​​របស់​​តុលាការ​​អេ​ហ្ស៊ី​ប ​គឺ​​រំលោភ​​លើ​​កាតព្វកិច្ច​​សិទ្ធិ​មនុស្ស​​អន្ដរជាតិ​​របស់​​ប្រទេស​​អេ​​ហ្ស៊ី​​ប​ផ្ទាល់​។

ផ្សាយពាណិជ្ជកម្ម

ការកាត់ទោស​ប្រហារជីវិត​ជនជាប់ចោទ​ចំនួន១៨៣នាក់ តាមរយៈ​សវនាការ​ដ៏​ធំ​មហាសាល របស់​តុលាការ​អេ​ហ្ស៊ី​ប​នៅ​ថ្ងៃ​ចន្ទ ទី០២ខែកុម្ភៈ គឺជា​ការរំលោភ​លើ​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្ដរជាតិ​របស់​ប្រទេស​អេ​ហ្ស៊ី​ប។ នេះ​ជា​អ្វីដែល​សហភាព​អឺរ៉ុប​សរសេរ​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ទី០២ខែកុម្ភៈ។

សេចក្ដីថ្លែងការណ៍​ដដែល​បាន​រំលឹកថា សហភាព​អឺរ៉ុប​ប្រឆាំង​ចំពោះ​ការដាក់ទណ្ឌកម្ម​របស់​តុលាការ​អេ​ហ្ស៊ី​ប។ និង​ថា ការសម្រេច​នោះ វា​មាន​លក្ខណៈ​សាហាវ និង​អមនុស្សធម៌ ព្រម​ទាំង​​បង្ហាញ​ពី​ភាពបរាជ័យ​របស់​អេ​ហ្ស៊ី​ប ក្នុងការ​បង្ហាញ​គំរូ​ល្អ​សម្រាប់​ប្រទេស​ដទៃទៀត។
ក្រៅ​ពី​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក​ក៏​សម្ដែង​ក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង អំពី​ការសម្រេច​របស់​តុលាការ​អេ​ហ្ស៊ី​ប​ចំពោះ​ករណីនេះ​ផងដែរ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោកស្រី Jen Psaki មានប្រសាសន៍ថា ការស៊ើបអង្កេត​ដ៏​យុត្តិធម៌ និង​ការពិនិត្យ​លើ​ភស្ដុតាង​នានា គឺ​ពិបាក​នឹង​ទៅរួច​ណាស់ សម្រាប់​សវនាការ​ដែល​មាន​ទំហំ​ធំ កាត់ទោស​ជនជាប់ចោទ១៨៣នាក់​នៅក្នុងពេល​តែមួយ​ដូច្នេះ។

ទោះជា​យ៉ាងណាក៏ដោយ សាលក្រម​របស់​តុលាការ​អេ​ស៊ី​ប​កាលពី​ថ្ងៃ​ចន្ទ​ទី០២ខែកុម្ភៈ នៅតែ​អាច​ប្ដឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍​បាន​នៅឡើយ។ សូម​រំលឹកថា ជនជាប់ចោទ​ចំនួន​១៨៣​នាក់ ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ពីបទ​ថា​បានសម្លាប់​ប៉ូលីស​អេ​ហ្ស៊ី​ប១៣នាក់ នៅ​ជិត​ទីក្រុង​គែរ កាលពី​ថ្ងៃទី១៤ ខែសីហា​ឆ្នាំ២០១។ ការស្លាប់​របស់​ប៉ូលីស​ទាំង១៣នាក់​នេះ កើតឡើង​នៅក្នុង​ការប៉ះទង្គិចរ​វា​ង​ប៉ូលីស​និង​ក្រុមបាតុករ​គាំទ្រ​លោក​អតីត​ប្រធានាធិបតី​ម័​រ​ស៊ី។ នៅ​ថ្ងៃ​ជាមួយគ្នា​នោះដែរ បាតុករ​គាំទ្រ​លោក​ម័​រ​ស៊ី​រាប់រយ​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការ​បំបែក​ជំរុំធំ២កន្លែង​របស់​ពួកគេ ក្នុង​ទីក្រុង​គែរ​នោះ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI