ជប៉ុន

អ្នកភូមិ​ជាង​១០០នាក់​ត្រឡប់​ទៅមើល​ផ្ទះសម្បែង នៅ​Fukushima

ប្រជាជន​ជប៉ុន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ នៅជិត​រោងចក្រ​នុយក្លេអ៊ែរ Fukushima ​ដើម្បី​រើសយក​ទ្រព្យ​សម្បតិ្ត និង​វត្ថុ​អនុស្សាវរីយ
ប្រជាជន​ជប៉ុន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ នៅជិត​រោងចក្រ​នុយក្លេអ៊ែរ Fukushima ​ដើម្បី​រើសយក​ទ្រព្យ​សម្បតិ្ត និង​វត្ថុ​អនុស្សាវរីយ ©Reuters

នៅ​ថ្ងៃ​អង្គារ​ទី​១០​ឧសភា​នេះ អាជ្ញាធរ​ជប៉ុន​បាន​អនុញ្ញាត​ឲ្យ​អ្នកភូមិ​ជាង​១០០​នាក់ វិល​ទៅ​មើល​ផ្ទះ​សម្បែង​របស់​ពួក​គេ នៅ​ក្នុង​តំបន់​ជិត​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​Fukushima។ គឺ​ជា​ការធ្វើ​ដំណើរ​មួយ​ដែល​មាន​រយៈពេល​២​ម៉ោង និង​ដែល​ត្រូវ​បាន​រៀបចំ​ឡើង យ៉ាង​ប្រយ័ត្ន​ប្រយែង​ជា​ទី​បំផុត។ ជា​លើក​ទី​មួយ​ហើយ បន្ទាប់​ពី​ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ចេញ​ជា​ប្រញាប់ ក្រោយ​ពី​មាន​គ្រោះថ្នាក់​នុយក្លេអ៊ែរ​កើត​ឡើង​រួច​មក ដែល​ជន​ទាំង​នេះ​បាន​ទៅ​ឃើញ​គេហដ្ឋាន​របស់​ពួក​គេ​វិញ។

ផ្សាយពាណិជ្ជកម្ម

 

អ្នកភូមិ​ទាំង​ជាង​១០០​នាក់ ក្នុង​សម្លៀក​បំពាក់​ពិសេស សម្រាប់​ការពារ​ធាតុ​វិទ្យុសកម្ម បាន​មក​ប្រមូល​ផ្តុំ​គ្នា នៅ​ទី​កន្លែង​មួយ​ជិត​តំបន់​ហាម​ឃាត់ រួច​ហើយ​បាន​ឡើង​ឡាន​ធំ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​Kawauchi ដែល​ជា​ភូមិ​មួយ​ឋិត​នៅ​ចម្ងាយ​ប្រមាណ​ជិត​២០​គីឡូម៉ែត្រ ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​Fukushima។

មុន​នឹង​ចេញ​ដំណើរ អាជ្ញាធរ​បាន​ឲ្យ​ដំបូន្មាន​មួយ​ចំនួន​ដល់​អ្នក​ភូមិ​ទាំង​នេះ។ ពួកគេ​មិន​អាច​នាំ​យក​មក​វិញ​បាន​ទេ នូវ​សត្វ ចំណី​អាហារ​និង​ទឹក តែ​អាច​យក​រូបថត​ព្រម​ទាំង​របស់​របរ​អនុស្សាវរីយ​ផ្ទាល់​ខ្លួន​ខ្លះ ដែល​ពួក​គេ​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​ថង់​ពិសេស​ដែល​អាជ្ញាធរ​បាន​ចែក​ចាយ​ឲ្យ​ពួក​គេ។

សូម​ជម្រាប​ថា ដោយហេតុតែ​គ្រោះថ្នាក់​នុយក្លេអ៊ែរ​នៅ​Fukushima ដែល​បណ្តាល​មក​ពី​គ្រោះ​រញ្ជួយ​ដី​និង​រលកយក្ស​Tsunami កាល​ពី​ថ្ងៃ​ទី​១១​មីនា ប្រជាជន​ប្រមាណ​៨៥ ០០០​នាក់​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ជា​បន្ទាន់​ពី​តំបន់​កើតហេតុ។

អាជ្ញាធរ​បាន​បញ្ជាក់​ថា ដោយសារតែ​សម្លៀកបំពាក់​ពិសេស​ដែល​ពួក​គេ​បាន​ពាក់ និង​ដោយសារតែ​ការធ្វើ​ដំណើរ​នេះ​ប្រព្រឹត្ត​ទៅ​តែ​រយៈ​ពេល​ពីរ​ម៉ោង អ្នកភូមិ​ទាំង​ជាង​១០០​នាក់​នេះ​នឹង​មិន​អាច​មាន​បញ្ហា​សុខភាព​ទៅ​កើត​ទេ។

យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​វិល​ត្រឡប់​មក​ពី​ទស្សនកិច្ច​ពិសេស​នេះ​វិញ ជន​ទាំង​នេះ​ត្រូវ​បាន​គេ​ធ្វើ​Test​មើល ថា​តើ​មាន​នាំ​មក​នៅ​ជាប់​នឹង​ខ្លួន​ប្រាណ​ធាតុវិទ្យុសកម្ម​ដែរ ឬ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI