រុស្ស៊ី

សហគមន៍​រដ្ឋ​ឯករាជ្យ​CEI ក៏​បាន​បញ្ជូន​ឈ្មោះ​បេក្ខជន​ខ្លួន​សម្រាប់​តំណែង​ប្រធាន​FMI

ប្រមុខរដ្ឋាភិបាល ១១ ប្រទេស​អតីត​សាធារណរដ្ឋ​សូវៀត​​ជួប​ប្រជុំ​គ្នា នៅទីក្រុង Minsk ក្នុង​ប្រទេស​បេឡារុស នៅ​ថ្ងៃ​ទី ១៩ ឧសភា ២០១១
ប្រមុខរដ្ឋាភិបាល ១១ ប្រទេស​អតីត​សាធារណរដ្ឋ​សូវៀត​​ជួប​ប្រជុំ​គ្នា នៅទីក្រុង Minsk ក្នុង​ប្រទេស​បេឡារុស នៅ​ថ្ងៃ​ទី ១៩ ឧសភា ២០១១ ©Reuters

បេក្ខជននេះ​គឺ​លោក Grigori Marchenko ជាប្រធាន​ធនាគារ​ជាតិ​សាធារណរដ្ឋ កាហ្សាក់ស្ថាន ដែល​ម្សិលមិញ​បាន​ត្រូវ​អង្គប្រជុំ នៅទីក្រុង Minsk នៃ​ប្រមុខ​រដ្ឋាភិបាល ១១ ប្រទេស​អតីត​សាធារណរដ្ឋ​សូវៀត បច្ចុប្បន្ន​ជា សមាជិក “សហគមន៍​រដ្ឋឯករាជ្យ” (CEI) អនុម័ត​សម្រាប់​ប្រជែង​យក​តំណែង​ជា​អគ្គនាយក​នៃ អង្គការ “មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ“ (FMI)។

ផ្សាយពាណិជ្ជកម្ម

ថ្លែង​ថ្ងៃនេះ នៅក្រុង Astana រដ្ឋធានី​កាហ្សាក់ស្ថាន ក្នុង​សម័យ​ប្រជុំ​ប្រចាំឆ្នាំ នៃ ក្រុម​ប្រឹក្សា​ភិបាល “ ធនាគារ​អឺរ៉ុប ដើម្បី​ការស្ថាបនា​ឡើងវិញ និង​ការអភិវឌ្ឍន៍“ ហៅកាត់​ថា BERD លោកនាយក​រដ្ឋមន្ត្រី​កាហ្សាក់ស្ថាន Karim Masimov បានអំពាវនាវ​ធនាគារ​នេះ​ឲ្យ​គាំទ្រ បេក្ខភាព​លោក Grigori Marchenko ជាប្រធាន “ធនាគារ​ជាតិ​កាហ្សាក់ស្ថាន” សម្រាប់​ជាប់ ជា​អគ្គនាយក​នៃ អង្គការ “មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ“ FMI។ មូលហេតុ មកពី តំណែងនេះ ស្ថិតនៅ​ទំនេរ ក្រោយពី​ លោក Dominique Strauss-Kahn ជនជាតិ​បារាំង បាន ដាក់​ពាក្យសុំលា​ចេញ​ពី​តំណែង នៅថ្ងៃ​ព្រហស្បតិ៍ ទី ១៩​ឧសភា។

តើ​ លោក Grigori Marchenko បេក្ខភាព​របស់​សហគមន៍​រដ្ឋឯករាជ្យ CEI ជា​នរណា? សព្វថ្ងៃ គាត់អាយុ ៥២ឆ្នាំ មាន​ឯកទេសកម្ម ជា​ធនាគារិក ជាហិរញ្ញាធិការី និង​ជា​សេដ្ឋវិទូ​ដ៏​ជំនាញ។ គាត់​ធ្លាប់ធ្វើ​ជា​ប្រធាន​ធនាគារ​ជាតិ​កាហ្សាក់ស្ថាន ម្តងរួច​ហើយ ពីឆ្នាំ១៩៩៩ ដល់ ២០០៤ ហើយ ចាប់ពីខែ​មករា ឆ្នាំ២០០៩មក គាត់​ត្រូវ​រដ្ឋាភិបាល ផ្ទុកផ្តាក់ ឲ្យកាន់​តំណែងនេះ​ជាថ្មី។

គាត់​ល្បីដោយ គាត់​ហ៊ាន​ចាត់​វិធានការ​មិនប្រជាប្រិយ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់ លុះ​ទាល់​តែ​ជំនះ​លើ​ចំហាយ​នៃ​វិបត្តិ​សេដ្ឋកិច្ច-ហិរញ្ញវត្ថុ​ពិភពលោក បាន​យ៉ាងងាយ។  ជាក់ស្តែង​គឺថា ក្នុង​ស្ថានភាព​វិបត្តិ​នោះ ពេល​ដែល​សេដ្ឋកិច្ច​ប្រទេស​ជាច្រើន ស្គាល់​តែ​ការស្រុតចុះ សេដ្ឋកិច្ច​កាហ្សាក់ស្ថាន​វិញ​បែរ​ទៅជា​មាន​កំណើន ដល់ ៣,៥%​ឯណោះ។

នាយក​រដ្ឋមន្ត្រី​កាហ្សាក់ស្ថាន ក៏​ថ្លែងដែរ​ថា ប្រទេស​គាត់​ចាប់ផ្តើម ពិគ្រោះ​ប្តូរយោបល់ ទៅហើយ ជាមួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយចំនួន ក្នុង​នោះមាន ៥​ប្រទេស​សមាជិក BRICS ពោល​គឺ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្វ្រិកខាងត្បូង។

ទាក់ទង​នឹង​សាច់រឿង​នេះ លោក​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​រុស្ស៊ី Alexei Kudrin ថ្លែង​ថា វត្តមាន​បេក្ខភាព​ជាតិ​កាហ្សាក់ស្ថាន ក្នុងបញ្ជី​ឈ្មោះ​អ្នកប្រជែង​យក​តំណែង​ប្រធាន FMI គឺជា​កត្តា​វិជ្ជមាន ប៉ុន្តែ រុស្ស៊ីផ្ទាល់​នឹង​ព្យាយាម​ធ្វើការ​ផ្លាស់ប្តូរ​មតិ​ជាមួយ បណ្តា​ប្រទេស BRICS ដែល​ក៏​នឹង​បញ្ជូន​ឈ្មោះ​បេក្ខជន​ខ្លួន​ដែរ ហើយ​រុស្ស៊ី នឹង​ថ្លឹងមុខ ថ្លឹងក្រោយ ទៅលើ​អនាគត​បញ្ជីឈ្មោះ​ដែល​ចូលប្រឡូក ដើម្បី​ដណ្តើមយក​តំណែង ជា​អគ្គនាយក​នៃអង្គការ “មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ“FMI៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI