រុស្ស៊ី

សន្ធិសញ្ញា​ស្តី​អំពី​ការបង្កើត “លំហ​ពាណិជ្ជកម្ម​សេរី”

នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន Mykola Azarov (ស្តាំ) នៅ​ក្បែរ​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី Vladimir Poutine និង​អគ្គលេខាធិការ​សមាគម CEI នៅ​ក្រុង​Saint-Pétersbourgថ្ងៃទី ១៨ តុលា ២០១១
នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន Mykola Azarov (ស្តាំ) នៅ​ក្បែរ​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី Vladimir Poutine និង​អគ្គលេខាធិការ​សមាគម CEI នៅ​ក្រុង​Saint-Pétersbourgថ្ងៃទី ១៨ តុលា ២០១១ REUTERS/Alexander Demianchuk

សន្ធិសញ្ញា​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​យប់មិញ គឺ​យប់​ជ្រៅ​ទៅ​ហើយ ក្នុង​ក្រុង​រុស្ស៊ី Saint-Petersbourg ជា​លទ្ធផល​នៃ​សម័យ​ប្រជុំ​ក្នុង​ជាន់​ថ្នាក់​ប្រមុខ​រដ្ឋាភិបាល បណ្តា​ប្រទេស​សមាជិក​​សហគមន៍​រដ្ឋ​ឯករាជ្យ ហៅ​កាត់​ថា CEI។ ឯកសារ​នេះ ដែល​សំដៅ​លុប​ចោល​រាល់​របង​ខាឃាំង ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក ញ៉ាំង​ឲ្យ​គេ​នឹក​ឃើញ​ពី​មហិច្ឆតា​លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ពូទីន ក្នុង​អត្ថបទ​គាត់​ពេល​ថ្មីៗ ស្តី​អំពី​“សហភាព​អឺរ៉ុប-អាស៊ី”។

ផ្សាយពាណិជ្ជកម្ម

ពីក្នុង​ចំណោម​១១​ប្រទេស សមាជិក​សហគមន៍​រដ្ឋ​ឯករាជ្យ CEI បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា ស្តី​អំពី​ការ​បង្កើត “លំហ​ពាណិជ្ជកម្ម​សេរី” ក្នុង​ក្របខ័ណ្ឌ​សហគមន៍​នេះ គឺ​ប្រមុខ​រដ្ឋាភិបាល​នៃ​៨​ប្រទេស ៖ រុស្ស៊ី Ukraine Belarus Kazakhstan Armenie Kirghizistan Moldavie និង Tadjikistan ។ ចំណែក ៣​ប្រទេស​ទៀត ពោលគឺ Azerbaidjan Turkmenistan និង Ouzbekistan ស្រប​នឹង​ការ​ព្រមព្រៀង​របស់​សម័យ​ប្រជុំ គឺ​ដក​ខ្លួន​ទៅ​គិត​គូរ​សិន ដើម្បី​ធ្វើ​ការសម្រេចចិត្ត​ឲ្យ​បាន​មុន ដំណាច់​ឆ្នាំ​២០១១​នេះ។

លោក ពូទីន នាយក​រដ្ឋមន្ត្រី​រុស្ស៊ី-ប្រទេស​ម្ចាស់​ផ្ទះ​ដែល​ទទួល​ជំនួបគូស​បញ្ជាក់​ថា សន្ធិសញ្ញា​​ដែល​បាន​ទទួល​ការ​ចុះ​ហត្ថលេខា​នោះ នឹង​លុប​ចោល​ការ​ហូត​ពន្ធគយ​ទៅវិញ​ទៅ​មក​លើ​ការ​លក់​ចេញ និង​នាំចូល នៃ​មុខ​ទំនិញ​ទាំង​ក្រុមៗ។ គាត់​ក៏​លើក​យក​តួលេខ​មក​បង្ហាញ​ដែរ​ថា គ្រាន់​តែ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ បើ​ប្រៀប​ទៅ នឹង​ឆមាស​ទី​១​ឆ្នាំ​មុន ទំហំ​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម ក្នុង​ក្របខ័ណ្ឌ CEI បាន​កើនឡើង ៤៨% ដល់​ទឹកប្រាក់ ១៣៤.០០០​លាន​ដុល្លារ​អាមេរិក​ឯណោះ។ ហើយ​ក្រោយពី​មាន​បង្កើត​ជា​លំហ​ពាណិជ្ជកម្ម​សេរី​ទំហំ​នេះ​នឹង​ស្ទុះ​កាន់​តែ​ខ្ពស់​ទៅ​ទៀត។

ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី រំលឹក​ថា តាមពិត គឺ​តាំងពី​ឆ្នាំ​១៩៩៤​ម៉្លេះ ដែល​អត្ថបទ​សន្ធិសញ្ញា​នេះ បាន​ត្រូវ​តាក់តែង​ឡើង។ ប៉ុន្តែ កិច្ចចរចា​ដែល​ជួនកាល​មាន​លក្ខណៈតឹង​សរសៃ​ក​ទៅ​ផង បាន​ប្រព្រឹត្ត​ទៅ​អស់​ជាង​១០​ឆ្នាំ​ទម្រាំ​សម្រេច​បាន​លទ្ធផល​ថ្ងៃ​នេះ។

លោក​នាយក​រដ្ឋមន្ត្រី Armenie ចាត់ទុក ឯកសារ​ដែល​មាន​ចុះ​នេះ​ជា​ “ឯកសារ​ប្រវត្តិសាស្ត្រ” ដោយ​វា​លេច​ចេញ​មក គឺ​ក្នុង​ឆ្នាំ​ដែល​សហគមន៍ CEI ប្រារព្ធ​ខួប​កំណើត ​២០​ឆ្នាំ​របស់​ខ្លួន។

លោក​នាយក​រដ្ឋមន្ត្រី Ukraine ថ្លែង​ថា ប្រទេស​គាត់​ដែល​សុខ​ចិត្ត​ភ្ជាប់​ខ្លួន​មក​នឹង សន្ធិសញ្ញា​នេះ គឺ​ដោយ​សង្ឃឹម​ថា វា​នឹង​នាំ​ទៅ​កាន់​ការលុប​ចោល​ពន្ធគយ បែប​យ៉ាង​ពន្ធ​ លើ​ប្រេងឆៅ​នាំ​ចេញ​ពី​រុស្ស៊ី​ទៅ​អ៊ុយក្រែន ដែល​ក្នុង​១​តោនៗ គឺ​តម្រូវ​ឲ្យ​បង់​ដល់​ជាង​៤០០​ដុល្លារ វា​ជា​បន្ទុក​សង្កត់​លើ​ថវិកា​អ៊ុយក្រែន​តែ​ម្តង។

លោក​នាយក​រដ្ឋមន្ត្រី Belarus វិញ កត់​សម្គាល់​ថា សន្ធិសញ្ញា​ចុះ​នេះ គឺ​ស្រប​នឹង​គំនិត​បំផុស​មក ដោយ​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី​២​សប្តាហ៍​មុន​ខាង​ស៊ី​ជម្រៅ​សមាហរ័ណកម្ម ក្នុង​លំហ​ក្រោម​ឈ្មោះ​ថា “សហភាព​អឺរ៉ុប-អាស៊ី”។
 

គំនិត​នេះ​ ត្រូវ​បស្ចិមលោក​បកស្រាយ​ថា ជា​ការប៉ុនប៉ង​“ស្តារ​សហភាព​សូវៀត​ឡើង​វិញ”។ ប៉ុន្តែ​អស្ចារ្យ​ត្រង់​លោក​ពូទីន​ផ្ទាល់ ក្នុង​សម្ភាសន៍​២​ថ្ងៃ​មុន បាន​សារភាព​ថា សហភាព​សូវៀត គឺ​រុស្ស៊ី​តែ​ម្តង គ្រាន់តែ​ឈ្មោះ​វា​ផ្សេង​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI