​សារមន្ទីរ ​Guimet ​ក្រុងប៉ារីស​រៀបចំ​តាំងពិព័រណ៍​ចម្លាក់​យក​ពី​​ប្រាសាទ​ខ្មែរ

Musée Guimet

ចាប់​ពីថ្ងៃ​១៦តុលាឆ្នាំ​២០១២ រហូត​ដល់ថ្ងៃ​១៣មករា ឆ្នាំ២០១៤ សារមន្ទីរ​ Guimet ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មាន​រៀបចំពិព័រណ៍​សិល្បៈខ្មែរ​មួយ​ ក្រោម​ប្រធានបទ​​ជាភាសាបារាំង៖ ​“Angkor. Naissance d’un mythe” រឺ​ជា​ភាសា​ខ្មែរ៖ “អង្គរ, ការចាប់កំណើត​នៃទេវកថា”។ ពិព័រណ៍​នេះ​ នឹង​​​បង្ហាញ​ពី​វត្ថុបុរាណ រូបចម្លាក់​ពិត និង​រូបចម្លាក់​ដែល​ចាក់ពុម្ព​យក​ពី​ប្រាសាទ​ខ្មែរ​ រូបគំនូរ​​ ជាច្រើន​ នៃសិល្បៈ​អង្គរ ដែល​ជា​ស្នាដៃ​​​រុករក​របស់​​អ្នកគំនូរ​​ជនជាតិ​បារាំង​មួយរូប គឺលោក Louis Delaporte ដែល​បាន​ចុះទៅ​តំបន់​អង្គរ​ កាលពី​ឆ្នាំ​១៨៦៦ និង​បាន​ចាប់ចិត្ត​ស្នេហា​សិល្បៈ​ខ្មែរអង្គរ។

ផ្សាយពាណិជ្ជកម្ម

អ្នកគំនូរ​ជនជាតិ​បារាំង Louis Delaporte បានចុះទៅ​​​តំបន់​អង្គរជាលើក​ដំបូង​ កាលពី​ឆ្នាំ​១៨៦៦ ក្នុង​ក្របខណ្ឌ​នៃ​បេសកកម្ម​​រុករក​តំបន់​មេគង្គ។ កាល​ណោះ ពេល​​បាន​ទៅដល់​និង​បាន​ឃើញ​ទីនោះ​មានប្រាសាទ​ហ៊ុំព័ទ្ធ​ទៅដោយ​ព្រៃឈើ​ និង​វល្ល៍​ធម្មជាតិ លោក ​ Delaporte បាន​បាក់​ចិត្ត​ស្រលាញ់​សិល្បៈ​ខ្មែរយ៉ាង​ងុបងុល។​

ដោយសារ​ការ​ស្រលាញ់​នេះ បន្ទាប់​ពីបាន​បំពេញ​បេសកកម្ម​នោះ​រួចមក លោកបាន​ត្រលប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ ជាច្រើនលើកច្រើនសា។ អតីត​ព្រះមហាក្សត្រ​ខ្មែរ​ បានអនុញ្ញាត​អោយ​ជនជាតិ​បារាំង​រូបនេះ ​​នាំយក​វត្ថុបុរាណ​ រូបចម្លាក់​ខ្មែរ និង​ឯកសារ​ពាក់ព័ន្ធ​នានា ​​មក​ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​ពីអរិយធម៌​ខ្មែរ អោយបាន​ទូលំទូលាយ។

តាម​រយៈ​បេតិកភ័ណ្ឌ​ទាំងនោះ និង​តាម​រយៈ​ស្នាដៃ​ចាក់ពុម្ព និង​រូបគំនូរផ្សេងៗ​ទៀត របស់​លោក Louis Delaporte ពិព័រណ៍​​នៅ​សារមន្ទីរ​ Guimet នឹង​បង្ហាញ​អ្នកទស្សនា​អោយ​បានដឹងថា តើ​គេ​បាន​រកឃើញ​​​​​បេតិកភ័ណ្ឌ​ខ្មែរ​ទាំងនោះ​ឡើងវិញ​ តាម​របៀប​ណា ? កាលពី​សម័យ​​​អាណានិគម​បារាំងនោះ​ តើ​ប្រាសាទនានា​នៅ​​អង្គរ​​ ​ត្រូវ​បាន​បង្ហាញ​អោយ​សាធារណជន​​ស្គាល់​តាម​របៀបណា​ដែរ?

 

ពិព័រណ៍​​សិល្បៈខ្មែរ​​​នៅ​​សារមន្ទីរ​​ Guimet​​ ទីក្រុង​​ប៉ារីស​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI