ភូមា

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​អំពាវនាវ​អោយ​ភូមា​យកចិត្តទុកដាក់​លើ​បញ្ហា​ភាពក្រីក្រ​ក្នុង​ប្រទេស​

លោកស្រី Christine Lagarde ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ​ FMI
លោកស្រី Christine Lagarde ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ​ FMI Reuters / Magana

នៅថ្ងៃ​សៅរ៍ម្សិលមិញ​នេះ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​ភូមា យកចិត្តទុកដាក់​លើ​​ភាពក្រីក្រ​នៅភូមា។ ថ្វីបើ​សេដ្ឋកិច្ច​ភូមា​កំពុង​តែ​​មានសំទុះ​ទៅមុខ​ក្តី យោងតាមទិន្នន័យ​ឆ្នាំ​២០១០ ប្រជាជន​ភូមា​២៦ភាគរយ​ កំពុង​រស់​ក្នុងជីវភាព​ក្រីក្រ​។ ប្រជាជន​៣ភាគ៤ គ្មាន​អគ្គិសនី​ប្រើប្រាស់ មានស្ត្រីពេញវ័យ​ត្រឹមតែ​១៨ភាគរយ​ប៉ុណ្ណោះ ដែល​​បាន​រៀន​ចប់​មធ្យមសិក្សា រឺក៏​បន្ត​ការសិក្សា​ខ្ពស់​ជាងនេះ។

ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សៅរ៍ម្សិលមិញ​នេះ លោកស្រី គ្រីស្ទីន ឡាហ្ការដឹ Christine Lagarde ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​អំពាវនាវ​អោយ​​​ភូមា យកចិត្តទុកដាក់​លើ​​​បញ្ហា​ភាពក្រីក្រ​ក្នុង​ស្រុក។

លោកស្រី ឡាហ្ការដឹ ដែល​បាន​បញ្ចប់​ទស្សនកិច្ច​នៅភូមា ម្សិលមិញ បានលើកឡើង​ថា នៅ​ពេល​ដែល​ភូមា​កំពុង​តែ​បើកទ្វារ​ចំហរ និង​អភិវឌ្ឍ​ទៅមុខ ភូមា​ត្រូវការ​គ្រឹះ​សេដ្ឋកិច្ច​ដ៏ទំនើប​ ដែល​ជា​​អាទិភាព​​បន្ទាន់មួយ។ ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​រំលឹក​រដ្ឋាភិបាល​ភូមា​​​ថា ​ប្រជាជន​ភូមា​២៦ភាគរយ​ កំពុង​រស់​ក្នុងភាព​​ក្រីក្រ។ ភូមា​នៅខ្វះ​​ផ្លូវ​ថ្នល់ ខ្វះ​អគ្គិសនី អ៊ីនថឺនេត និង​ទូរសព្ទ​ប្រើប្រាស់។

ភូមា​ជាប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​ក្នុង​ពិភពលោក។ ក្រោម​អំណាចនៃ​របបសឹកចាស់ អស់​​រយៈ​ពេល​ច្រើន​​ទស្សវត្សរ​កន្លងមក​ អំពើពុករលួយ និង​​​ការគ្រប់គ្រង​សេដ្ឋកិច្ច​​មិនល្អ បាន​ធ្វើ​អោយ​ភូមា​រងគ្រោះ​ធ្ងន់ធ្ងរ។ បន្ទាប់​ពី​របបសឹក​ត្រូវ​បាន​រំលាយចោល នៅ​ឆ្នាំ​២០១១ រដ្ឋាភិបាល​ភូមាថ្មី​បានខិតខំ​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច​យ៉ាង​ខ្លាំងក្លា ប៉ុន្តែ​ ឧបសគ្គ​នៅតែមាន​ច្រើននៅឡើយ។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ផ្តល់​យោបល់​អោយរដ្ឋាភិបាល​ភូមា ដើរតាម​មាគ៌ា​នៃ​កំណើន​​បែប​ស្ថិតស្ថេរ​មួយ សំរេច​អោយ​បាន​នូវ​ការ​​​អភិវឌ្ឍ​​​ន៍​ទិន្នផល​​​​កសិកម្ម​ ដើម្បី​កាត់បន្ថយភាព​ក្រីក្រ។ ​ ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ លោកស្រី គ្រីស្ទីន ឡាហ្ការដឹ Christine Lagarde បាន​រិះគន់​ចំណាយ​ផ្នែកសុខភាព​និង​អប់រំ​ របស់ភូមា ព្រោះថាសំរាប់​ផ្នែក​នេះ​ រដ្ឋាភិបាល​ភូមា​ចំណាយ​ត្រឹមតែ​១,៥ រឺ​ក៏​១,៧ភាគរយ​ប៉ុណ្ណោះ នៃ​ផលិតផល​​ក្នុង​ស្រុក​សរុប។ អត្រា​នេះ​ជាអត្រាមួយ​​ទាប​បំផុត​ នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន។ ជាក់ស្តែង ស្ត្រីពេញវ័យ​ភូមា​​ត្រឹមតែ​១៨ភាគរយ​ប៉ុណ្ណោះ ដែល​​ទទួល​បាន​​បញ្ចប់​​​​ថ្នាក់​មធ្យមសិក្សា រឺក៏​បន្ត​ការសិក្សា​ខ្ពស់​ជាងនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI