កម្ពុជា-កូរ៉េខាងជើង

សម្តេច​ឪ​នរោត្តម សីហនុ​នឹង​ផ្ញើសារ​រំលែកមរណ​​ទុក្ខ​​លោក​គីម ជុងអ៊ីល

ទង់ជាតិកូរ៉េខាងជើង នៅកម្ពុជាទម្លាក់​មក​នៅ​ពាក់​កណ្តាល​ដង
ទង់ជាតិកូរ៉េខាងជើង នៅកម្ពុជាទម្លាក់​មក​នៅ​ពាក់​កណ្តាល​ដង RFI/Channa Siv

ព្រះមហាវីរក្សត្រ​នរោត្តម សីហនុ​បាន​ផ្ញើ​លិខិត​រំលែក​ទុក្ខ​ នៅ​ថ្ងៃ​ចន្ទ​នេះ ​ចំពោះ​មរណភាព​របស់​អគ្គមគ្គទេសក៍កូរ៉េ​ខាង​ជើង​លោក​គីម ជុងអ៊ីល។ លោក​គីម ជុងអ៊ីល​ជា​កូនប្រុស​របស់​សេនាប្រមុខ​គីម អ៊ីលស៊ុង​ ដែល​ត្រូវ​ជា​បង​ធម៌​របស់​សម្តេច​ឪ​នរោត្តម សីហនុ។ នេះ​បើ​តាម​បន្ទូល​របស់​ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា​អះអាង​ថា​ជំហរ​កម្ពុជា ​គឺ​នឹង​នៅ​តែ​បន្ត​ទំនាក់ទំនង​ល្អ​ជាមួយ​កូរ៉េ​ខាងជើង​ដដែល។

ផ្សាយពាណិជ្ជកម្ម

សម្តេច​ឪ​នរោត្តម សីហនុ​បាន​ផ្ញើ​ព្រះរាជសារ​រំលែក​ទុក្ខ​មរណភាព​របស់​មេដឹកនាំ​កំពូល​កូរ៉េ​ខាង​ជើង​គីម ជុងអ៊ីល​ នៅ​ថ្ងៃ​ចន្ទ​នេះ។ នេះ​បើ​តាម​បន្ទូល​អះអាង​របស់​ព្រះរាជ​លេខា​ផ្ទាល់​របស់​សម្តេចឪ គឺ​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ។

ព្រះអង្គម្ចាស់​ធម្មិកោ​បាន​មាន​បន្ទូល​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ថា សម្តេចតា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ខ្លាំង​ ជាមួយ​ប្រទេស​កូរ៉េ​ខាងជើង​ តាំង​ពី​ចុង​ទសវត្សរ៍​ទី​​៦០​ជាមួយ​សេនាប្រមុខ​គីម អ៊ីលស៊ុង​ ដែល​ជា​ឪពុក​របស់​អគ្គមគ្គទេសក៍​​គីម ជុងអ៊ីល ​ដែល​ទើប​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ។

ព្រះមហាវីរក្សត្រ​បាន​មាន​ទំនាក់ទំនង​កាន់​តែ​ស្និទ្ធ នឹង​របប​ព្យុងយ៉ាង​រហូត​ដល់​របប​នេះ​សង់​ព្រះរាជ​ដំណាក់​មួយ​ថ្វាយ​ព្រះអង្គ​ទៀត​ផង។ ព្រះរាជលេខា​ផ្ទាល់​របស់​សម្តេច​ឪ​គឺ​ព្រះអង្គ​ម្ចាស់​ធម្មិកោ​បាន​មាន​បន្ទូល​ថា សម្តេច​ឪ​បាន​ចាត់ទុក​លោក​សេនា​ប្រមុខ​គីម អ៊ីលស៊ុង​ជា​បងធម៌​របស់​ព្រះអង្គ​ទៀតផង។ ហើយថា​ជា​ការ​តប​ស្នង​វិញ សម្តេច​ឪ​បាន​ប្រគល់​ដំណាក់​ដែល​ព្រះអង្គ​បានប្រសូត អោយ​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​ខ្ចី​ធ្វើ​ជា​ស្ថានទូត​សព្វថ្ងៃ​នេះ​។

ទំនាក់ទំនង​ល្អ​នេះ​នឹង​នៅ​បន្ត​រហូត​ បើ​ទោះ​ជា​មេដឹកនាំ​កំពូល​គីម ជុងអ៊ីល​ទទួល​មរណភាព​ក៏ដោយ នេះ​បើ​យោង​តាម​ការ​អត្ថាធិប្បាយ​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក​កុយ គួង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI