អានតួអត្ថបទ
ហ្វីជី

កង​ទ័ព​​មួក​​ខៀវ​​ហ្វី​​ជី​៤៥​នាក់ ​ដែល​​ក្រុម​​ឧទ្ទាម​​នៅ​​ស៊ី​​រី​​ចាប់​​ជា​​ចំណាប់​ខ្មាំង​ ត្រូវ​បាន​​ដោះ​លែង​

កង​ទ័ព​មួក​ខៀវ​របស់​អង្គការ​សហ​ប្រជាជាតិ​
កង​ទ័ព​មួក​ខៀវ​របស់​អង្គការ​សហ​ប្រជាជាតិ​
ដោយ៖ អ៊ឹម រចនា
១៤ នាទី

កង​ទ័ព​​មួក​​ខៀវ​​ជន​ជាតិ​​ហ្វី​ជី​​ចំនួន​៤៥​នាក់ ​ដែល​​ត្រូវ​បាន​​ចាប់​​ជា​​ចំណាប់​ខ្មាំង​​ដោយ​​ក្រុម​​ឧទ្ទាម​​នៅ​​ស៊ី​រី​​អស់​​ពេល​២​សប្ដាហ៍​​មក​ហើយ​​នោះ ​ត្រូវ​បាន​​ដោះ​លែង​​ឲ្យ​​មាន​​សេរីភាព​​ឡើង​វិញ​​ហើយ​ នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​ម្សិល​មិញ​។ ​នេះ​​បើ​តាម​​ការ​​ឲ្យ​​ដឹង​​ពី​​អ្នក​នាំ​ពាក្យ​​អង្គការ​សហ​ប្រជា​ជាតិ​។ ​នាយក​រដ្ឋ​មន្ដ្រី​​នៃ​​សាធារណរដ្ឋ​​ហ្វី​ជី ​បាន​​សម្ដែង​​ការ​ស្វាគមន៍​​ចំពោះ​​ការ​ដោះ​លែង​​នេះ ​និង​​បាន​​ហៅ​​កង​ទ័ព​​មួក​​ខៀវ​​ទាំង​៤៣​នាក់​​នេះ​ ថា​​ជា​​វីរជន​។​

ផ្សាយពាណិជ្ជកម្ម

លោក​បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ស្វាគមន៍​ចំពោះ​ការដោះលែង​កងទ័ព​មួក​ខៀវ​ហ្វី​ជី​ទាំង៤៥នាក់ ដែល​ត្រូវបាន​ក្រុម​ឧទ្ទាម Al-Nusra នៅ​ស៊ី​រី ចាប់​ជា​ចំណាប់ខ្មាំង​តាំងពី​ចុងខែ​សីហា​មក។ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​ធានា​សុវត្ថិភាព​របស់​កងទ័ព​មួក​ខៀវ​ទាំងនេះ។

ការស្វាគមន៍​ក៏មានដែរ ពី​សំណាក់​លោក Frank Bainimarama នាយករដ្ឋមន្ដ្រី​នៃ​សាធារណរដ្ឋ​ហ្វី​ជី។ នៅ​ចំពោះមុខ​អ្នកកាសែត នៅ​ថ្ងៃ​សុក្រ​ទី១២កញ្ញា​នេះ លោកនាយក​រដ្ឋមន្ដ្រី​ហ្វី​ជី​បាន​ហៅ​កងទ័ព​មួក​ខៀវ​ទាំង៤៥នាក់​នេះ​ថា​ជា​វីរបុរស។ លោក​ថា កងទ័ព​ទាំង៤៥នាក់​បាន​រក្សា​ភាព​អត់ធ្មត់​យ៉ាងខ្លាំង ក្នុងអំឡុងពេល​ឃុំឃាំង ហើយ​ដោយសារតែ​ការគោរពវិន័យ​ហ្មត់ចត់​ដូច្នេះ​ទើប​កងទ័ព​ទាំង៤៥នាក់​ត្រឡប់មកវិញ​គ្រប់​ចំនួន គ្មាន​នរណាម្នាក់​ស្លាប់ ហើយ​សូម្បីតែ​របួស​ពី​ការធ្វើ​ទារុណកម្ម​ក៏​គ្មាន​ដែរ។

លោក Frank Bainimarama ឲ្យ​ដឹង​ទៀតថា កងទ័ព​មួក​ខៀវ​ដែល​ទើបតែ​ត្រូវបាន​ដោះលែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី១១កញ្ញា​នេះ មាន​សុខ​ភាពល្អ និង​មិនមាន​ការបាក់​ទឹកចិត្ត​អ្វី​នោះទេ។ លោក​ថា ពួកគេ​ទាំង៤៥នាក់ ប្រហែលជា​ត្រូវការ​សម្រាក​មួយរយៈ មុននឹង​ត្រឡប់​ទៅ​បំពេញភារកិច្ច​ជា​កង​រក្សា​សន្តិភាព​ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​វិញ នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា។

គួររំលឹកថា កងទ័ព​មួក​ខៀវ មកពី​ប្រទេស Fiji ចំនួន៤៥នាក់ ត្រូវបាន​ក្រុម​ប្រដាប់អាវុធ Al-Nusra នៅ​ស៊ី​រី បង្ខំ​ឲ្យ​ទម្លាក់អាវុធ​ចុះ និង​ព្រម​ប្រគល់​ខ្លួន​ទៅ​ឲ្យ​ពួកគេ​ជា​ចំណាប់ខ្មាំង នៅត្រង់​ច្រក​ឆ្លងកាត់​មួយ ក្នុង​តំបន់ Golan Heights កាលពី​ថ្ងៃទី២៨ខែសីហា​កន្លងទៅ។ ដោយឡែក កងទ័ព​មួក​ខៀវ​ហ្វីលីពីន​ចំនួន៨១នាក់ បាន​ប្ដេជ្ញា​តតាំង​ជាមួយ​ក្រុម​ឧទ្ទាម ដោយ​បដិសេធ​មិន​ព្រម​ទម្លាក់អាវុធ​ចោល​ឡើយ។ កងទ័ព​មួក​ខៀវ​ហ្វីលីពីន​ទាំង៨១នាក់​នោះ ក្រោយមក​បាន​រត់​រួច​ពី​ការហ៊ុំព័ទ្ធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ