អគ្គិភ័យឆេះ នាវាមុជទឹកបរមាណូនៅការដ្ឋានជួសជុល
ការដ្ឋានជួសជុលនេះ គឺស្ថិតនៅជិតក្រុងផែ Mourmansk មាត់សមុទ្ទ Barents ចម្ងាយប្រមាណ ១.៥០០គ.ម. ខាងជើងពី រដ្ឋធានីម៉ូស្គូ។ នាវាមុជទឹកបរមាណូនោះឈ្មោះ Ekaterinbourg។ វាធ្លាក់ខ្លួនឆេះ គឺតាំងពីរសៀលម្សិលមិញមកហើយឥឡូវត្រូវសន្មតថារលត់ទៅហើយ។ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា អត្រាវិទ្យុសកម្មនៅទីការដ្ឋានជុំវិញកន្លែងឆេះនោះ ស្ថិតក្នុងភាពប្រក្រតីធម្មតាមិនឡើងហួសពីកម្រិតដែលត្រូវមានឡើយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គួរនិយាយថា តាំងពីមុនចូលខ្លួនទៅទទួលការជួសជុល នៅការដ្ឋានដែល ស្ថិតនៅចម្ងាយ៧គ.ម.ពីក្រុងផែ Mourmansk ទាំងម៉ាស៊ីនប្រតិករនុយក្លេអ៊ែរ២គ្រឿង របស់នាវាបានត្រូវពន្លត់ឲ្យឈប់ដើរ ទាំងសព្វាវុធនុយក្លេអ៊ែរសោត របស់នាវា បានត្រូវដោះចេញទៅដែរ។
មូលហេតុនៃការឆេះនោះ គឺបណ្តាលមកពី ផ្កាភ្លើងនៃប្រដាប់ផ្សារ ពេលបំពេញប្រតិបត្តិការ ជួសជុល បានខ្ទាតសព្វទិសទៅប៉ះ គ្រោងធ្វើពីឈើ ព័ទ្ធជុំវិញតួខ្លួននាវា សម្រាប់កម្មករឡើង បំពេញការងារជួសជុលផ្ទាល់។
អគ្គិភ័យបានឆាបឆេះគឺនៅម៉ោង៤រសៀលម្សិលមិញ វាឆេះ ទ្រលោម លុះទាល់តែអណ្តាតភ្លើងវា វាត់ដល់កំពស់ ១០ម៉ែត្រឯណោះ។ អណ្តាតភ្លើងនេះ បាន បណ្តាលឲ្យឆេះ ទាំងស្រទាប់កៅស៊ូដែលព័ទ្ធជុំវិញតួខ្លួននាវាតែម្តង កៅស៊ូនេះ គឺសម្រាប់រំខាន ដល់ Radar កុំឲ្យស្កាត់ចាប់បាន អំពីដំណើរចល័តនៃនាវាផ្ទាល់។
ដើម្បីបន្សោយការឆេះនិងសម្រួលដល់ការលត់ភ្លើង គេបានសម្រេចថាពន្លិចតួខ្លួននាវាឲ្យលិចទៅក្នុងទឹកអស់ពាក់កណ្តាលតួខ្លួនទៅ។ ពេញមួយយប់កន្លងទៅ ប្រតិបត្តិការលត់ភ្លើងនោះ បានប្រព្រឹត្តទៅគ្មានឈប់ទេ លុះទាល់តែលែងមានអណ្តាតភ្លើងឆេះទៀតឡើយ។ ហើយតាំងពីព្រឹកមិញមក ការលត់នេះបន្តប្រព្រឹត្តទៅក្នុងបន្ទប់ច្រើនរាប់មិនអស់ខាងក្នុងនាវា កុំឲ្យមាន នៅសល់ភ្នក់ភ្លើងណាឡើយ។ មកទល់ម៉ោងនេះ អគ្គិភ័យត្រូវសន្មតថា បង្ក្រាបបានទាំងស្រុងតែម្តង។ ក្នុងប្រតិបត្តិការបង្ក្រាបនេះ មានអ្នកលត់ភ្លើង២នាក់និងយោធា៧នាក់ធ្លាក់ខ្លួនរងគ្រោះ។
ក្នុងរបាយការណ៍ជូនលោកប្រធានាធិបតី មេដវេដេវ និងជូនលោកនាយករដ្ឋមន្ត្រីពូទីន មានលើកឡើងថា ការវាស់ស្ទង់កម្រិតវិទ្យុសកម្ម នៅតំបន់កើតហេតុ ធ្វើជាប់ជានិច្ចដោយស្ថានីយខាងត្រួតពិនិត្យចំនួន ៨៤កន្លែងក្នុងនោះ មាន២៥ គឺចល័តពីកន្លែងមួយទៅមួយ។
នាវាមុជទឹកបរមាណូ ឈ្មោះ Ekaterinbourg បានត្រូវដាក់ឲ្យដំណើរការ គឺក្នុងឆ្នាំ១៩៨៤។ វាបំពាក់ទៅដោយ កាំជ្រួចមីស្ស៊ីលបរមាណូអន្តរទ្វីប ចំនួន១៦ដើម។ វាដើរដោយម៉ាស៊ីនប្រតិករនុយក្លេអ៊ែរ ២ គ្រឿងមានកម្លាំងភ្លើងសរុប ១៨០ Megawatt។
ក្នុងកងម៉ារីនរុស្ស៊ី តាមប្រសាសន៍លោកឧត្តមនាវី Oleg Bourtsev ជាមេបញ្ជាការរងទី១ នៃកងម៉ារីននេះ បច្ចុប្បន្ន មាននាវាមុជទឹកប្រភេទប្លែកៗចំនួន៦០គ្រឿង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ