អានតួអត្ថបទ
សហរដ្ឋអាមេរិក

ទីភ្នាក់ងារ​ Fitch Rating​ ព្រមាន​​ទំលាក់​​ចំណាត់ថ្នាក់​បំណុល​អាមេរិក​

ការិយាល័យ​ទីភ្នាក់ងារ​ Fitch ratings នៅក្រុង New york
ការិយាល័យ​ទីភ្នាក់ងារ​ Fitch ratings នៅក្រុង New york Facebook.com
ដោយ៖ ព្រំ សឿន សូលីណា
១៣ នាទី

ទីភ្នាក់ងារ​វាយតំលៃ​ហានិភ័យ​បំណុល​អន្តរជាតិ​​ ឈ្មោះ​ថា Fitch Rating បាន​ប្រកាស​នៅថ្ងៃ​អង្គារ​ម្សិលមិញ​នេះថា ​​អាមេរិក ​​អាច​បាត់បង់​ចំណាត់ថ្នាក់​បំណុល​​កម្រិត​AAA ដែល​ជា​ចំណាត់ថ្នាក់​ខ្ពស់របស់​ខ្លួន​។ មូលហេតុ​ គឺ​ដោយសារ​តែ​​វិបត្តិ​​នយោបាយ​​ដែល​បង្ក​អោយចេញ​ជា​វិបត្តិថវិកា​ក្នុង​ស្រុកនោះ​ ​នៅតែ​ពន្យារពេល​មិនទាន់​ដោះស្រាយចេញ។

ផ្សាយពាណិជ្ជកម្ម

កន្លងមក​ ទីភ្នាក់ងារ​វាយតំលៃ​ហានិភ័យ​បំណុល​​​អន្តរជាតិ​ Fitch Rating ​ធ្លាប់​បាន​ដាក់​ចំណាត់ថ្នាក់​បំណុល​​របស់​អាមេរិក ក្នុង​កម្រិតពិន្ទុ​​AAA ដែល​​ជា​ពិន្ទុដ៏​​ខ្ពស់បំផុត។ ចំណាត់ថ្នាក់​​បំណុល​នេះ ជាល័ក្ខខ័ណ្ឌ​​​សំរាប់​រដ្ឋាអាមេរិក​​ក្នុង​ការ​ខ្ចីលុយ​ប្រើប្រាស់​​ក្នុង​ស្រុក។

ប៉ុន្តែ នៅថ្ងៃ​អង្គារ​ម្សិលមិញ ទីភ្នាក់ងារ​នេះ​បាន​​​​ព្រមាន​​ថា ខ្លួន​អាច​នឹង​បន្ថយ​ពិន្ទុ​នេះទៅវិញ​ ដោយសារ​តែ​បញ្ហា​នយោបាយ​​ជាមូលហេតុ​​អោយ​អាមេរិក​ជាប់កុន​ក្នុង​វិបត្តិថវិកា​នោះ នៅ​មិនទាន់​ដោះស្រាយរួច។ ទីភ្នាក់ងារ​ Fitch បាន​​លើក​ហេតុផល​​ថា អាជ្ញាធរ​អាមេរិក​មិន​បាន​តំលើង​កម្រិត​បំណុល​​សាធារណៈ​ អោយ​បាន​សមស្រប​តាម​ពេលវេលា ដើម្បី​អោយ​​ក្រសួង​ហិរញ្ញវត្ថុ​ចៀសផុត​ពី​បញ្ហា​ថវិកា។

​​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​​ ធ្លាប់បាន​ប្រាប់ថា ប្រសិន​បើ​អាមេរិក​មិន​​តម្លើង​កម្រិត​បំណុល​សាធារណៈ​នោះទេ ក្រសួង​នឹង​អស់​លទ្ធភាព​ខ្ចី​ប្រាក់កាស​ នៅថ្ងៃ​១៧តុលា​នេះហើយ។ ដូច្នេះ ក្រសួង​នឹង​នៅសល់​តែ​ថវិកា​ប្រមាណ​៣០ពាន់​លានដុល្លារ ដែល​ត្រូវ​ប្រើ​ប្រឈម​នឹង​​​ចំណាយ​ខ្ពស់ នៅពេល​ខាងមុខ​ទៀតនេះ។

គួររំលឹកថា ដោយសារ​តែ​បាន​ជំទាស់​នឹង​គំរោង​សុខភាព​របស់​ប្រធានាធិបតីអូបាម៉ា គណបក្ស​​សាធារណរដ្ឋ​ដែល​ជា​បក្ស​ប្រឆាំង​នៅ​អាមេរិក​​​ បាន​បដិសេធ​ធ្វើច្បាប់​ថវិកា​ដល់​​លោក​អូបាម៉ា បង្ក​អោយ​នយោបាយ​​ថវិកា​អាមេរិក​ជាប់​គាំង ប្រជាជន​រាប់សិបម៉ឺននាក់​ត្រូវ​ព្យួរ​ពីការងារ​ មិន​បាន​ទទួលប្រាក់ខែ។ រហូត​មកដល់​ពេលនេះ បក្ស​ប្រឆាំង​និង​បក្ស​កាន់អំណាច​នៅ​មិនទាន់​មានការ​ចុះសម្រុង​គ្នា​​ ដើម្បី​​រកច្រកចេញ​ផ្នែក​​ថវិកា​ជាតិ​នៅឡើយ​ទេ។

ទីភ្នាក់ងារ​អន្តរជាតិ​Fitch Rating ជាទីភ្នាក់ងារ​វាយតំលៃ​ហានិភ័យ​បំណុល​​​​ដ៏តូច​មួយ ជាទីភ្នាក់ងារ​របស់​បារាំង​និង​អាមេរិក​រួមគ្នា។ ​​ការប្រកាស​ចង់​បន្ថយ​ចំណាត់ថ្នាក់​​បំណុល​​​ពីសំណាក់​​ទីភ្នាក់ងារ​ Fitch នេះ​ សបញ្ជាក់​ថា សេចក្តីសំរេច​របស់​ទីភ្នាក់ងារ ផ្តោត​សំខាន់​លើ​​​​​ទង្វើ​នយោបាយ​​ ជាជាង​លើ​ល័ក្ខខ័ណ្ឌ​សេដ្ឋកិច្ច​​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ