កម្ពុជា

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​-ថៃ​ព្រមព្រៀង​ប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ​កម្ពុជា-ថៃ​JBC​ នៅ​ចុង​ខែ​កុម្ភៈ​

លោក​ប្រមុខការទូត​កម្ពុជា ហោ ណាំ ហុង
លោក​ប្រមុខការទូត​កម្ពុជា ហោ ណាំ ហុង RFI/Chheang Bopha

រដ្ឋមន្ត្រី​ការបរទេស​​កម្ពុជា​និង​​រដ្ឋមន្ត្រី​​ការបរទេស​​ថៃ​នៅ​ក្នុង​​កិច្ចប្រជុំ​​នា​​ថ្ងៃ​ទី​ ​២៩​​ធ្នូ​​នេះ ​បាន​​ព្រម​ព្រៀង​​គ្នា​ឲ្យ​មាន​​កិច្ច​ប្រជុំ​​គណៈកម្មការ​​ព្រំដែន​​ចម្រុះ​​កម្ពុជា​-​ថៃ ​JBC​នៅ​​ថ្ងៃ​​ទី​​២៩​​កុម្ភៈ​ និង​​ថ្ងៃ​​ទី​​១ ​​មីនា​ឆ្នាំ​​២០១២​នៅ​​ប្រទេស​​ថៃ​។​ កិច្ច​ប្រជុំ​​នោះ ​ដើម្បី​​ដោះស្រាយ​​បញ្ហា​​ព្រំដែន​នៅ​​ក្រៅ​​តំបន់​​ព្រំដែន​​ប្រាសាទ​​ព្រះវិហារ​។​ ប្រមុខ​​ការទូត​​ទាំង​ពីរ​​ក៏​​បាន​​ព្រមព្រៀង​​ជំរុញ​​ការ​ចរចា​ លើ​​ការ​រុករក​​ប្រេង​និង​​ឧស្ម័ន​នៅ​​តំបន់​​ត្រួត​ស៊ីគ្នា​​ផង​ដែរ​។​

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ថៃ​នៅ​ព្រឹកមិញ ​លោក​ ហោ ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស​​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​រួម​គ្នា​ថា រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​បាន​ឯកភាព​គ្នា​ថានឹង​មាន​ការប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​ថៃ JBCដើម្បី​រក​បោះ​បង្គោល​​​​ព្រំដែន​ដែល​នៅ​សេសសល់​ចំនួន ២៥ ទៀត នៅ​ក្រៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​។

​តាម​លោក​ហោ​ណាំហុង តំបន់ព្រំដែន​ព្រះវិហារ ទុកឲ្យ​ការបកស្រាយ​របស់​តុលាការ​ក្រុង​ឡាអេ ​តែ​ក្នុង​ពេល​រង់ចាំ​នេះ កម្ពុជា​-​ថៃ​អាច​រក​បោះបង្គោល​ព្រំដែន នៅ​តំបន់​ផ្សេងទៀត ក្រៅ​ពី​តំបន់​ព្រះវិហារ​។​

​ជា​ការលើកឡើង ដែល​ទទួលបាន​ការយល់ព្រម​ពី​រដ្ឋមន្ត្រី​ការបរទេ​ស​ថៃ សុរ​ពង្ស តូ​វិច័ក្ស ឆ័យ​គុល ( SURAPONG TOVICHAK CHAIKUL ) ។ លោក​សុរ​ពង្ស បានប្រកាសថា កិច្ចប្រជុំ JBC នឹង​ធ្វើឡើង​នៅ​ប្រទេស​ថៃ នា​ថ្ងៃ​ទី​២៩​កុម្ភៈ និង​ថ្ងៃ​ទី​១​មីនា​ខាងមុខ​។​

ប្រមុខ​ការទូត​ប្រទេស​ទាំង​ពីរ ក៏​បាន​ឯកភាព​អនុវត្តតាម​សាលដីកា​របស់​តុលាការ​ឡាអេ ក្នុង​រឿង​ដកទ័ព​ពី​ព្រំដែន​ព្រះវិហារ​ផងដែរ​។ ក្រៅពីនោះ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បានលើក​ឡើង​​​ពី​ការរុករក​ប្រេង និង​ឧស្ម័ន នៅ​តំបន់​ព្រំដែន​សមុទ្រ​ត្រួតស៊ីគ្នា ដែល​រដ្ឋមន្ត្រី​ថាមពល​ថៃ និង​លោក​សុខ​អាន ប្រធាន​អាជ្ញាធរ​ប្រេងកាត​កម្ពុជា បាន​បើក​កិច្ចពិភាក្សា​ដាច់ដោយឡែក​មួយ​ នៅ​ព្រឹក​នេះ​។ ជា​លទ្ធផល ភាគី​ទាំងពីរ បាន​ត្រឹមត្រូវ​ឯកភាព​ជា​គោលការណ៍ និង​បន្ត​កិច្ច​ចរចា តែ​ជំ​ហាន​ដំបូង ប្រទេស​ទាំង​ពីរ ត្រូវ​ដោះស្រាយ កំណត់​ព្រំដែន​សមុទ្រ​ជាមុនសិន​។

​ទាក់ទង​នឹង​រឿង​អ្នកទោស​ថៃ​ពីរ​នាក់ ដែល​ជា​ក្រុម​សកម្មជន​អាវ​លឿង​ថៃ កំពុង​ជាប់​ឃុំ​នៅ​កម្ពុជា ត្រូវបាន​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា បញ្ជាក់ថា មិន​អាច​ដោះលែង​បាន​ទេ​នៅ​ពេល ដោយសារ​តែ​ច្បាប់​កម្ពុជា តម្រូវ​ឲ្យ​ទណ្ឌិត​នោះ ជាប់ទោស ២ ភាគ ៣ ជាមុនសិន ទើប​ព្រះមហាក្សត្រ លើកលែងទោស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI