អ៊ុយក្រែន

តុលាការ​ប្រកាស​សាលក្រម​​សំណុំរឿង​លោកស្រី Yulia Timoshenko

អតីត​នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន Yulia Timoshenkoត្រូវ​តុលាការ​ប្រកាស​សាលក្រម​ថា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ឧស្ម័ន ដែល​ធ្វើ​ឲ្យអ៊ុយក្រែន​​ខាត​ប្រយោជន៍​
អតីត​នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន Yulia Timoshenkoត្រូវ​តុលាការ​ប្រកាស​សាលក្រម​ថា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ឧស្ម័ន ដែល​ធ្វើ​ឲ្យអ៊ុយក្រែន​​ខាត​ប្រយោជន៍​ ©Reuters

ដើម្បី​ដោះស្រាយ​វិបត្តិ​ឧស្ម័ន ដែល​ចំហាយវា បាន​ជះ​ទាំង​ទៅលើ​សហភាពអឺរ៉ុប-សហភាព​ដែល​ទទួល​ឧស្ម័នរុស្ស៊ី បង្ហូរ​កាត់តាម​ដែនដី​អ៊ុយក្រែន នា​ថ្ងៃ១៩​មករាឆ្នាំ​២០០៩ លោកស្រី Yulia Timoshenko ពេល​កាន់តំណែង ជា​នាយករដ្ឋមន្ត្រី អ៊ុយក្រែន ពីខែ​ធ្នូឆ្នាំ២០០៧ ដល់ ខែ​មីនាឆ្នាំ​២០១០ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រុស្ស៊ី។ ដោយសារ​ការចុះ​ឯកសារ​នេះ គាត់​ជាប់​ចោទ​ថា បណ្តាល​ឲ្យ​ភាគី​អ៊ុយក្រែន​បង់ខាត​អស់ ២០០​លាន​ដុល្លារ ហើយ​ត្រូវ​បាន​ចាប់ ឃុំឃាំង​តាំង​ពី ថ្ងៃ ៥​សីហា​មក គឺ​ជាង២ខែ​មក​ហើយ។ នៅថ្ងៃអង្គារ​នេះ តុលាការ​កាត់ទោស​ឲ្យ​គាត់​ជាប់​ពន្ធនាគារ​រយៈពេល ៧​ឆ្នាំ។

ផ្សាយពាណិជ្ជកម្ម

 

តុលាការ​ក្រុង Kiev ទទួល​ស្គាល់​រូបលោកស្រី អតីតនាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន Yulia Timoshenko ថា មាន​ទោស ជុំវិញ​របស់​ដែល​ហៅ​ថា “សំណុំរឿង​ឧស្ម័ន”។ តាំងពី ម៉ោង៩ព្រឹក​ថ្ងៃ​អង្គារ​នេះមក ​ចៅក្រម ជាប្រធាន​អង្គជំនុំជម្រះ គឺ​លោក Rodion Kiriyev ដោយអាន សាលក្រម បានប្រកាសថា លោកស្រី បានរំលោភ​លើ​អំណាចខ្លួន​មែនពិត ពេលចុះ កិច្ច​ព្រមព្រៀង​ឧស្ម័ន ជាមួយ​រុស្ស៊ី កាលពីដើម ឆ្នាំ២០០៩។ តុលាការ​ចាត់ទុក​ជា​ភស្តុតាង​នៃ​ទោស​ពិរុទ្ធ​របស់​គាត់ គឺ​ការ​ដែល​លោកស្រី អតីត​នាយក​រដ្ឋមន្ត្រី​រូបនេះ បាននាំ​ជា​ការបង់ខាត​ដល់​ក្រុមហ៊ុន​ឧស្ម័ន និង​ប្រេងកាត របស់​រដ្ឋអ៊ុយក្រែន ឈ្មោះ Naftogaz អស់១.៥០០លាន Hrivna ឬ​ស្មើ​នឹង​ ២០០លាន​ដុល្លារ​អាមេរិក។

ចំពោះ​ទោសនេះ ភាគី​រដ្ឋអាជ្ញា​ទាមទារ​ឲ្យ​កាត់ទោស​រូប​លោកស្រី ជាប់​ពន្ធនាគារ​ដល់៧ឆ្នាំ។

គួររំលឹក​ថា ក្រសួង​ការបរទេស​រុស្ស៊ី ទាក់ទង​នឹង​សាច់រឿងនេះ បាន​ថ្លែងទៅហើយ ថា កិច្ច​ព្រមព្រៀង ដែលចុះ​នោះ គឺចុះ​ដោយ​ស្រប​នឹងច្បាប់​រុស្ស៊ីផង និង​ច្បាប់​អ៊ុយក្រែន​ផង។

រូប​លោកស្រី Timoshenko ផ្ទាល់ មុនពេល​បើក​អង្គ​សវនាការនោះ បានថ្លែង​ទៅ​ពួក​អ្នកកាសែត ថា “ សាលក្រមដែល​ប្រកាស​ថ្ងៃនេះ នឹង​ពុំនាំ​ឲ្យ​ប្រែប្រួល​ដល់​ជីវិតខ្ញុំ ដល់​ការតស៊ូ​របស់ ខ្ញុំឡើយ។ ជា​ការល្អ ដែល​ធាតុពិត​នៃ​សាលក្រមនេះ គឺ​មិនមែន​ប្រកាស ដោយ​លោកចៅក្រម Kiriyev ទេ តែគឺ ដោយ​ប្រធានាធិបតី ឈ្មោះ Yanoukovich។

ជា​ការកត់សម្គាល់ ដោយ​ហេតុថា លោកប្រធានាធិបតី Yanoukovich ជា​សត្រូវ​ស្លាប់រស់ ទល់នឹង លោកស្រី Timoshenko ដែលជា​អ្នកបស្ចិមលោក​និយម​ឥតរាថយ បានជា ការកាត់ទោស​រូបលោកស្រីនោះ ត្រូវ​មតិទូទៅ បកស្រាយថា មាន​លក្ខណៈ​នយោបាយ​ដើម្បី កាច់​បំបាក់​ឆន្ទៈ គូ​ប្រជែង​ខ្លួន​នេះ។ បើ​លោកស្រី Timoshenko ត្រូវ​ជាប់គុក ៧​ឆ្នាំ​មែន នោះ​គាត់​លែង​អាច​ចូល​ប្រឡូក ក្នុង​ការបោះឆ្នោត​សភា នៅឆ្នាំ​២០១២ និង​ការបោះឆ្នោត ប្រធានាធិបតី នៅឆ្នាំ​២០១៥។

គណៈកម្មការ​អឺរ៉ុប បាន​ថ្លែង​ទៅហើយ​ថា ទំនាក់ទំនង​របស់​អ៊ុយក្រែន​ជាមួយ​សហភាព​អឺរ៉ុប គឺ​អាស្រ័យ នឹង​វាសនា​រូប​អតីត​នាយករដ្ឋ​មន្ត្រីអ៊ុយក្រែន លោកស្រី Yulia Timoshenkoនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI