បក្សស្តាំជ្រុលនិយមឡើងកូតខ្លាំងក្នុងការបោះឆ្នោតក្រុមប្រឹក្សាខេត្ត
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត (Election cantonale) ថ្ងៃអាទិត្យទី ២០ មីនា ២០១១ ម្សិលមិញ ដែលជាការបោះឆ្នោតដោយផ្ទាល់ចុងក្រោយ មុននឹងឈានដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅឆ្នាំ២០១២ អាចចាត់ទុកថាតេស្តសំខាន់មួយសំរាប់គ្រប់គណបក្សទាំងអស់។ ជាលទ្ធផលនៅក្នុងជុំទីមួយនេះ គណបក្សសង្គមនិយម ដែលជាគណបក្សប្រឆាំង បាននាំមុខដាច់គណបក្សកាន់អំណាច UMP របស់លោកប្រធានាធិបតី នីកូឡា សាកូហ្ស៊ី។ អ្វីជាការកត់សម្គាល់ខ្លាំងមួយទៀត គឺគណបក្សស្តាំនិយមជ្រុល (Front National) ទទួលសំឡេងគាំទ្រស្ទុះឡើងខ្លាំង។ ចំនួន អ្នកមិនចូលរួមបោះឆ្នោត បានកើនឡើងដល់កំរិតកំពូលមិនធ្លាប់មាន គឺប្រមាណជិត ៥៦% ។
សេចក្តីរាយការណ៍របស់ អៀង សុខម៉ិញ
មិនធ្លាប់មានឡើយក្នុងប្រវត្តិនៃការបោះឆ្នោតជ្រើសរើសទីប្រឹក្សាខេត្ត នៅប្រទេសបារាំង ដែលចំនួនអ្នកមិនចូលរួមបោះឆ្នោតបានឡើងដល់ ជិត ៥៦%។
ចំណែកឯលទ្ធផលវិញក៏គួរឲ្យភ្ញាក់ផ្អើល នៅជុំទីមួយនេះ គណបក្សរណសិរ្សជាតិ ដែលជាគណបក្សស្តាំនិយមជ្រុលដឹកនាំដោយលោកស្រី ម៉ារីន ឡឺប៉ែន Marine Le Pen បានស្ទុះឡើងខ្លាំង ដោយបានទទួលសំឡេងគាំទ្រប្រមាណ១៥% គឺដេញយ៉ាងប្រកៀកប្រកិតបំផុត គណបក្សកាន់អំណាច UMP របស់លោកប្រធានាធិបតី នីកូឡា សាកូហ្ស៊ី ដែលទទួលបានការគាំទ្រតែ១៧%។ ជាមួយនឹងការប្រមូលសំឡេងគាំទ្របាន២៥% គណបក្សសង្គមនិយម PS បានឈ្នះនាំមុខគេ។ នៅក្នុងខេត្តខ្លះ ទីប្រឹក្សាគណបក្សសង្គមនិយម បានជាប់ឆ្នោត នៅជុំទីមួយនេះតែម្តង។
ក្នុងការបោះឆ្នោតជុំទីពីរ សប្តាហ៍ក្រោយ គណបក្សសង្គមនិយម ត្រូវប្រឈមតទល់ ក្នុងខេត្តខណ្ឌភាគច្រើន នឹងគណបក្សស្តាំនិយមជ្រុល FN តែម្តង ព្រោះទីប្រឹក្សាគណបក្ស UMP មួយភាគធំត្រូវគណបក្សសង្គមនិយមជម្រុះចោលតាំងពីជុំទីមួយ បាត់ទៅហើយ។
ដើម្បីប្រឈមមុខនឹងការស្ទុះឡើងនៃគណបក្សស្តាំនិយមជ្រុល រណសិរ្សជាតិ ដែលល្បីខាងស្អប់ខ្ពើមជនអន្តោប្រវេសន៍ ប្រមុខដឹកនាំបក្សសង្គមនិយម បានអំពាវនាវ ឲ្យប្រមូលកម្លាំងអ្នកឆ្វេងនិយម និងណែនាំឲ្យបណ្តាជនទៅចូលរួមបោះឆ្នោតនៅជុំទីពីរឲ្យបានច្រើន ព្រមទាំងជំរុញឲ្យបោះឆ្នោតជូនបក្សណាដែលមិនមែនបក្សស្តាំនិយមជ្រុល FN ឬបោះឆ្នោតជូនបក្សកាន់អំណាចតែម្តង ប្រសិនបើបក្សសង្គមនិយម គ្មានវត្តមាននៅជុំទីពីរ។
ប៉ុន្តែនៅចំពោះមុខបរាជ័យជាលើកទីពីររបស់ខ្លួននេះ ប្រមុខដឹកនាំគណបក្សUMP ច្រានចោលលទ្ធភាពបង្រួបបង្រួមជាមួយបក្សស្តាំនិយមផ្សេងទៀត រាប់ទាំងគណបក្សរណសិរ្សជាតិផង នៅក្នុងការបោះឆ្នោតជុំទីពីរ និងមិនបានចេញសេចក្តីណែនាំអ្វីទេ។ សូមបញ្ជាក់ថាកាលពីឆ្នាំ ២០១០កន្លងទៅ គណបក្សកាន់អំណាច UMPនេះ ក៏ធ្លាប់ទទួលបរាជ័យយ៉ាងជូរចត់ដែរក្នុងការបោះឆ្នោតតំបន់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ