បារាំង

បារាំង​ចាត់​វិធាន​ការ​ដើម្បី​ការពារ​សន្តិសុខ​នៅ​​ថ្ងៃ​សូត្រ​ធម៌​សាសនា​អ៊ីស្លាម​​

ក្រោយ​ពី​ទស្សនាវដ្តី​បារាំង​ឈ្មោះ​ Charlie Hebdo បាន​ផ្សព្វផ្សាយ​រូប​ថ្លុក​ប្រមាថ​ព្យាការី​មហាមេដ​​​កាលពី​ថ្ងៃ​ពុធ​មុន​មក ប្រទេស​បារាំង​បាន​ចាត់វិធានការ​ការពារ​សន្តិសុខ​បង្កា​ជា​មុន ដោយ​ខ្លាច​មាន​ភាព​តានតឹង​ដែល​អាច​នឹង​កើត​មាន​នៅ​ថ្ងៃសុក្រនេះ​។ ពីព្រោះ​នៅ​ថ្ងៃ​សុក្រ​ ២១​កញ្ញា​​នេះ ក៏​​ជា​ឱកាស​​មួយ​​ដែរ​​ក្នុងការ​​អំពាវនាវ​បាតុកម្ម​ប្រឆាំង​ទស្សនាវដ្តី​បារាំង Charlie Hebdo ។ នៅ ថ្ងៃ សៅរ៍ ២២ កញ្ញា​ស្អែក ​នឹងមាន​ការ​កេណ្ឌគ្នា​​មួយ​ទៀត​ដើម្បី​ប្រឆាំង​​ភាពយន្ត​​ប្រមាថ​សាសានា​អ៊ីស្លាម ត្រូវ​បាន​ផ្សព្វ​ផ្សាយ​​នៅ​តាម​បណ្តាញ​សង្គម​នានាដែរ។ 

ប្រធាន​សហភាពនៃអង្គការ​អ៊ីស្លាម​នៅប្រទេសបារាំង Ahmed Jaballah (ឆ្វេង)និង​ប្រធាននៃវិហារ​អ៊ីស្លាម​ la Grande Mosquée de Paris លោក​ Dalil Boubakeur.
ប្រធាន​សហភាពនៃអង្គការ​អ៊ីស្លាម​នៅប្រទេសបារាំង Ahmed Jaballah (ឆ្វេង)និង​ប្រធាននៃវិហារ​អ៊ីស្លាម​ la Grande Mosquée de Paris លោក​ Dalil Boubakeur. REUTERS/Jacky Naegelen
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​សុក្រ​២១​កញ្ញា​នេះ ដែល​ជា​ថ្ងៃ​សូត្រធម៌​បួង​សួង​របស់​អ្នកកាន់សាសនា​​អ៊ីស្លាម បណ្តា​អ្នក​ទទួល​ខុសត្រូវ​សហគមន៍​នេះ ដោយ​បារម្ភ​​ខ្លាចក្រែង​​មាន​ភាព​តានតឹង​​​អាចនឹងកើត​មាន បាន​អំពាវនាវ​​សុំ​ឲ្យ​បរិស័ទ​ខ្លួន​រក្សា​នូវ​ភាព​ស្ងប់​ស្ងាត់។ ប្រមុខ​ដឹកនាំ​វិហារ​អ៊ីស្លាម​ដ៏​ធំ​ជាង​គេ​នៅ​ទីក្រុង​ប៉ារីស la Grande Mosquée de Paris លោក Dalil Boubakeur នៅ​ឱកាស​សូត្រ​ធម៌​ ត្រូវ​​អាន​សារ​​អំពាវនាវ​មួយ​នៅ​ក្នុងន័យនេះ។ រីឯ អ្នក​ដឹកនាំ​សហគមន៍​​សាសនា​អ៊ីស្លាម​នៅ​វិហារ​ធំ​​​នៃ​​ក្រុង Lyonវិញ លោក Kamel Kabtane ក៏បាន​អំពាវនាវដែរសុំកុំឲ្យ​​បរិស័ទ​អ៊ីស្លាម​​ ​ធ្លាក់​ចូល​ក្នុង​​អន្ទាក់​នៃ​ការ​​បះបោរ​។

នៅថ្ងៃ​សៅរ៍២២កញ្ញា​​ស្អែក នគរបាល​មួយ​ប្រភេទសំរាប់​ការពារ​ទីក្រុង​ប៉ារីស ត្រូវ​បាន​គេ​​ជញ្ជឹង​គន់​គិត​​ហើយដែរ។ ម្យ៉ាងទៀត នៅ​តាម​កន្លែង​យុទ្ធសាស្រ្ត​ខ្លះៗ ចំនួន​នគរបាល​នឹង​ត្រូវ​​​ពង្រឹង​ថែម​​ទៀត។ នៅក្នុង​ការ​ដឹក​ជញ្ជូន​សាធារណៈ​វិញ ​វិធានការណ៍ត្រួត​ពិនិត្យ​ឃ្លាំមើ​ល​ដ៏​ម័ទធ្យ័ត​បំផុត​​ត្រូវ​បានរៀបចំហើយដែរ-ជា​​ពិសេស​នៅ​ Grande Mosquée de Paris ។

សូមបញ្ជាក់ថា គម្រោង​បាតុកម្ម​ដ៏​ធំ​មួយ ​ត្រូវ​បានមន្ទី​ចាត់ការ​​នគរបាល​ទីក្រុង​ប៉ារីស ហាម​ឃាត់​0។ ​ក៏​ប៉ុន្តែ បាតុកម្ម​នឹងអាច​កើត​មានដែរនៅតាមទីក្រុង​​នានាដែរ​។ ដូចជានៅ Marseille ប៉ែក​ខាង​ត្បូង​ប្រទេស​បារាំង  អ្នក​ទទួល​ខុស​ត្រូវ​​​វិហារ​អ៊ីស្លាម​មួយ បាន​ប្តេជ្ញាចិត្ត​ថា​នឹង​តស៊ូ​ជំនះ​​លើ​​ការ​ហាម​ឃាត់​​ជាយ​ថាហេតុរបស់អាជ្ញាធរបារាំង ​ដើម្បីពួកគេ​នឹង​អាច​​ធ្វើ​បាតុកម្ម​ដោយសន្តិវិធី។ ក៏ប៉ុន្តែ នៅ​ទីក្រុង Lyon  ការ​អំពាវនាវបាតុកម្មមួយនៅ​តាម​បណ្តាញ​សង្គម Facebook បាន​ត្រូវ​ម្ចាស់គំនិត​​លុបចោលវិញនិងរក្សាភាពអនាមិករបស់គេដែរ។

ដោយឡែក ជន​ពីរ​នាក់ដែល​ជាប់​សង្ស័យ​ពីបទ​បាន​ចូល​រួម​ការ​ប្រមូល​ផ្តុំ​គ្នា​មួយ​​​ប្រដាប់​ដោយ​អាវុធ ត្រូវ​បាន​នគរបាល ចាប់​ឃុំខ្លួន​ចាប់តាំង​ពី​​ម្សិល​មិញម្ល៉េះ។​ ការចាប់ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ​នាក់នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ខណៈ​​ដែល​តុលាការ​បារាំង​ បាន​បើក​ការ​ស៊ើប​អង្កេត​មួយ​ដើម្បី​ តាម​ស្វែង​រកក្រុម​អ្នក​រៀបចំ​បាតុកម្ម​ខាងលើ​នេះ។ ចំណែក ​ជន​ទី​៣ ត្រូវបាន​គេ​ចាប់​ឃុំ​ខ្លួននៅក្រុង​ Toulon ​ក្នុង​ខេត្ត ​Var ក្រោយ​ពី​ជន​នេះ បាន​ឆ្លើយ​សារភាព ថាខ្លួ​ន​មាន​បំណង​​​សង​សឹក​ ​អ្នក​ទទួល​ខុសត្រូវនៃ​ទស្សនាវដ្តី Charlie Hebdo៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI