បារាំង

រដ្ឋាភិបាល​​បារាំង​ធ្វើ​កំណែ​ទម្រង់​នយោបាយគ្រួសារ​ដ៏​រសើប

​​ការិយាល័យ​​ជំនួយ​សង្គម​​ នៅ ទីក្រុង​ប៉ារីស
​​ការិយាល័យ​​ជំនួយ​សង្គម​​ នៅ ទីក្រុង​ប៉ារីស DR

រដ្ឋាភិបាល​បារាំង​ បាន​ប្រកាស​​ធ្វើ​កំណែទម្រង់​នយោបាយ​គ្រួសារ​ នៅ​ថ្ងៃ​ចន្ទ​ទី​៣​មិថុនា​ ឆ្នាំ​២០១៣។ កម្មវត្ថុ​នៃ​ការធ្វើ​កំណែទម្រង់​ គឺ​ដើម្បី​កាត់​បន្ថយ​ឱនភាព​ថវិកាក្នុង​ផ្នែក​​ធានា​រ៉ាប់រង​សុវត្ថិភាព​សង្គម​ បានប្រមាណ​ជាង​១ពាន់​លាន​អឺរ៉ូ។ ប៉ុន្តែ​តាម​រយៈ​កំណែ​ទម្រង់​នេះ គ្រួសារ​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​នឹង​ត្រូវ​បង់ពន្ធ​ច្រើន​ជាងមុន ទោះ​បី​មាន​កូន​ច្រើន​ក៏​ដោយ​។ ហេតុ​ដូច្នេះ​ហើយ​បាន​ ​បក្ស​ប្រឆាំង​​​រិះគន់​ថា​ រដ្ឋាភិបាលរបស់​លោក ហ្វ្រង់ស័រ​ ហូឡង់ ​​ចេះ​តែ​ដំឡើង​ពន្ធ​ មិនចេះ​​​កាត់​បន្ថយ​ចំណាយ។

ផ្សាយពាណិជ្ជកម្ម

ការធ្វើ​កំណែទម្រង់​ប្រព័ន្ធ​នយោបាយ​​គ្រួសារ​ ជា​ប្រធានបទ​ដ៏​រសើប​បំផុត នៅ​ប្រទេស​​បារាំង។ ​បង្កើត​ឡើង​ឆ្នាំ​១៩៣០​ ក្រោយ​សម័យ​សង្គ្រាម ក្នុង​បំណង​ជួយ​គាំទ្រ​ឱ្យ​​ប្រជាជន​បង្កើត​កូន នយោបាយ​ជួយ​ឧបត្ថម្ភថវិកា​​​​ដល់​គ្រួសារ​ទៅ​តាម​ចំនួន​សមាជិក​ និង​ទៅ​តាម​ប្រាក់​ចំណូល​ (មាន​កូន​ច្រើ​ន បាន​ទទួល​ជំនួយ​ច្រើន តែ​បង់​ពន្ធ​តិច - មាន​កូន​តិច​បាន​ទទួល​ជំនួយ​តិច​ តែ​បង់ពន្ធ​ច្រើន) បាន​ទទួល​ការ​ស្វាគមន៍ និង​មាន​ការ​កើន​ប្រសើរ​ឡើង​ជានិច្ច​រហូត​មកទល់​នឹង​ឆ្នាំ​២០០៤។ នយោបាយ​ដែល​បាន​អនុគ្រោះ​និង​ជា​ចំណែក​មួយ​នាំ​ស្ត្រី​បារាំង​ឱ្យ​ក្លាយ​ជា​ជើង​ឯក​ផ្នែក​បង្កើត​កូន​នៅ​អឺរ៉ុប ជាមួយ​ប្រទេស​អៀឡង់ ក្នុង​ឆ្នាំ​២០១០ (ស្ត្រី​ម្នាក់​កូន​ពីរ​ជាមធ្យម)។

 
ប៉ុន្តែ​ពេល​នេះ​ ប្រឈមមុខ​​នឹង​វិបត្តិ​ថវិកាកាន់​តែ​ធ្ងន់ធ្ងរ​​ ​រដ្ឋាភិបាល របស់​លោក​ហ្វ្រង់ស័រ ហូឡង់ ​ ​ បាន​ប្រកាស​ធ្វើ​កំណែទម្រង់​​ នៅ​ថ្ងៃ​ចន្ទ​ទី​៣​មិថុនា ដោយ​ជ្រើស​រើស​ដំណោះស្រាយ​​ដែល​សមស្រប និង​មិន​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ដល់​រដ្ឋាភិបាល​ ពោលគឺ ធ្វើ​កំណែទម្រង់​លើ​​ការ​កំណត់ពន្ធ ឬ​ក៏​ការ​ជួយលុយ ដល់​ក្រុមគ្រួសារ ទៅតាម​ចំនួន​សមាជិក។ ​​តាម​រយៈ​កំណែទម្រង់​នេះ​ មានគ្រួសារ​ជាង​១​លាន​បី​សែន គ្រួសារ នឹង​ឃើញ​ប្រាក់​បង់​ពន្ធ​កើន​ឡើង ប្រមាណ​ជា​៦៤​អឺរ៉ូ ក្នុង​មួយ​ខែ​ ជាមធ្យម។ ចំណែក​គ្រួសារ​ដែល​មាន​ជីវភាព​ធូរធារ​ខ្លាំង ទោះ​មានកូន​ច្រើន​ក៏​ដោយ​ ក៏​ត្រូវ​តែ​បង់​ពន្ធ​ច្រើន​ជាង​មុន​ដែរ។ សូម​បញ្ជាក់​ថា​ មុន​ធ្វើ​កំណែទម្រង់​ នយោបាយ​នៅ​ប្រទេស​បារាំង គឺ​អ្នក​មាន​កូន​ច្រើន​បង់ពន្ធ​តិច និ​ង​បាន​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋ​ច្រើន​ឬ​តិច ទៅ​តាម​ប្រាក់​ចំណូល។

សម្រាប់​រដ្ឋាភិបាល​នេះ ជា​វិធាន​ការ​ដ៏​សម​ស្រប​ ​ដែល​អ្នក​មានជីវភាព​ធូរធារ ត្រូវ​លះ​បង់​ខ្លាំង​​បន្តិច ដើម្បី​សមភាព​ក្នុង​សង្គម​ ប៉ុន្តែ​សម្រាប់ប​ក្ស​ប្រឆាំង​ បាន​រិះគន់​ថា​​រដ្ឋាភិបាល​លោក​ហូឡង់​ចេះ តែ​ដំឡើង​ពន្ធ​ តែ​មិន​ចេះ​កាត់​បន្ថយ​ចំណាយ​ ដើម្បី​កុំ​ឱ្យ​ហិប​ប្រាក់​ក្រហេត​ខ្លាំង។ ប្រធាន​បក្ស​ស្តាំ​ជ្រុលនិយម​ បាន​បិរហារ​ ថាបារាំង​​ជាស្ថាប័ន​​យក​ពន្ធ​លើ​កូន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI