កម្ពុជា-បារាំង

រដ្ឋាភិបាល​បារាំង​តាម​ដាន​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្លួន​នៅ​កម្ពុជា​

នៅ​​តែ​​មិន​​មាន​​ការ​​ពន្យល់​​ជា​​ផ្លូវការ​​ណា​​មួយ​​នៅ​​ឡើយ​ទេ​ ​ក្នុង​​សំណុំរឿង​​នៃ​​ការ​​ឃាត់​ខ្លួន​​ជន​ជាតិ​​បារាំង​​ម្នាក់​​ដែល​​ត្រូវ​​បាន​​សង្ស័យ​​ថា​មាន​​ជាប់​​ពាក់ព័ន្ធ​​នឹង​​លោក​​ប៉ូ ស៊ីឡៃ​​អតីត​​អ្នក​​នយោបាយ​​ដែល​​បាត់បង់​​ប្រជាប្រិយភាព​​របស់​​ចិន។​ រដ្ឋាភិបាល​​បារាំង ​​បាន​​ថ្លែង​​ថា​បារាំង​​កំពុង​​ធ្វើ​​ការងារ​​ស្និទ្ធ​​ជាមួយ​​​អាជ្ញាធរ​​កម្ពុជា​​ក្នុង​​បញ្ហា​​នេះ។

ផ្សាយពាណិជ្ជកម្ម

 
«បុរស​ជនជាតិ​បារាំង​ឈ្មោះ Patrick Devillers កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅក្នុង​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​​នៃ​​ក្រសួង​​មហាផ្ទៃ» នេះ​គឺ​ជា​ពាក្យ​អះអាង​យ៉ាងខ្លី​ដែល​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​​ឧត្តមសេនីយ​ឯក ខៀវ សុភ័គ​ ​អាច​និយាយ​បាន។ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ពុធ​នេះ។

អ្នក​នាំពាក្យ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា លោកស្រី​ Laurence BERNADI ក៏​មិន​អាច​ធ្វើ ​អត្ថា​ធិប្បាយ​​អ្វី​ដែរ ហើយ​បាន​ណែនាំ​អោយ​អ្នក​កាសែត​ដកស្រង់​សេចក្តីប្រកាស​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បារាំង​វិញ។

នៅ​ក្នុង​សារ​អេឡិចត្រូនិក​ដែល​អ្នក​នាំពាក្យ​ស្ថានទូត​បារាំង​នៅ​កម្ពុជា​បាន​បង្ហាញ​នោះ គឺ​អ្នក​នាំពាក្យ​ក្រសួង​ការបទេស​បារាំង ​បាន​និយាយ​ថា យើង​បាន​ធ្វើ​ការងារ​ដើម្បី​ការពារ​ពលរដ្ឋ​បារាំង​របស់​យើង។ យើង​ក៏​បាន​ធ្វើការងារ​យ៉ាងជិតស្និទ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ទាក់ទងនឹង​ការ​ចាប់ខ្លួន​ពលរដ្ឋ​បារាំង​នេះ។ យើង​កំពុង​តាមដាន​យ៉ាង​ប្រុងប្រយ័ត្ន​ការ​អង្កេត​លើ​ករណី​នេះ​ដែរ។

សូមបញ្ជាក់ថា អ្នកនាំពាក្យ​នៃ​ស្ថានទូត​បារាំង​នៅ​ទីក្រុង​ភ្នំពេញ បាន​ថ្លែង​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​​ព័ត៌មាន​បារាំង​ AFPនៅល្ងាច​ថ្ងៃអង្គារ​ទី​១៩​មិថុនា​ថា​ លោក​ Patrick Devillers ​ស្ថាបត្យករ​​បារាំង​ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា ​ចាប់​ឃុំ​ខ្លួន ហើយ​មន្រ្តី​ទទួល​បន្ទុក​ជនជាតិ​បារាំង​នៅ​បរទេស​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ឆ្លើយ​បំភ្លឺ​ពី​មូលហេតុ​នៃ​​ការ​ចាប់​ឃុំ​ខ្លួន លោក​ Patrick Devillers។

ចំណែកឯ​លោក​ទូច​ ណារុថ​ ស្នងការរនគរបាល​រាជធានី​បាន​ថ្លែង​ថា​ ជនជាតិ​បារាំង​នេះ​បាន​ត្រូវ​​ចាប់​ឃុំខ្លួន​ ​ពីរ​សប្តាហ៍​មកហើយ​ដោយមាន​សហការ​ពី​ប្រទេស​ចិន។ ការ​ចាប់​ខ្លួន​ជនជាតិ​បារាំង​ ត្រូវ​បាន​គេ​សង្ស័យ​ទៅ​លើ​ទំនាក់ទំនង​រវាង​ជនជាតិ​បារាំង​នេះ​ជាមួយ​អតីត​មេដឹកនាំ​ចិន​អស់​ប្រជាប្រិយភាព​ និងដែល​កំពុង​មាន​រឿង​អាស្រូវពុករលួយ​ផងនោះ​ គឺ​លោក​ប៉ូ ស៊ីឡៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI