បារាំង

ក្នុង​ពេល​មួយយប់​ថ្ងៃ​សៅរ៍ ប្រទេស​បារាំង​គ្មាន​រដ្ឋាភិបាល​គ្រប់គ្រង

ប្រធានាធិបតី​បារាំង លោក​Nicolas Sarkozy (ឆ្វេង) និង​នាយករដ្ឋមន្រ្តី​ជំនិត​របស់​លោក គឺ​លោក​François Fillon (ស្តាំ)
ប្រធានាធិបតី​បារាំង លោក​Nicolas Sarkozy (ឆ្វេង) និង​នាយករដ្ឋមន្រ្តី​ជំនិត​របស់​លោក គឺ​លោក​François Fillon (ស្តាំ) ©Reuters

ចាប់តាំងពី​ម៉ោង ៧ កន្លះ​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ​រហូត​មក​ដល់ព្រឹក​ថ្ងៃ​អាទិត្យ ម៉ោង​១០ ​បារាំង​មិន​មាន​រដ្ឋាភិបាល​ដើម្បី​ដឹកនាំប្រទេស។ នាយករដ្ឋមន្រ្តី​ François Fillon បាន​លាលែង​ចេញ​ពី​តំណែង​របស់​ខ្លួន។ ក្នុង​ក្របខ័ណ្ឌ​រុះរើ​គណៈរដ្ឋមន្រ្តី​របស់​រដ្ឋាភិបាល ការលាលែង​របស់​លោក​ François Fillon​បាន​ធ្វើ​ឲ្យ​គេ​រំលាយ​រដ្ឋាភិបាល​ជា​ស្វ័យប្រវត្ត។ ប៉ុន្តែ នៅព្រឹក​ថ្ងៃ​អាទិត្យ​នេះ ប្រធានាធិបតី​បារាំង​លោក Nicolas Sarkozy បាន​សម្រេច​តែងតាំង​ ជា​ថ្មី លោក​ François Fillon ជា​នាយករដ្ឋមន្រ្តី​របស់​លោក។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា

ផែនការ​រុះរើ​រដ្ឋាភិបាល​បារាំង​លើកនេះ ហាក់​ដូចជា​រឿង​ល្ខោន​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការភ្ញាក់ផ្អើល​​មួយភ្លែត ក្នុង​មជ្ឈដ្ឋាន​អ្នកនយោបាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង។ នៅ​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ លោក​François Fillon បាន​ដាក់លិខិត​ជា​ផ្លូវការ​សុំ​លាលែង​ចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្រ្តី ហើយ​ជា​លទ្ធផល រដ្ឋាភិបាល​របស់​គាត់​ក៏​ត្រូវ​រំលាយ​ជា​ស្វ័យប្រវត្ត។

ប៉ុន្តែ នៅ​ព្រឹកថ្ងៃ​អាទិត្យ​នេះ លោក​ប្រធានាធិបតី​Nicolas Sarkozy បានជ្រើសរើស​លោក​ François Fillon​ដដែល​ឲ្យ​ចូលកាន់តំណែង​ជា​នាយក​រដ្ឋមន្រ្តី​បារាំង។ ភ្លាមៗ លោក​François Fillon​ត្រូវ​រៀបចំ​បញ្ជី​មន្រ្តី​រដ្ឋាភិបាល​ថ្មី ដើម្បី​ដាក់ជូន​ទៅ​ប្រធានាធិបតី​ចុះហត្ថលេខា។ គេ​នឹង​អាច​ដឹង​ពី​សមាជិក​រដ្ឋាភិបាល​ថ្មី នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ ឬ​បារាំង​អាច​មាន​រដ្ឋាភិបាល​ថ្មី​ចាប់ពី​ថ្ងៃ​ស្អែក។

 
សម្រាប់​អ្នកវិភាគ​នយោបាយ​បារាំង វា​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ដែល​ប្រធានាធិបតី​បារាំង​តែងតាំង​លោក​ François Fillon​ជា​នាយករដ្ឋមន្រ្តី​របស់​លោក។ លោក​ François Fillon​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​អ្នក​ដែល​បាន​ធ្វើ​នយោបាយ​សេដ្ឋកិច្ច​ដ៏​តឹងរ៉ឹង។ លោក​Nicolas Sarkozy ត្រូវការ​លោក​ François Fillon​ដើម្បី​បន្ត​អនុវត្ត​ផែនការ​កំណែទម្រង់​ស៊ីជម្រៅ​ដែល​មិនធ្លាប់​មាន​កន្លង​មក ក្នុង​ប្រទេស​បារាំង។ វិសោធនកម្ម​ច្បាប់​ដើម្បី​កែទម្រង់​ប្រព័ន្ធ​ចូលនិវត្តន៍​បារាំង​ដែល​ទើប​អនុម័ត​រួច និង​ដែល​ត្រូវ​បាន​រិះគន់​យ៉ាងខ្លាំងក្លា​ពី​ប្រជាជន​បារាំង ជា​ឧទាហរណ៍​ស្រាប់។ មួយ​វិញទៀត ក្នុង​ផែនការរុះរើ​រដ្ឋាភិបាល​លើក​នេះ ចំនួន​សមាជិក​រដ្ឋាភិបាល ដោយរាប់​ទាំង​រដ្ឋមន្រ្តី និង​រដ្ឋលេខាធិការ នឹង​ត្រូវគេ​កាត់បន្ថយ​ពី​៣៧ នាក់ មក​នៅ​ត្រឹម ២៦​នាក់​ប៉ុណ្ណោះ។

ការរុះរើ​រដ្ឋាភិបាល​មិន​មែន​ជា​រឿង​ថ្មី​ទេ​ក្នុង​ប្រទេស​បារាំង។ ជាធម្មតា ក្នុង​អាណត្តិ​៥​ឆ្នាំ ប្រធានាធិបតី​មាន​សិទ្ធិ​ធ្វើ​ការផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល និង​រដ្ឋមន្រ្តី​គ្រប់​ក្រសួង ទៅតាម​ចិត្តចង់​របស់​ខ្លួន។ ដោយពិត​ទៅ ផែនការ​រុះរើ​រដ្ឋាភិបាល​លើក​នេះ​ត្រូវ​បាន​បង្ហើបតាំង​ពី​ខែ មិថុនា​​មុន​ម្ល៉េះ ពោល​គឺ​បន្ទាប់​ពី​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​របស់​គណបក្ស​UMP ដែល​ជា​គណបក្ស​របស់​លោក​ប្រធានាធិបតី​Nicolas Sarkozy ក្នុង​ការបោះឆ្នោត​ថ្នាក់​តំបន់ កាល​ពី​ខែ​មីនា។

គួរជំរាបជូនថា ចាប់តាំងពី​ដើម​អាណត្តិ​របស់​ខ្លួន គឺ​ពី​ឆ្នាំ ២០០៧ ប្រធានាធិបតី បារាំង​បាន​ធ្វើ​ការរុះរើ​រដ្ឋាភិបាល​ជាច្រើន​លើក។ ការរុះរើ​កន្លងមក​ធ្វើ​តែ​ក្នុង​រដ្ឋាភិបាល ដោយ​មិន​មាន​ការសុំ​លាលែង​ចេញ​ពី​តំណែង​នាយក​រដ្ឋមន្រ្តី​ដូចលើក​នេះ​ទេ។ ការរុះរើ​ធំជាងគេ​គឺនៅ​ខែ​មិថុនា ឆ្នាំ ២០០៩ ដែល​នៅ​ពេល​នោះ​រដ្ឋមន្រ្តី​មួយ​ចំនួន​ដែល​មិន​សូវ​ចុះ​សម្រុង​ជាមួយ​ប្រធានាធិបតី ឬ​មាន​រឿង​អាស្រូវ​ច្រើន​ជាង​គេ​ត្រូវ​បាន​ដកចេញ​ពី​ជួរ​រដ្ឋាភិបាល។

យ៉ាងណា​ក៏ដោយ រដ្ឋាភិបាល​ចាស់ ឬ​ថ្មី នាយក​រដ្ឋមន្រ្តី​ François Fillon ឬ​អ្នកណា​ផ្សេង​ទៀត ក្នុង​ប្រទេស​បារាំង ប្រធានាធិបតី​ជា​មនុស្ស​តែម្នាក់​គត់​ដែល​មាន​អំណាច កាច់​ចង្កូត​ដឹកនាំ​ប្រទេស។ លោក​Nicolas Sarkozy បាន​ប្រកាស​ហើយ​ថា នៅ​ក្រោយ​ការរុះរើ​រដ្ឋាភិបាល នៅ​ថ្ងៃ​ចុងសប្តាហ៍​នេះ លោក​នឹង​ពន្យល់​ប្រជាជន​បារាំង​ពី​ផែនការ​ដែល​លោក​ចង់ធ្វើ​ចាប់ពី​ពេលនេះ ដល់​ឆ្នាំ ២០១២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI