អាមេរិក និងកូរ៉េខាងត្បូងសម្រេចចុះកិច្ចព្រមព្រៀងការផ្តោះប្តូរសេរីរវាងប្រទេសទាំងពីរ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ទើបតែបញ្ចប់សមយុទ្ធរួមគ្នាបានតែប៉ុន្មានថ្ងៃ អាមេរិក និងកូរ៉េខាងត្បូងបានបង្ហាញនូវការសហការគ្នាកាន់តែជិតស្និទ្ធថែមទៀត តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្តោះប្តូរពាណិជ្ជកម្មដោយសេរីរវាងប្រទេសទាំងពីរ ដែលបានធ្វើឡើង កាលពីថ្ងៃសុក្រម្សិលមិញ។ អាមេរិកសង្ឃឹមនឹងទទួលបានប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ នៅពេលដែលកូរ៉េខាងត្បូងសម្រេចបន្ថយពន្ធលើទំនិញ ដែលនាំចូលមកពីអាមេរិក។
សេចក្តីរាយការណ៍របស់ឈាង បុប្ផា
នៅក្រោយការចុះហត្ថលេខាភ្លាមៗ ប្រមុខដឹកនាំរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសេចក្តីថ្លែងការស្វាគមដល់ដំណើរវិវឌ្ឍន៍នៃទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ការពិតជាក់ស្តែង អាមេរិកអាចទទួលប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងលើការផ្តោះប្តូរពាណិជ្ជកម្មដោយសេរីនេះ បើប្រៀបធៀបនឹងកូរ៉េខាងត្បូង។ នោះមានន័យថា នៅពេលកូរ៉េខាងត្បូងសម្រេចកាត់បន្ថយពន្ធលើទំនិញនាំចូលមកពីអាមេរិក អាមេរិកនឹងមានលទ្ធភាពបញ្ចេញលក់រថយន្តជាច្រើនរបស់ខ្លួន មកក្នុងទីផ្សារកូរ៉េខាងត្បូង។ ការបញ្ចេញលក់រថយន្តមកទីផ្សារក្រៅ ប្រទេស នឹងអាចធ្វើឲ្យអាមេរិកបង្កើតការងារប្រមាណ ៧ ម៉ឺន ហើយនេះជារឿងល្អមួយសម្រាប់រដ្ឋបាលរបស់លោកអូបាម៉ា ដែលកំពុងត្រូវគេរិះគន់ ដោយសារតែការកើនឡើង ជាលំដាប់ នូវចំនួនអ្នកអត់ការងារធ្វើ ក្នុងទឹកដីអាមេរិក។
បើងាកមកមើលកូរ៉េខាងត្បូងវិញ ក្នុងវិស័យសេដ្ឋកិច្ច កូរ៉េខាងត្បូងមិនបានកេងចំណេញអ្វីពីកិច្ចព្រមព្រៀងនេះ ព្រោះកូរ៉េខាងត្បូងធ្លាប់តែបង់ពន្ធតិចលើទំនិញរបស់ខ្លួនដែលនាំចូលទៅក្នុងទីផ្សារអាមេរិករួចទៅហើយ។ គួរដឹងថា ពន្ធលើទំនិញនាំចូល ក្នុងប្រទេសកូរ៉េខាងត្បូង មានតម្លៃខ្ពស់ (ពីរ ឬបីដង) ជាងតម្លៃពន្ធដែលកំណត់ក្នុងទឹកដីអាមេរិក។
តាមរយៈការចុះកិច្ចព្រមព្រៀងលើកនេះ កូរ៉េខាងត្បូងមិនបានប្រយោជន៍ផ្នែកសេដ្ឋកិច្ចមែន ប៉ុន្តែ ខាងផ្នែកការទូត និងការសហការផ្នែកយោធាវិញ កូរ៉េខាងត្បូងបានចំណេញច្រើន។ ក្នុងកាលៈទេសៈ ដែលខ្លួនកំពុងរងការគំរាមកំហែងពីកូរ៉េខាងជើង សេអ៊ូលត្រូវការសហការជាមួយ សម្ព័ន្ធមិត្ត ដូចជាអាមេរិកដែលជាប្រទេសមហាអំណាចពិភពលោក។ ជាក់ស្តែង សមយុទ្ធរួមគ្នាជាមួយអាមេរិក នៅដើមសប្តាហ៍នេះ និងគម្រោងសមយុទ្ធរួមជាថ្មី ក្នុងពេលខាងមុខនេះ អាចធ្វើឲ្យកូរ៉េខាងត្បូងបង្ហាញទៅគូសត្រូវរបស់ខ្លួន គឺកូរ៉េខាងជើងថា ខ្លួនមានខ្នងបង្អែកធំរឹងមាំមួយ។
សូមបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងផ្តោះប្តូរពាណិជ្ជកម្មដោយសេរីកូរ៉េខាងត្បូង-អាមេរិកបានធ្វើឡើងតាំងពីឆ្នាំ ២០០៧មកម្ល៉េះ ប៉ុន្តែ ដំណើរការកែសម្រួលចំណុចខ្លះត្រូវបានផ្អាក បន្ទាប់ពីកូរ៉េខាងត្បូងមិនព្រមបើកទូលាយទីផ្សាររបស់ខ្លួនសម្រាប់ទំនិញសាច់គោដែលនាំចូលមកពីអាមេរិក។ រហូតមកដល់ពេលនេះ កូរ៉េខាងត្បូងនៅតែបន្តឹងផ្នែកការនាំចូលសាច់គោដដែល តែបានបន្ថយពន្ធលើរថយន្តដែលនាំចូលមកពីអាមេរិក។ រហូតមកដល់ពេលនេះ តម្លៃនៃការផ្តោះប្តូរពាណិជ្ជកម្មដោយសេរីរវាងប្រទេសទាំងពីរមានតម្លៃជាង ៦ម៉ឺន ៦ពាន់លានដុល្លារ ក្នុងឆ្នាំ ២០០៩៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ