ជប៉ុន

អាមេរិក បារំាង​បញ្ជូន​យន្តហោះ​ទៅ​ដឹក​ប្រជាជន​ខ្លួន​ចេញ​ពី​ជប៉ុន

ប្រជាជន​បារាំង​ចាកចេញ​ពី​ប្រទេស​ជប៉ុន
ប្រជាជន​បារាំង​ចាកចេញ​ពី​ប្រទេស​ជប៉ុន Reuters

ដើម្បី​សុវត្ថិភាព​សុខភាព​របស់​ប្រជាជន​ខ្លួន និង​ខ្លាច​គ្រោះថ្នាក់​នុយក្លេអ៊ែរ​ផ្ទុះ​ឡើង​នៅ​ភាគខាងជើង​ជប៉ុន ប្រទេស​ធំៗ ដូចជា​អាមេរិក បារាំង អូស្ត្រាលី បាន​អំពាវនាវ បន្តបន្ទាប់គ្នា ឲ្យ​ជនជាតិ​ខ្លួន ចាកចេញ​ពី​ប្រទេស​ជប៉ុន និង​ជៀសវាង ធ្វើ​ដំណើរ​ទៅ​ប្រទេស​នេះ ក្នុង​ពេលនេះ បើសិន​គ្មាន​កិច្ចការ​ចាំបាច់។

ផ្សាយពាណិជ្ជកម្ម

 

ចាប់ពី​ថ្ងៃ ពុធ​ទី ១៦ មីនា ម្សិលមិញ ទីក្រុង​វ៉ាស៊ីនតោនបាន​បញ្ជូនយន្តហោះ​ពីរគ្រឿង ទៅ​ដឹក​គ្រួសារ​របស់​បុគ្គលិក​ទូត​របស់ខ្លួន​ជាង ៦០០​នាក់​ចេញពី​ទីក្រុង​តូក្យូ។ អាមេរិក​ក៏កំពុង​ពិចារណា​ផងដែរ​ពី​ការជម្លៀស​ចេញ កងទ័ព​ខ្លួន ​ដែល​មាន​ចំនួន ជាង ៤ម៉ឺននាក់ នៅ​ក្នុង​ប្រទេស​ជប៉ុន។

ប្រទេស​បារាំងវិញ ​បាន​បញ្ជូន​រួចហើយ យន្តហោះ​ទៅ​ដឹក​ប្រជាជនបារាំង ដែល​បើតាម​ការប៉ាន់ស្មាន​មានចំនួន​ ជាង ៩ពាន់​នាក់ នៅ​ទូទាំងប្រទេស​ជប៉ុន។ កូរ៉េខាងត្បូង​ឯណោះវិញ​ដែល​ស្ថិតនៅ​ជាប់ជប៉ុន​ជាងគេ បាន​ដំឡើង​ម៉ាស៊ីន​ត្រួតពិនិត្យ​រក​សារធាតុ​វិទ្យុសកម្ម សម្រាប់​អ្នកដំណើរ​ណា​ដែល​មក​ពី​ប្រទេស​ជប៉ុន។

នៅថ្ងៃ​នេះ​ដែរ អ្នកជំនាញ​នុយក្លេអ៊ែរ​របស់​ក្រុមហ៊ុន បារាំង Areva ក្រុមហ៊ុន​អគ្គិសនី​បារាំង EDF មួយក្រុម​បាន​ចាកចេញ​ទៅ​ប្រទេស​ជប៉ុន ដោយ​នាំ​ទៅ​ជាមួយ​វត្ថុធាតុ​អាស៊ីត​បូរីក (d'acide borique) ចំនួន ១០០​តោន។ វត្ថុធាតុ​នេះ​ត្រូវ​គេ​ប្រើដើម្បី​ទប់ស្កាត់​ការរងធាតុ​វិទ្យុសកម្ម។ សម្ភារៈ​ដើម្បី​ប្រឆាំង​នឹង​ធាតុវិទ្យុសកម្ម​ក៏​ត្រូវ​នាំ​យក​ទៅ​ជួយ​ប្រទេស​ជប៉ុន​ដែរ។

ក្នុង​ប្រទេស​ជប៉ុន ក៏​មាន​ប្រជាជន​ខ្មែរ​រស់នៅ ជាពិសេស​និស្សិត ដែល​បាន​ទៅ​បន្តការសិក្សា នៅ​ក្នុង​ប្រទេស​នោះ។  ពួកនិស្សិត សរុប​ទំាង​អស់​មាន​ប្រមាណ​ជា ៣៥០នាក់ ដែលក្នុង​នោះ, ៣០០នាក់ បាន​ទទួល​អាហាររូបករណ៍ និង​៥០នាក់​ផ្សេង​ទៀត​ បាន​ទៅ​រៀន​ ដោយ​ខ្លួន​ឯង ឬ​តាមរយៈ​ក្រុមហ៊ុន​ឯកជន។ ចំពោះ​និស្សិត​នៅ​ទីក្រុង​តូក្យូ, មាន​មួយ​ចំនួន​ធំ​បាន​ចាក​ចេញ​ទៅ​កាន់​តំបន់​ផ្សេង​ទៀត ឆ្ងាយ​ពី​តូក្យូ, តែ, មាន​អ្នក​ខ្លះ​ទៀត​មិន​បាន​ចាក​ចេញ​ពីតូក្យូ​ទេ។

និស្សិត​ដែល​បន្ត​ស្ថិតនៅ ក្នុង​ទីក្រុង​តូក្យូ​នា​ពេល​នេះ, ច្រើន​ជា​និស្សិត​ដែល​ទៅ​រៀន ចេញ​លុយ​ដោយ​ខ្លួន​ឯង។ ភាគ​ច្រើន​ពួក​គេ រៀនផង ធ្វើការ, ដូចករណី​និស្សិត ហៃ វណ្ណា, ដែល​បាន​រៀបរាប់​ពី​ស្ថានភាព​នៅ​ក្នុង​ទីក្រុង​តូក្យូ នា​ថ្ងៃ​ព្រហស្បតិ៍នេះ។ ក្រុម​និស្សិត​ខ្មែរ​រៀន​នៅ​តំបន់​ណា, គេ​បាន​បង្កើត​ឲ្យ​មាន​សមាគម​មួយ​របស់​ខ្លួន​នៅ​តំបន់​នោះ។ តើ​និស្សិត​ខ្មែរ​មាន ការ​ជួយ​គ្នា​យ៉ាង​ម៉េច​ខ្លះ ?
 

ការរៀបរាប់​របស់​និស្សិត ហៃ វណ្ណា

និស្សិត​ម៉ារីយ៉ា ប្រធាន​សមាគម​និស្សិត​ខ្មែរ​ប្រចំា​ខេត្ត​ណាហ្គូយ៉ា

ការររៀបរាប់​របស់​និស្សិត​ម៉ុង ឡាម៉ី ប្រធាន​សមាគម​និស្សិត​ខ្មែរ​ប្រចំា​តំបន់​កាន់សៃ

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI