ភូមិសាស្រ្តនយោបាយ

ចិន​ពង្រីក​ឥទ្ធិពល​ចូល​មក​ក្នុង​សហភាព​អឺរ៉ុប

សំឡេង ០៦:០០
លោកនាយក​រដ្ឋមន្ត្រី​​ចិន​ Wen Jiabao (ឆ្វេង) និង​លោក​José Manuel Barroso ប្រធានគណៈកម្មការ​​អឺរ៉ុប
លោកនាយក​រដ្ឋមន្ត្រី​​ចិន​ Wen Jiabao (ឆ្វេង) និង​លោក​José Manuel Barroso ប្រធានគណៈកម្មការ​​អឺរ៉ុប © Reuters

ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់​សូម​បន្ត​និយាយ​ពី​ភូមិសាស្រ្ត​នយោបាយ​នៃ​ប្រទេស​ចិន​ត​ទៅ​ទៀត ដោយ​សូម​លើក​ឡើង​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​ និង​សហភាពអឺរ៉ុប។ ទស្សនកិច្ច​កាន់​តែ​ញឹកញាប់​របស់​ថ្នាក់ដឹកនាំ​ចិន​នៅ​អឺរ៉ុប ​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​បាន​និង​កំពុង​បន្ត​ហុច​ប្រយោជន៍​សេដ្ឋកិច្ច​ និង​នយោបាយ​មិន​តិច​ទេ​ដល់​ប្រទេស​មហាយក្ស​អាស៊ី​មួយ​នេះ។

ផ្សាយពាណិជ្ជកម្ម

ប្រទេស​ចិន​បាន​ស្វាគម​សហភាព​អឺរ៉ុប តាំង​ពី​ឆ្នាំ​២០០៣​ម្ល៉េះ បាន​ចាត់​ទុក​សហភាព​អឺរ៉ុប​ថា​ជា​អង្គការ​តំបន់​មួយ​ដែល​មាន​ទម្ងន់ នៅ​លើ​ឆាក​អន្តរជាតិ និង​ចង់​ឲ្យ​សហភាព​អឺរ៉ុប​បើក​ចំហ​ទីផ្សារ​ឲ្យ​កាន់​តែ​ធំ​ទូលាយ​ដើម្បី​ទទួល​ផលិតផល​ចិន។ ថ្នាក់​ដឹក​នាំ​ចិន​ថែម​ទាំង​បាន​លួច​សង្ឃឹម​ថា សហភាព​អឺរ៉ុប​អាច​មក​ចូល​ដៃ​ជាមួយ​ខ្លួន ដើម្បី​កសាង​ពិភពលោក​ពហុប៉ូល​មួយ​(un monde multipolaire) និង​ដើម្បី​ទប់​កុំ​ឲ្យ​សហរដ្ឋអាមេរិក​អាច​ប្រកាន់​ជំហរ​ឯកតោ​ភាគី​និយម​បាន។ រី​ឯ​សហភាព​អឺរ៉ុប​វិញ ចង់​ឃើញ​ចិន​បន្ត​សេដ្ឋកិច្ច​ទី​ផ្សារ និង​ផ្តើម​ធ្វើ​កំណែទម្រង់​នយោបាយ។

ប៉ុន្តែ​សម្រេច​សម្រួច​ទៅ ទីក្រុង​ប៉េកាំង​អាក់អន់​ចិត្ត​ខ្លាំង ពីព្រោះ​សហភាព​អឺរ៉ុប​នៅ​តែ​ដក​ខ្លួន​ចេញ​មិន​រួច​ពី​ឥទ្ធិពល​អាមេរិក នៅ​តែ​មិន​ព្រម​ដក​ទណ្ឌកម្ម​មិន​លក់​អាវុធ​ឲ្យ​ចិន ទណ្ឌកម្ម​ដែល​ត្រូវ​បាន​ដាក់​ទៅ​លើ​ចិន តាំង​ពី​រដ្ឋអំណាច​ចិន​បាន​វាយ​បង្ក្រាប​ក្នុង​ថ្លុក​ឈាម​មហា​បាតុកម្ម​និស្សិត​នៅ​លើ​ទីលាន​Tien An Men ក្នុង​ឆ្នាំ​១៩៨៩​មក​ម្ល៉េះ។

ទន្ទឹម​នេះ សហភាព​អឺរ៉ុប​ក៏​អាក់អន់​ចិត្ត​មិន​តិច​ដែរ ដោយហេតុតែ​ផលិតផល​របស់​ចិន​បន្ត​ហូរ​ចូល​មក​ក្នុង​អឺរ៉ុប​គគ្រឹក​គគ្រេង​ពេក ជាពិសេស​តាំង​ពី​ឆ្នាំ​២០០៥​មក។ សហភាព​អឺរ៉ុប​ក៏​មិន​សប្បាយ​ចិត្ត​ដែរ ដ្បិត​ចិន​បាន​និង​កំពុង​បន្ត​ទន្ទ្រាន​លុកលុយ​ចូល​ទៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ដែល​អឺរ៉ុប​តែងតែ​ចាត់​ទុក​ថា​ជា​ដែន​ប្រមាញ់​របស់​ខ្លួន។

ម្យ៉ាង​ទៀត នៅ​ទី​បំផុត ចិន​យល់​ដឹង​ថា សហភាព​អឺរ៉ុប​ដែល​មិន​ទាន់​ក្លាយ​ជា​សហពន្ធន៍​មួយ​នៅ​ឡើយ មិនមែន​ជា​ដៃគូ​នយោបាយ​មួយ​ទេ គ្រាន់​តែ​ជា​ដៃគូ​សេដ្ឋកិច្ច​មួយ​ប៉ុណ្ណោះ។

នៅ​ក្នុង​ស្ថានភាព​បែប​នេះ សហភាព​អឺរ៉ុប​បាន​ក្លាយ​ម្តង​បន្តិចៗ ទៅ​ជា​ទីផ្សារ​របស់​ចិន។ ដោយហេតុតែ​ផលិតផល​ចិន​ហូរ​ចូល​មក​អឺរ៉ុប​កាន់​តែ​ច្រើន រី​ឯ​ផលិតផល​អឺរ៉ុប​វិញ​មិន​ងាយ​នឹង​ហូរ​ចូល​ទៅ​ក្នុង​ប្រទេស​ចិន​បាន ឧុនភាព​នៃ​ជញ្ជីង​ពាណិជ្ជកម្ម​របស់​អឺរ៉ុប នៅ​ចំពោះមុខ​ចិន​កើន​ឡើង​រហូត។

មិន​តែ​ប៉ុណ្ណោះ នៅ​ក្នុង​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង​ពីរ  នា​អំឡុង​ពេល​ជិត​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ចិន​មាន​ប្រៀប​ជាង​សហភាព​អឺរ៉ុប​ជា​ដរាប។ ចិន​ទិញ​ផលិតផល​របស់​អឺរ៉ុប​ដើម្បី​លួច​ចម្លង​យក​បច្ចេក​វិជ្ជា។ ទន្ទឹម​នេះ ក្រុមហ៊ុន​និង​រោងចក្រ​របស់​អឺរ៉ុប​នាំ​គ្នា​ទៅ​ផលិត​នៅ​ប្រទេស​ចិន រួច​ហើយ​ដឹក​ផលិតផល​Made in China​ទាំង​នោះ​ចូល​មក​ក្នុង​អឺរ៉ុប​វិញ។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត ប្រទេស​ចិន​មិន​គោរព​សោះ​ឡើយ​សិទ្ធិ​នៃ​កម្មសិទ្ធិ​បញ្ញា។

បណ្តើរៗ សហភាព​អឺរ៉ុប​បង្កើន​ការ​ប្រុង​ប្រយ័ត្ន លាក់​បច្ចេកវិជ្ជា​ឈាន​មុខ​និង មិន​ព្រម​ផ្ទេរ​បច្ចេក​វិជ្ជា​អ្វី​ក៏​ដោយ​ទៅ​ឲ្យ​ចិន​ងាយៗ​ទៀត​ទេ ពីព្រោះ​សមត្ថភាព​របស់​ចិន​ក្នុង​ការ​ដេញ​ឲ្យ​ទាន់​បស្ចិមលោក​នៅ​ក្នុង​វិស័យ​បច្ចេក​វិជ្ជា មាន​សន្ទុះ​លឿន​រហ័ស​ណាស់។ ជាក់ស្តែង សព្វ​ថ្ងៃ ក្រុមហ៊ុន​ចិន​កំពុង​ជួសជុល​រថភ្លើង​ក្រោមដី​នៅ​ទីក្រុង​New York សហរដ្ឋ​អាមេរិក និង​នៅ​ទីក្រុង​Buenos Aires ប្រទេស​អាហ្សង់ទីន។ មិន​តែ​ប៉ុណ្ណោះ ចិន​កំពុង​សាងសង់​រថភ្លើង​ដែល​មាន​ល្បឿន​លឿន​បំផុត​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត ជំនួស​ក្រុមហ៊ុន​Alstom របស់​អឺរ៉ុប។

ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ចិន​មក​លើ​សហភាព​អឺរ៉ុប​កំពុង​កើន​កាន់​តែ​ខ្លាំង ​និង​កាន់​តែ​លឿន តាំង​ពី​តំបន់​ចាយ​លុយ​អឺរ៉ូ​ជំពាក់​បំណុល​គេ​វ័ណ្ឌក។ ជាក់ស្តែង របាយការណ៍​មួយ​របស់​ក្រុម​ប្រឹក្សា​អឺរ៉ុប​ស្តី​ពី​ទំនាក់ទំនង​បរទេស​អះអាង​ថា រហូត​មក​ទល់​ពេល​នេះ ៤០%​នៃ​ការ​វិនិយោគ​ទាំង​ស្រុង​របស់​ចិន​នៅ​ក្នុង​សហភាព​អឺរ៉ុប ត្រូវ​បាន​ធ្វើ​នៅ​ប្រទេស​ព័រទុយហ្កាល់ អេស្ប៉ាញ អ៊ីតាលី អេស្ប៉ាញ ក្រិក​និង​នៅ​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត។

ម្យ៉ាង គឺ​មក​ពី​ប្រទេស​អឺរ៉ុប​ទាំង​នេះ​ដែល​ហៀប​នឹង​ក្ស័យធន​ម្តងៗ ត្រូវ​ការ​ជា​ចាំបាច់​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​ចិន។ ម្យ៉ាង​ទៀត គឺ​មក​ពី​ទីក្រុង​ប៉េកាំង​យល់​ថា ប្រទេស​អឺរ៉ុប​ទាំង​នេះ​ដែល​មាន​សេដ្ឋកិច្ច​ផុយស្រួយ​ជាង​គេ ជា​ច្រក​ចូល​ដ៏​ធំ​ទៅ​កាន់​មហា​ទីផ្សារ​រួម​តែ​មួយ​របស់​សហភាព​អឺរ៉ុប។ រី​ឯ​ម្យ៉ាង​ចុង​ក្រោយ គឺ​មក​ពី​ក្រុម​ហ៊ុន​រដ្ឋ​របស់​ប្រទេស​ចិន​ដែល​អាជ្ញាធរ​បំប៉ន​ឧបត្ថម្ភ ងាយ​ស្រួល​ក្នុង​ការ​ដេញ​ថ្លៃ​ដណ្តើម​យក​គម្រោង​វិនិយោគ​ធំៗ​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ខាង​ត្បូង និង​ខាង​កើត​ជាង​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ខាង​លិច។

មិន​តែ​ប៉ុណ្ណោះ ថ្នាក់​ដឹក​នាំ​ចិន ដែល​មាន​លុយ​នៅ​ក្នុង​ដៃ​រហូត​ដល់​ទៅ​៣​រយ​ម៉ឺន​លាន​អឺរ៉ូ នៅ​ឆ្នាំ​២០១១ ខ្លួន​នឹង​អាច​ជួយ​ទិញ​មូលប័ត្រ​បំណុល​របស់​ប្រទេស​អឺរ៉ុប​ណា​ដែល​ហៀប​នឹង​ក្ស័យ​ធន ដូច​ជា​មូលប័ត្រ​បំណុល​របស់​ក្រិក​ជា​ដើម។ អ៊ីចឹង​ហើយ បាន​ជា​ក្រុម​អ្នក​សង្កេតការណ៍​ខ្លះ​ធ្លោយ​មាត់​និយាយ​ថា ក្នុង​ពេល​នេះ ចិន​កំពុង​ប្រើ​អំណាច​នៃ​ទឹក​លុយ​ដើម្បី​ធ្វើ​អាណានិគមកិច្ច​មក​លើ​អឺរ៉ុប ដូច​ដែល​អឺរ៉ុប​បាន​ប្រើ​អំណាច​នៃ​ចុង​កាំភ្លើង ដើម្បី​ធ្វើ​អាណានិគមកិច្ច​ទៅ​លើ​ប្រទេស​ចិន នៅ​ចុង​សតវត្សរ៍​ទី​១៩។

យ៉ាង​ណា​ក៏​ដោយ អានុភាព​សេដ្ឋកិច្ច​របស់​ចិន បាន​ទន្ទ្រាន​លុកលុយ​ចូល​មក​ដល់​កណ្តាល​ដើម​ទ្រូង​នៃ​ទ្វីប​អឺរ៉ុប​រួច​ស្រេច​ទៅ​ហើយ។ មិន​យូរ​មិន​ឆាប់ អានុភាព​សេដ្ឋកិច្ច​នេះ នឹង​អាច​ក្លាយ​ជា​ឥទ្ធិពល​នយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI