ក្រុម​ប្រទេស​G20​ព្រមព្រៀង​គ្នា​ដើម្បីបង្កើត​ការងារ និង​​ជំរុញ​សេដ្ឋកិច្ច

សំឡេង ០៨:០៥
ប្រមុខដឹកនាំក្រុមប្រទេស​G20 នៅក្នុង​កិច្ចប្រជុំកំពូល​ក្នុង​ប្រទេស​ម៉ិចស៊ិក
ប្រមុខដឹកនាំក្រុមប្រទេស​G20 នៅក្នុង​កិច្ចប្រជុំកំពូល​ក្នុង​ប្រទេស​ម៉ិចស៊ិក ©​ REUTERS

ជំនួបកំពូលក្រុមប្រទេស​G20 ដែល​បើកធ្វើនៅ​ប្រទេស​ម៉ិកស៊ិក កាលពីថ្ងៃ​ចន្ទ ត្រូវ​បិទ​បញ្ចប់​នៅថ្ងៃ​អង្គារនេះ។ វិបត្តិប្រាក់បំណុល​អឺរ៉ុប​គឺ​ជា​ចំណោទ​​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​សមាជិក​​G20 លើក​យក​មក​ពិភាក្សា។ គ្មាន​កិច្ចព្រមព្រៀង​​ជាក់ស្តែង​ណាមួយ​ស្តីពី​វិបត្តិនៅអឺរ៉ុបទេ។ ក្រុមប្រទេស​ G20​គ្រាន់តែលើក​ឡើង​សំណើ​ទៅ​អឺរ៉ុប ឲ្យ​សមាជិក​អឺរ៉ុប​ចាត់វិធានការ​នយោបាយ​បន្ទាន់ ដើម្បី​​ស្រោចស្រង់​សមាហរណកម្ម​ និង​ស្ថិរភាព​នៅក្នុង​តំបន់។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ផែនការ​សកម្មភាព​របស់​ក្រុមប្រទេស G20​បាន​ទាមទារ​ឲ្យ​អឺរ៉ុប ត្រូវ​ផ្តោត​ទៅលើ​ការផ្តល់​មូលធន​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ និង​កែលម្អ​ប្រព័ន្ធ​ហិរញ្ញវត្ថុរបស់​រដ្ឋឡើងវិញ។ មួយវិញទៀត អឺរ៉ុប​ត្រូវ​ផ្តោតលើ​កំណើន​សេដ្ឋកិច្ច។ ក្រុមប្រទេស​ G20​ស្នើ​ចង់​ឲ្យ​ធនាគារ​កណ្តាល​របស់​អឺរ៉ុប​ដើរតួនាទី​ច្រើន​ជាងមុន គឺ​ត្រូវ​ផ្តល់​ទុន​សម្រាប់​ធ្វើ​វិនិយោគ ដែល​នេះ​ជា​កម្លាំង​ចលករ​ជំរុញ​សេដ្ឋកិច្ច។ គួរដឹងថា ធនាគារ​កណ្តាល​អឺរ៉ុប​បច្ចុប្បន្ន មាន​តួនាទី​ត្រឹម​តែ​ទប់ស្កាត់​អតិផរណា ប៉ុន្តែ គ្មាន​សិទ្ធិ​ផ្តល់​ទុន​វិនិយោគដោយ​ផ្ទាល់​ទៅរដ្ឋ​សមាជិក​ណាមួយទេ។

អាល្លឺម៉ង់​ដែល​ជា​សមាជិកមួយ​ដែរ​នៃ​សន្ធិសញ្ញា​អឺរ៉ុប ជា​អ្នក​ជំទាស់​មិន​ឲ្យ​ធនាគារ​កណ្តាលផ្តល់​ប្រាក់កម្ចី​ទៅឲ្យ​រដ្ឋ។ ប៉ុន្តែ តាម​សំណើ​របស់​លោកប្រធានាធិបតី​បារាំងវិញ François Hollandeធនាគារ​កណ្តាល​អឺរ៉ុប​ក៏​ត្រូវ​តែ​ចេញ​មុខ​ធ្វើ​អន្តរាគមន៍​ ដើម្បី​ជួយ​ដល់​ប្រទេស​ជា​សមាជិក​ណា ដែល​ជួប​បញ្ហា​ហិរញ្ញវត្ថុ។

ក្រៅតែ​ពី​អឺរ៉ុប ក្រុមប្រទេស​ G20​បាន​ព្រមព្រៀង​ធ្វើ​ផែនការ​សកម្មភាព​មួយ​ដើម្បី​ដោះស្រាយ​​សេដ្ឋកិច្ចពិភព ដែល​នៅឃ្លីងឃ្លោង​ រំជួល​ដោយ​វិបត្តិប្រាក់បំណុល​នៅអឺរ៉ុប។ ក្នុង​ផែនការដែល​គេ​នឹង​ប្រកាស នៅចុងបញ្ចប់​នៃកិច្ចប្រជុំ ប្រមុខដឹកនាំ​ក្រុមប្រទេស G20​បាន​ព្រមព្រៀងគ្នា​លើ​ចំណុច​សំខាន់ពីរ គឺ ជំរុញ​កំណើន​សេដ្ឋកិច្ច និង​បង្កើត​ការងារ។ ផែនការ​សកម្មភាព​របស់​ ប្រមុខដឹកនាំ​ក្រុម​ប្រទេស G20គាំទ្រ​រដ្ឋាភិបាល​ណា​ដែល​ផ្តោតចំបង​ទៅលើ​ការបង្កើត​ការងារ​ធ្វើ បើទោះបី​ជា​ការបង្កើតការងារ​នឹង​ធ្វើ​ឲ្យ​ចំណាយ​សាធារណៈ​កើនឡើង​ក៏ដោយ។ បើតាម​ ក្រុមប្រទេស​ G20 ក្នុង​ស្ថានភាព​បច្ចុប្បន្ននេះ ដើម្បី​​ជំរុញ​កំណើន​សេដ្ឋកិច្ច រដ្ឋនីមួយៗ​ត្រូវបង្កើន​ចំណាយ​សាធារណៈ ប៉ុន្តែ មិន​ត្រូវ អនុវត្ត​នយោបាយ​រឹតត្បិត​​ ដោយ​កាត់បន្ថយ​ថវិកានោះទេ។

កន្លងមក គឺ​អាល្លឺម៉ង់​ដែល​យល់ឃើញ​ផ្ទុយទៅវិញ បាន​ស្នើ​ចង់​ឲ្យ​គេ​ដោះស្រាយ​វិបត្តិ​ប្រាក់បំណុលនៅអឺរ៉ុប តាមរយៈ​ការអនុវត្ត​នយោបាយ​រឹតត្បិត ដោយ​កាត់បន្ថយ​ចំណាយ​សាធារណៈ។ បើតាម​អាល្លឺម៉ង់ ចំណាយសាធារណៈ ច្រើន​ជាង​ប្រាក់ចំណូល ធ្វើ​ឲ្យ​ប្រទេស​នៅអឺរ៉ុប​មួយចំនួន​ ​រត់ទៅខ្ចី​លុយគេពីក្រៅបន្ថែម ដែល​ជាហេតុ​ធ្វើ​ឲ្យ​បំណុល​របស់​ប្រទេស​ទាំងនោះ​កើនឡើង​ខ្ពស់។ ក្រិក អៀឡង់ និង​ព័ទុយហ្គាល់ ដែល​កំពុង​ជួប​វិបត្តិប្រាក់បំណុល​បានសុខចិត្ត​បង្ខំចិត្ត​អនុវត្ត​នយោបាយ​រឹតត្បិត ទាមទារ​ដោយ​អឺរ៉ុប គឺ​ដើម្បី​អាចទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពីអឺរ៉ុប។

ផែនការរឹតត្បិត​ថវិកា​នេះ​ ពីមុន មាន​បារាំង​ និង​អាល្លឺម៉ង់ដែល​​ជាមេគំនិត ប៉ុន្តែ នៅក្រោយ​ពេល​​បារាំង​ផ្លាស់ប្តូរ​ប្រធានាធិបតី​ថ្មី អាល្លឺម៉ង់​បាន​ស្ថិតនៅឯកោ ដោយ​បារាំង ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតីថ្មី គឺ​លោក​François Hollande បាន​ប្តូរចិត្ត​លែង​អនុវត្ត​ផែនការ​រឹតត្បិត។ បើតាម លោក​François Hollande មាន​តែ​បង្កើន​​ចំណាយ​សាធារណៈ​ទេ ទើប​គេ​អាច​ជំរុញ​ឲ្យ​មាន​​កំណើន​សេដ្ឋកិច្ច។ តាម លោក​François Hollande លុយ​ចំណាយ​ក្នុង​ការ​ធ្វើ​វិនិយោគ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច គួរ​ត្រូវ​ផ្តល់​ដោយ​អឺរ៉ុប តាមរយៈ​ធនាគារ​វិនិយោគ​របស់​សហភាព​អឺរ៉ុប (European Investment Bank) និង​តាមរយៈ​ការ​ចុះមូលបត្រ​បំណុល​រួម (Eurobond)។

នយោបាយ​របស់​លោក​ប្រធានាធិបតី​បារាំងក៏​បានទទួល​គាំទ្រដោយ​ប្រមុខ​ដឹកនាំ​​អ៊ីតាលី ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំទីបីនៅអឺរ៉ុប។ អ៊ីចឹង ការទាមទារ​របស់​បារាំង​ និង​អ៊ីតាលី ប្រហែល​ជា​បាន​ទទួល​ផ្លែផ្កា ព្រោះ​ក្រុមប្រទេស​ G20ក៏​គាំទ្រ​ឲ្យ​មាន​ចំណាយ​របស់​រដ្ឋ​ដែរ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច។

ហើយ​សម្រាប់ប្រទេស​ដែល​គ្មាន​វិបត្តិប្រាក់បំណុល ប៉ុន្តែ រងគ្រោះ​ដោយ​វិបត្តិប្រាក់បំណុល​អឺរ៉ុប ដូចជា​នៅក្នុង​ប្រទេស​ចិន និង​ឥណ្ឌា​ជាដើម គេ​ត្រូវ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់គេ​ តាមរយៈ​ ការជំរុញ​ការប្រើប្រាស់​ក្នុង​ស្រុកឲ្យ​កាន់តែច្រើន។

លោកស្រី​Christine Lagardeអគ្គនាយិការ​មូលនិធី​រូបិយវត្ថុ​អន្តរជាតិ ក្នុង​កិច្ចប្រជុំ​ពាណិជ្ជកម្ម នៅប្រទេស​ម៉ិចស៊ិក
លោកស្រី​Christine Lagardeអគ្គនាយិការ​មូលនិធី​រូបិយវត្ថុ​អន្តរជាតិ ក្នុង​កិច្ចប្រជុំ​ពាណិជ្ជកម្ម នៅប្រទេស​ម៉ិចស៊ិក ©Reuters

ប្រទេស​ទើបលូតលាស់ថ្មី ប្រកាស​ផ្តល់​ថវិកា​ដល់​FMI
មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ FMI បាន​ទទួល​លុយ​បន្ថែមដល់​ទៅ ៤៥៦​ពាន់​លាន​ដុល្លារ គឺ​ច្រើន​ជាងការគ្រោងទុកដែល​គេ​សង្ឃឹមថានឹង​បាន​ត្រឹម​តែ ៤៣០​ពាន់​លានដុល្លារប៉ុណ្ណោះ។ លុយមួយចំណែក​ គឺ​បាន​មកពី​សមាជិក​​របស់ក្រុម​​ប្រទេស​លូតលាស់​ថ្មី ដូចជា​ចិន​ជាដើម បាន​ប្រកាសចូលវិភាគទាន ៤៣​បាន់​លាន​ដុល្លារ រុស្ស៊ី ១០​ពាន់​លាន​ដុល្លារ ចំណែក​ឥណ្ឌា​ ប្រេស៊ីល អាហ្រ្វិកខាងត្បូង បាន​សន្យា​ផ្តល់​លុយ ២ពាន់​លាន​ដុល្លារ ដល់​FMI។ ក្រុមប្រទេស​ទើបលូតលាស់​ថ្មីBRICS ដូចជា​ចិន សុខចិត្ត​ផ្តល់លុយ​ដល់FMI ព្រោះ តែ​ប្រទេស​ទាំងនេះ​ចង់​បង្កើន​តួនាទី​ខ្លួនច្រើន​ជាងមុន នៅក្នុង​ស្ថាប័ន​ហិរញ្ញវត្ថុ​មួយនេះ។ FMI​តែងដឹកនាំ​ដោយ​អឺរ៉ុប និង​អាមេរិក ប៉ុន្តែ ប្រទេស​ចិន ឥណ្ឌា រុស្ស៊ី ដែល​ទើប​មាន​សេដ្ឋកិច្ច​លូតលាស់ថ្មី ចង់​បាន​មាន​​សំឡេង​ច្រើន​របស់ខ្លួន ដែរ នៅក្នុង​សេចក្តីសម្រេចចិត្ត​របស់​ FMI។ ​​

យ៉ាងណាក៏ដោយ គឺ​មូលនិធិ​សំខាន់​របស់​FMI គឺ​បាន​មកពី​ប្រទេស​នៅតំបន់​អឺរ៉ូ ដែល​បើ​ទោះជា​ខ្លួន​កំពុង​រងគ្រោះ​ដោយ​វិបត្តិសេដ្ឋកិច្ច ​​តែនៅតែ​សន្យា​ផ្តល់​១៥០​ពាន់​លាន​អឺរ៉ូ ដល់​FMI។ FMIត្រូវ​ការ​ថវិកា​​ដើម្បី​យក​ទៅ​ទប់ទល់​វិបត្តិ​សេដ្ឋកិច្ច​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI