បស្ចិមបទេស​នៅតែ​ចង់​ដើរ​តួ​ជា​អ្នកមាន​អំណាច​លើ​លោក

សំឡេង ០៧:១៦
ប្រធានាធិបតី​អាមេរិកាំង ប្រធានាធិបតី​រុស្ស៊ី (កណ្តាល) និង​​ប្រធានាធិបតី​បារាំង
ប្រធានាធិបតី​អាមេរិកាំង ប្រធានាធិបតី​រុស្ស៊ី (កណ្តាល) និង​​ប្រធានាធិបតី​បារាំង REUTERS/Eric Feferberg

ជំនួប​កំពូល​ប្រទេស​មហាឧស្សាហកម្ម​លូតលាស់​ទាំង​៨ (G8) នៅថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃសុក្រ​ស្អែក នឹង​ផ្តោត​ទៅ​លើ​ប្រធានបទក្តៅ​មួយចំនួន ដែល​កំពុង​កើតមាន នាពេលបច្ចុប្បន្ននេះ ដូចជា​បដិវត្តន៍​នៅពិភពអារ៉ាប់ សុវត្ថិភាព​នុយក្លេអ៊ែរ សង្រ្គាម​ស៊ីវិល ​នៅអាហ្រ្វិក ជម្លោះ​ទឹកដី​នៅដើមបូព៌ា សង្រ្គាមប្រឆាំង​ពួកភេរវកម្ម​នៅអាហ្វហ្កានិស្ថាន និង​កម្មវិធី​នុយក្លេអ៊ែរ​របស់​អៀរ៉ង់ជាដើម។

ផ្សាយពាណិជ្ជកម្ម

ប្រមុខ​រដ្ឋាភិបាល​របស់​ប្រទេស ដែល​មាន​ឧស្សាហកម្ម​លូតលាស់​ខ្លាំង ដូចជា បារាំង អាមេរិក អង់គ្លេស អ៊ីតាលី រុស្ស៊ី កាដាណា អាល្លឺម៉ង់ និង​ជប៉ុន បាន​មក​ចូលរួម ក្នុង​ជំនួប​កំពូល G8  នៅទីក្រុង​ដូវីល ក្នុង​ប្រទេស​បារាំង ដោយមាន​អម ដំណើរ​ដោយ​រដ្ឋមន្រ្តី ក្រសួង​សេដ្ឋកិច្ច និង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​របស់ខ្លួន។ នៅ​ G8 លើកនេះ គេ​នឹង​និយាយ​ពី​បញ្ហា​សេដ្ឋកិច្ច ប៉ុន្តែ ជាមួយ​គ្នានេះ គេ​ក៏​នឹង​ផ្តោត​សំខាន់​ទៅ​លើ​​នយោបាយ​អន្តរជាតិ​ដែល​កំពុង​ប្រែប្រួល​ក្នុង ​ពិភពលោក​បច្ចុប្បន្ន ជាពិសេស​បដិវត្តន៍ នៅ​ពិភព​អារ៉ាប់។

នៅក្នុង​សន្និសីទ​កាសែត នៅទីក្រុង​ឡុងដ៍ កាលពីថ្ងៃ​ម្សិលមិញ ថ្នាក់ដឹកនាំ​អាមេរិក និង​អង់គ្លេស បាន​អំពាវនាវ​រួមគ្នា រួចហើយ ឲ្យ​ប្រទេស​សមាជិក​ G8​ផ្សេងទៀត​ជួយ​គាំទ្រ​សេដ្ឋកិច្ច និង​នយោបាយ​របស់​ប្រទេស​ដែល​ទើប​ក្លាយ​ខ្លួន​ជា​ប្រទេស​​ប្រជាធិបតេយ្យ ដូចជា​ទុយនីស៊ី និង​អេហ្ស៊ីប​ជាដើម។

ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ប្រទេស​អារ៉ាប់​ទាំងនោះ ប្រធានាធិបតី​អាមេរិកាំង និង​នាយករដ្ឋមន្រ្តី​អង់គ្លេស​បាន​ថ្លែងសារ​ទៅកាន់​ប្រទេស​អ្នកមាន​ឲ្យ​ ចូលរួម​កាត់បន្ថយ​បំណុល ឬ​ក៏​ប្រែក្លាយ​បំណុល​ទាំងនោះ​ឲ្យ​ទៅ​ជា​ជំនួយ​វិនិយោគ​ក្នុង​ប្រទេស​ អារ៉ាប់​ទាំងនោះវិញ។ ប្រធានាធិបតី អាមេរិកាំង លោក​បារ៉ាក់ អូបាម៉ា​បាន​ធ្វើ​ជា​ឧទាហរណ៍​ដោយ​ប្រកាស​មុនគេ នៅ​សប្តាហ៍​មុន ថា អាមេរិក​បាន​ត្រៀម​​កញ្ចប់​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​ប្រទេស ​អារ៉ាប់​ដែល​ចង់​កាន់​របប​ប្រជាធិបតេយ្យ។

មួយវិញទៀត គេ​អាច​បង្កើត​ធនាគារ​សម្រាប់​ពិភព​អារ៉ាប់ នៅ​តាម​ប្រទេស​បណ្តោយ​សមុទ្រ​មេឌីទែរ៉ាណេ ដោយ​យក​គំរូ​តាម​ធនាគារ ឈ្មោះ​ធនាគារ​អឺរ៉ុប​ដើម្បី​ស្ថាបនា និង​អភិវឌ្ឍ។ ធនាគារ​អឺរ៉ុប មួយនេះ​ដែល​​ត្រូវ​បាន​បង្កើតឡើង នៅក្រោយ​ការដួល​រលំ​ជញ្ជាំង​ប៊ែឡាំង មាន​ទិសដៅ​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​របស់​ប្រទេស​អឺរ៉ុប​កណ្តាល និង​ប្រទេស​ដែល​​បែក​ចេញ​ពី​សហភាពសូវៀត។

បើទោះ​ជា​រដ្ឋមន្រ្តី​អាល្លឺម៉ង់ និង​បារាំង​បញ្ជាក់​ថា ជំនួបកំពូល​ G8​លើកនេះមិន​មែន​ជា​វេទិកា​ប្រទេស​ផ្តល់​ជំនួយ ប៉ុន្តែ ប្រទេស​អ្នកមាន​ទាំង៨ ត្រូវ​បាន​គេ​អំពាវនាវ​ឲ្យ​អន្តរាគម​ជា​បន្ទាន់​ក្នុង​ករណី​របស់​ទុយនីស៊ី និង​អេហ្ស៊ីប។ ប្រទេស​ទាំងពីរ​ដែល​​រស់​នឹង​វិស័យ​ទេសចរណ៍ មាន​សេដ្ឋកិច្ច​ធ្លាក់ចុះខ្លាំង ដោយសារ​ចលនា​បដិវត្តន៍​របស់​ប្រជាជន។

ទីក្រុង​គែរ​ត្រូវការ​បន្ទាន់​នូវទឹកប្រាក់​ពី​១០ពាន់ ទៅ ២០​ពាន់​លានដុល្លារ​សម្រាប់ពីពេលនេះ ដល់​ឆ្នាំ ២០១២។ ចំណែក​ទុយនីស៊ី​វិញ​ត្រូវការ​២៥ពាន់​លានដុល្លារ​សម្រាប់​រយៈពេល ៥​ឆ្នាំ​ទៅមុខ។ ធនាគា​ពិភពលោក​ធ្លាប់​បាន​សន្យា​ផ្តល់​ប្រាក់កំចី​​៤ពាន់​លាន​ដុល្លារ​ដល់​ អេហ្ស៊ីប ក្នុង​លក្ខខណ្ឌ ដែល​ថ្នាក់ដឹកនាំ​ប្រទេស​នេះ ព្រមធ្វើ​កំណែទម្រង់ និង​លុបបំបាត់​អំពើពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល។

វត្តមាន​ជា​លើកទីមួយ​ប្រមុខរដ្ឋ​អាហ្រ្វិក​នៅ​G8
ប្រធានាធិបតីថ្មី​របស់​​កូតឌីវ័រ នីហ្សេ និង​ហ្គីណេ ​ត្រូវ​គេ​អញ្ជើញ​ទៅ ក្នុង​ជំនួប​កំពូល​របស់​ G8។ វត្តមាន​របស់​មេដឹកនាំ ប្រទេស​អាហ្រ្វិក​ទាំងបី នៅ G8 ចេញ​មក​ពី​គំនិត​ផ្តួចផ្តើម​របស់​ប្រធានាធិបតី​បារាំង លោក​នីកូឡា សាកូហ្ស៊ី ដែល​ធ្លាប់​មាន​ផលប្រយោជន៍ និង​ទំនាក់​ទំនង​សេដ្ឋកិច្ច ផ្ទាល់​ជាមួយ​ប្រទេស​អាហ្វ្រិកទាំងនោះ។ បារាំង​ចង់ឆ្លៀត​ឱកាស​ក្នុង​ជំនួប​ G8​ បង្ហាញ​ប្រទេស​ទាំងបី​នេះ​ដល់​សមាជិក​របស់​ G8​ផ្សេងទៀត ដោយសំអាង​ថា ស្ថានភាព​របស់​ កូតឌីវ័រ នីហ្សេរ និង​ហ្គីណេ មិន​សូវ​ខុស​ពី​ប្រទេស​ទុយនីស៊ី និង​អេហ្ស៊ីប​ប៉ុន្មានទេ។ ប្រទេស​អាហ្រ្វិក​ទាំងនេះ​មាន​ប្រវត្តិ​បោះជំហាន​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ ដូច​ ទុយនីស៊ី និង​អេហ្ស៊ីបដែរ។

បារាំង​ដែល​ខំ​រៀបចំ​ឲ្យ​ប្រទេស​អាហ្រ្វិក​ទាំងបី​មក​ចូលរួម​ក្នុង​ G8 ព្រោះ​បារាំង​មិន​ចង់​ប្រឹងប្រែង​តែម្នាក់​ឯង​ដើម្បី​ទប់ទល់​នឹង​ចិន និង​ឥណ្ឌា ដែល​កំពុង​ពង្រីក​វត្តមាន តាមរយៈ​ការបោះទុន​កាន់តែច្រើន នៅលើ​ទឹកដី​អាហ្រ្វិក។

នយោបាយ​ក្រៅ​ប្រទេសប្រែប្រួល​ ដោយសារ​បដិវត្ត នៅ​ពិភពអារ៉ាប់។ លើសពីនេះ នៅមាន​ប្រទេស​ដែល​ទើប​រីកលូតលាស់ថ្មី ដូចជា​ចិន ឥណ្ឌា ប្រេស៊ីល កំពុង​ចេញមុខ​ទាមទារ​តួនាទី តំណែងខ្ពស់​​ជាមួយ​ប្រទេស​លោក​ខាងលិច​ដែល​ធ្លាប់​តែ​ដឹកនាំ​ពិភពលោក​ តែម្នាក់ឯង​រហូតមក។ ក្នុង​កាលៈទេសៈបែបនេះ ប្រទេស​លោកខាងលិច​មើលឃើញ​ថា ខ្លួន​ ត្រូវ​ចាត់​វិធានការ​ចាំបាច់ និង​បន្ទាន់​ដើម្បី​រក្សា​តំណែង ជា​ប្រទេស​មហាអំណាច​ដឹកនាំ​ពិភពលោក​របស់ខ្លួន។

ចូរកុំ​ភ្លេច​ថា ក្រៅតែ​ពី​ផលប្រយោជន៍​ភូមិសាស្រ្ត​នយោបាយ បស្ចិមបទេស​ដូចជា​អាមេរិក អង់គ្លេស និង​បារាំង​នៅ​មាន​ផលប្រយោជន៍​សេដ្ឋកិច្ច នៅ​ប្រទេស​អារ៉ាប់ និង​នៅ​ប្រទេស​អាហ្វ្រិកមួយចំនួន។ ប៉ុន្តែ ផលប្រយោជន៍​នយោបាយ​ក្រៅប្រទេស​របស់​ប្រទេស​លោក​ខាងលិច ជា​ពិសេស​អាមេរិក​ បាន​ប្រែប្រួល ចាប់តាំង​ពី​មាន​ចលនា​បដិវត្តន៍ នៅ ទុយនីស៊ី នៅ​អេហ្ស៊ីប និង​ជា​ពិសេស​ការបះបោរ​ប្រឆាំង​រដ្ឋាភិបាល​ដែល​កំពុង​ផ្ទុះ​នៅក្នុង​ប្រទេស​ ស៊ីរី យេម៉ែន និង​នៅ​បារ៉ែន។

អាមេរិក ធ្លាប់​ជាប្រទេស​សម្ព័ន្ធមិត្ត​របស់​ប្រទេស​អារ៉ាប់​ដែល​កំពុងជួប​ ខ្យល់បដិវត្តន៍ ដែល​តម្រូវ​ឲ្យ​ប្តូរមេដឹកនាំ​ផ្តាច់ការ​ចាស់ចោល។ ដូច្នេះ យើងឃើញថា ការធ្វើ​អន្តរាគមន៍​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ប្រទេស​អារ៉ាប់​ក្រោយ​ បដិវត្ត បង្ហាញ​ថា ប្រទេស​លោក​ខាងលិច សុខចិត្ត គោរពតាម​ការទាមទារ​របស់​ប្រជាជន អារ៉ាប់ ដោយ​លះបង់​ចោល ដៃគូ​ធ្វើការ​ចាស់ គឺ​មេដឹកនាំ​ផ្តាច់ការ  ប៉ុន្តែ នៅតែ​រក្សា មិន​បោះបង់​ចោល​ប្រទេស​អារ៉ាប់​ដែល​សំបូរប្រេង ​ទៅ​ឲ្យ​ប្រទេស​ទើប​រីក​ លូតលាស់​ថ្មី ដូចជា​ចិន និង​ឥណ្ឌា​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI