បស្ចិមបទេសនៅតែចង់ដើរតួជាអ្នកមានអំណាចលើលោក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ជំនួបកំពូលប្រទេសមហាឧស្សាហកម្មលូតលាស់ទាំង៨ (G8) នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រស្អែក នឹងផ្តោតទៅលើប្រធានបទក្តៅមួយចំនួន ដែលកំពុងកើតមាន នាពេលបច្ចុប្បន្ននេះ ដូចជាបដិវត្តន៍នៅពិភពអារ៉ាប់ សុវត្ថិភាពនុយក្លេអ៊ែរ សង្រ្គាមស៊ីវិល នៅអាហ្រ្វិក ជម្លោះទឹកដីនៅដើមបូព៌ា សង្រ្គាមប្រឆាំងពួកភេរវកម្មនៅអាហ្វហ្កានិស្ថាន និងកម្មវិធីនុយក្លេអ៊ែររបស់អៀរ៉ង់ជាដើម។
ប្រមុខរដ្ឋាភិបាលរបស់ប្រទេស ដែលមានឧស្សាហកម្មលូតលាស់ខ្លាំង ដូចជា បារាំង អាមេរិក អង់គ្លេស អ៊ីតាលី រុស្ស៊ី កាដាណា អាល្លឺម៉ង់ និងជប៉ុន បានមកចូលរួម ក្នុងជំនួបកំពូល G8 នៅទីក្រុងដូវីល ក្នុងប្រទេសបារាំង ដោយមានអម ដំណើរដោយរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងរដ្ឋមន្រ្តីក្រសួងការបរទេសរបស់ខ្លួន។ នៅ G8 លើកនេះ គេនឹងនិយាយពីបញ្ហាសេដ្ឋកិច្ច ប៉ុន្តែ ជាមួយគ្នានេះ គេក៏នឹងផ្តោតសំខាន់ទៅលើនយោបាយអន្តរជាតិដែលកំពុងប្រែប្រួលក្នុងពិភពលោកបច្ចុប្បន្ន ជាពិសេសបដិវត្តន៍ នៅពិភពអារ៉ាប់។
នៅក្នុងសន្និសីទកាសែត នៅទីក្រុងឡុងដ៍ កាលពីថ្ងៃម្សិលមិញ ថ្នាក់ដឹកនាំអាមេរិក និងអង់គ្លេស បានអំពាវនាវរួមគ្នា រួចហើយ ឲ្យប្រទេសសមាជិក G8ផ្សេងទៀតជួយគាំទ្រសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសដែលទើបក្លាយខ្លួនជាប្រទេសប្រជាធិបតេយ្យ ដូចជាទុយនីស៊ី និងអេហ្ស៊ីបជាដើម។
ដើម្បីស្រោចស្រង់សេដ្ឋកិច្ចប្រទេសអារ៉ាប់ទាំងនោះ ប្រធានាធិបតីអាមេរិកាំង និងនាយករដ្ឋមន្រ្តីអង់គ្លេសបានថ្លែងសារទៅកាន់ប្រទេសអ្នកមានឲ្យចូលរួមកាត់បន្ថយបំណុល ឬក៏ប្រែក្លាយបំណុលទាំងនោះឲ្យទៅជាជំនួយវិនិយោគក្នុងប្រទេសអារ៉ាប់ទាំងនោះវិញ។ ប្រធានាធិបតី អាមេរិកាំង លោកបារ៉ាក់ អូបាម៉ាបានធ្វើជាឧទាហរណ៍ដោយប្រកាសមុនគេ នៅសប្តាហ៍មុន ថា អាមេរិកបានត្រៀមកញ្ចប់ថវិការាប់ពាន់លានដុល្លារសម្រាប់ជួយប្រទេសអារ៉ាប់ដែលចង់កាន់របបប្រជាធិបតេយ្យ។
មួយវិញទៀត គេអាចបង្កើតធនាគារសម្រាប់ពិភពអារ៉ាប់ នៅតាមប្រទេសបណ្តោយសមុទ្រមេឌីទែរ៉ាណេ ដោយយកគំរូតាមធនាគារ ឈ្មោះធនាគារអឺរ៉ុបដើម្បីស្ថាបនា និងអភិវឌ្ឍ។ ធនាគារអឺរ៉ុប មួយនេះដែលត្រូវបានបង្កើតឡើង នៅក្រោយការដួលរលំជញ្ជាំងប៊ែឡាំង មានទិសដៅជួយស្រោចស្រង់សេដ្ឋកិច្ចរបស់ប្រទេសអឺរ៉ុបកណ្តាល និងប្រទេសដែលបែកចេញពីសហភាពសូវៀត។
បើទោះជារដ្ឋមន្រ្តីអាល្លឺម៉ង់ និងបារាំងបញ្ជាក់ថា ជំនួបកំពូល G8លើកនេះមិនមែនជាវេទិកាប្រទេសផ្តល់ជំនួយ ប៉ុន្តែ ប្រទេសអ្នកមានទាំង៨ ត្រូវបានគេអំពាវនាវឲ្យអន្តរាគមជាបន្ទាន់ក្នុងករណីរបស់ទុយនីស៊ី និងអេហ្ស៊ីប។ ប្រទេសទាំងពីរដែលរស់នឹងវិស័យទេសចរណ៍ មានសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង ដោយសារចលនាបដិវត្តន៍របស់ប្រជាជន។
ទីក្រុងគែរត្រូវការបន្ទាន់នូវទឹកប្រាក់ពី១០ពាន់ ទៅ ២០ពាន់លានដុល្លារសម្រាប់ពីពេលនេះ ដល់ឆ្នាំ ២០១២។ ចំណែកទុយនីស៊ីវិញត្រូវការ២៥ពាន់លានដុល្លារសម្រាប់រយៈពេល ៥ឆ្នាំទៅមុខ។ ធនាគាពិភពលោកធ្លាប់បានសន្យាផ្តល់ប្រាក់កំចី៤ពាន់លានដុល្លារដល់អេហ្ស៊ីប ក្នុងលក្ខខណ្ឌ ដែលថ្នាក់ដឹកនាំប្រទេសនេះ ព្រមធ្វើកំណែទម្រង់ និងលុបបំបាត់អំពើពុករលួយក្នុងជួររដ្ឋាភិបាល។
វត្តមានជាលើកទីមួយប្រមុខរដ្ឋអាហ្រ្វិកនៅG8
ប្រធានាធិបតីថ្មីរបស់កូតឌីវ័រ នីហ្សេ និងហ្គីណេ ត្រូវគេអញ្ជើញទៅ ក្នុងជំនួបកំពូលរបស់ G8។ វត្តមានរបស់មេដឹកនាំ ប្រទេសអាហ្រ្វិកទាំងបី នៅ G8 ចេញមកពីគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីបារាំង លោកនីកូឡា សាកូហ្ស៊ី ដែលធ្លាប់មានផលប្រយោជន៍ និងទំនាក់ទំនងសេដ្ឋកិច្ច ផ្ទាល់ជាមួយប្រទេសអាហ្វ្រិកទាំងនោះ។ បារាំងចង់ឆ្លៀតឱកាសក្នុងជំនួប G8 បង្ហាញប្រទេសទាំងបីនេះដល់សមាជិករបស់ G8ផ្សេងទៀត ដោយសំអាងថា ស្ថានភាពរបស់ កូតឌីវ័រ នីហ្សេរ និងហ្គីណេ មិនសូវខុសពីប្រទេសទុយនីស៊ី និងអេហ្ស៊ីបប៉ុន្មានទេ។ ប្រទេសអាហ្រ្វិកទាំងនេះមានប្រវត្តិបោះជំហានទៅរកលទ្ធិប្រជាធិបតេយ្យដូច ទុយនីស៊ី និងអេហ្ស៊ីបដែរ។
បារាំងដែលខំរៀបចំឲ្យប្រទេសអាហ្រ្វិកទាំងបីមកចូលរួមក្នុង G8 ព្រោះបារាំងមិនចង់ប្រឹងប្រែងតែម្នាក់ឯងដើម្បីទប់ទល់នឹងចិន និងឥណ្ឌា ដែលកំពុងពង្រីកវត្តមាន តាមរយៈការបោះទុនកាន់តែច្រើន នៅលើទឹកដីអាហ្រ្វិក។
នយោបាយក្រៅប្រទេសប្រែប្រួល ដោយសារបដិវត្ត នៅពិភពអារ៉ាប់។ លើសពីនេះ នៅមានប្រទេសដែលទើបរីកលូតលាស់ថ្មី ដូចជាចិន ឥណ្ឌា ប្រេស៊ីល កំពុងចេញមុខទាមទារតួនាទី តំណែងខ្ពស់ជាមួយប្រទេសលោកខាងលិចដែលធ្លាប់តែដឹកនាំពិភពលោកតែម្នាក់ឯងរហូតមក។ ក្នុងកាលៈទេសៈបែបនេះ ប្រទេសលោកខាងលិចមើលឃើញថា ខ្លួន ត្រូវចាត់វិធានការចាំបាច់ និងបន្ទាន់ដើម្បីរក្សាតំណែង ជាប្រទេសមហាអំណាចដឹកនាំពិភពលោករបស់ខ្លួន។
ចូរកុំភ្លេចថា ក្រៅតែពីផលប្រយោជន៍ភូមិសាស្រ្តនយោបាយ បស្ចិមបទេសដូចជាអាមេរិក អង់គ្លេស និងបារាំងនៅមានផលប្រយោជន៍សេដ្ឋកិច្ច នៅប្រទេសអារ៉ាប់ និងនៅប្រទេសអាហ្វ្រិកមួយចំនួន។ ប៉ុន្តែ ផលប្រយោជន៍នយោបាយក្រៅប្រទេសរបស់ប្រទេសលោកខាងលិច ជាពិសេសអាមេរិក បានប្រែប្រួល ចាប់តាំងពីមានចលនាបដិវត្តន៍ នៅ ទុយនីស៊ី នៅអេហ្ស៊ីប និងជាពិសេសការបះបោរប្រឆាំងរដ្ឋាភិបាលដែលកំពុងផ្ទុះនៅក្នុងប្រទេសស៊ីរី យេម៉ែន និងនៅបារ៉ែន។
អាមេរិក ធ្លាប់ជាប្រទេសសម្ព័ន្ធមិត្តរបស់ប្រទេសអារ៉ាប់ដែលកំពុងជួបខ្យល់បដិវត្តន៍ ដែលតម្រូវឲ្យប្តូរមេដឹកនាំផ្តាច់ការចាស់ចោល។ ដូច្នេះ យើងឃើញថា ការធ្វើអន្តរាគមន៍ផ្តល់ជំនួយហិរញ្ញវត្ថុដល់ប្រទេសអារ៉ាប់ក្រោយបដិវត្ត បង្ហាញថា ប្រទេសលោកខាងលិច សុខចិត្ត គោរពតាមការទាមទាររបស់ប្រជាជន អារ៉ាប់ ដោយលះបង់ចោល ដៃគូធ្វើការចាស់ គឺមេដឹកនាំផ្តាច់ការ ប៉ុន្តែ នៅតែរក្សា មិនបោះបង់ចោលប្រទេសអារ៉ាប់ដែលសំបូរប្រេង ទៅឲ្យប្រទេសទើបរីកលូតលាស់ថ្មី ដូចជាចិន និងឥណ្ឌាទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ