តំណាងអយ្យការសម្រេចចោទប្រកាន់ប្រធានក្រុមហ៊ុន GCG Asia និងបន្តការស៊ើបអង្កេត
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៩ ខែឧសភានេះ បានសម្រេចចោទប្រកាន់ជាផ្លូវការលើប្រធានក្រុមហ៊ុន GCG Asia Co., LTD ពីបទ ប៉ុនប៉ងឆបោក បន្ទាប់ពីក្រុមហ៊ុនខាងលើនេះបានប្រើប្រាស់រូប និងឈ្មោះលោកនាយករដ្ឋមន្ត្រីដោយខុសច្បាប់។ GCG Asia ជាក្រុមហ៊ុនរកស៊ីជួញដូររូបបិយប័ណ្ណអេឡិចត្រូនិច (Crypto Currency) និងបានរងការចោទប្រកាន់ថាជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវ។
លោក លី សុផាណា អ្នកនាំពាក្យស្ថាប័នអយ្យការបានអះអាងថា ក្រោយពីបានទទួល និងពិនិត្យសំណុំរឿងព្រមទាំងសាកសួរចម្លើយលើឈ្មោះ YAW FOO HOE ចប់សព្វគ្រប់ តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ ប៉ុនប៉ងឆបោក តាមមាត្រា៣៧៧ មាត្រា៣៧៨ និងមាត្រា៣៨១ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនជនល្មើស និងសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ឈ្មោះ YAW FOO HOE ជាប្រធានក្រុមហ៊ុន GCG Asia និងភរិយាត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរកាលពីថ្ងៃទី១៧ ខែឧសភាកន្លងទៅ។ ប៉ុន្តែភរិយារបស់ជនជាប់ចោទរូបនេះ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅវិញ បន្ទាប់ពីរកមិនឃើញពាក់ព័ន្ធនឹងអំពើខុសច្បាប់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីយប់ថ្ងៃទី១៦ ខែឧសភា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកបញ្ជាក់ថា ក្រុមហ៊ុន GCG Asia Co., LTD បានយករូបថតលោក និងឈ្មោះលោកទៅបង្ហោះនៅក្នុងគេហទំព័រ (Website) របស់ក្រុមហ៊ុន និងបានសរសេរថាលោកជាអ្នកគាំទ្រ និងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២០ ខែ ឧសភា ២០១៩។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសបដិសេធព័ត៌មាន ដែលបានផ្សាយក្នុងគេហទំព័ររបស់ក្រុមហ៊ុនខាងលើនេះថាជាព័ត៌មានមិនពិត និងបានអំពាវនាវឲ្យសមត្ថកិច្ចស្រាវជ្រាវរកមុខជនខិលខូចយកមកផ្តន្ទាទោសតាមច្បាប់ជាធរមានជាបន្ទាន់។
បើតាមលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្រុមហ៊ុននេះ បានយកឈ្មោះធនាគារជាតិ និងធនាគារចិននៅកម្ពុជាថាជាដៃគូទទួលខុសត្រូវក្នុងជំនួញដូរលុយក្នុងរូបភាពគ្រីបតូឃឺរិនស៊ី(Crypto Currency)។ លោកនាយករដ្ឋមន្ត្រីបានអះអាងដោយសំអាងលើព័ត៌មានពីស្ថានទូតឥណ្ឌូនេស៊ីនៅកម្ពុជាថា ក្រុមហ៊ុន ខាងលើនេះជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវហើយត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅ។
ចំណែកធនាគារជាតិនៃកម្ពុជាកាលពីយប់ថ្ងៃទី១៦ ខែឧសភាព ក៏បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាមិនដែលទទួលស្គាល់ ឬមានការពាក់ព័ន្ធជាមួយក្រុមហ៊ុន GCG Asia នេះឡើយ។ ដូចគ្នានេះដែរក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ថា ក្រុមហ៊ុន GCG Asia CO., LTD ដែលរកស៊ីជួញដូររូបិយប័ណ្ណអេឡិចត្រូនិចនេះ មិនបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មឡើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ