អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ចិន​ និង​ ជប៉ុន​ ៖​ មូលហេតុ​​ផ្សេងៗ​​នៃ​​ការ​​មិន​​ត្រូវ​​គ្នា

សំឡេង ០៨:២៨
ប្រជុំ​កោះ​Senkaku ដែល​ចិន​និង​ជប៉ុន​ទាមទារ​ដើម្បី​ជា​កម្មសិទ្ធិ​របស់​ខ្លួន​
ប្រជុំ​កោះ​Senkaku ដែល​ចិន​និង​ជប៉ុន​ទាមទារ​ដើម្បី​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ © wikipedia
ដោយ៖ តាន់ ហ្សង់-ហ្វ្រង់ស័រ
៤២ នាទី

ថ្ងៃ​នេះ​ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​បន្ត​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​ភូមិសាស្រ្ត​នយោបាយ​របស់​ប្រទេស​ចិន​ត​ទៅ​ទៀត ដោយ​សូម​និយាយ​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​ប្រទេស​ជប៉ុន​ម្តង។ តើ​មាន​មូលហេតុ​ផ្សេងៗ​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ប្រទេស​អាស៊ី​ទាំង​ពីរ​នេះ​មិន​ត្រូវ​គ្នា? 

ផ្សាយពាណិជ្ជកម្ម

ទំនាក់ទំនង​រវាង​ចិន​និង​ជប៉ុន​សព្វ​ថ្ងៃ បង្កប់​ទៅ​ដោយ​ការ​មិន​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ចិន​មិន​ទុក​ចិត្ត​ជប៉ុន និង​មិន​អាច​ទុក​ចិត្ត​ជប៉ុន​បាន ដោយហេតុ​តែ​អតីតកាល​យោធា​និយម​នៃ​ប្រទេស​ជប៉ុន ដោយហេតុ​តែ​អំពើ​សាហាវ​យង់ឃ្នង​ដែល​កងទ័ព​ជប៉ុន​បាន​ប្រព្រឹត្ត​ទៅ​លើ​ប្រជាជន​ចិន ដូច​យ៉ាង​ការ​កាប់​សម្លាប់​រង្គាល​នៅ​ណង់កាំង(Nankin)ក្នុង​ឆ្នាំ​១៩៣៧​ជា​ដើម។ ចិន​មិន​ទុក​ចិត្ត​ជប៉ុន ដោយហេតុ​តែ​គំនិត​សើរើ​និយម​របស់​ថ្នាក់​ដឹក​នាំ​ជប៉ុន​សព្វ​ថ្ងៃ​ដែល​ចង់​លុប​បំបាត់​ទង្វើ​អមនុស្សធម៌​ទាំង​នេះ​ឲ្យ​បាត់​អស់​រលីង​ពី​សៀវភៅ​ប្រវត្តិសាស្ត្រ។ ចិន​មិន​ទុក​ចិត្ត​ជប៉ុន ដោយហេតុ​តែ​សម្ពន្ធភាព​រវាង​ជប៉ុន​និង​សហរដ្ឋអាមេរិក ដោយហេតុ​តែ​វត្តមាន​មក​ទល់​ឥឡូវ​នៃ​កងទ័ព​អាមេរិក​នៅ​លើ​ទឹក​ដី​ជប៉ុន។

ទន្ទឹម​នេះ ក៏​មាន​ច្រើន​ដែរ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ជប៉ុន​មិន​ទុក​ចិត្ត​ចិន ដូច​ជា​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៃ​ប្រជាជន​ចិន របប​កុម្មុយនិស្ត​ផ្តាច់​ការ នយោបាយ​សម្លុត​កំញើញ​របស់​ថ្នាក់ដឹកនាំ​ចិន​ទៅ​លើ​តៃវ៉ាន់ និង​សេដ្ឋកិច្ច​ស្ទុះ​លឿន​ជ្រុល​របស់​ប្រទេស​ចិន។ នៅ​ក្រោយ​ព្រឹត្តិការណ៍​មហាភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា​ឆ្នាំ​២០០១ ចិន​តាម​ដាន​មើល​ទាំង​ក្តី​ព្រួយ​បារម្ភ​ការ​តស៊ូ​មតិ​នៅ​ប្រទេស​ជប៉ុន។ កាលណោះ អ្នក​នយោបាយ​ជប៉ុន​មាន​គំនិត​ចង់​សើរើ​មើល​ឡើង​វិញ​តួនាទី​របស់​កងទ័ព ចង់​ឲ្យ​កង​កម្លាំង​ជប៉ុន​ដែល​ជា​ទ័ព​ស្វ័យការពារ​តាំង​ពី​ចប់​សង្គ្រាម​លោក​លើក​ទី​ពីរ​មក ប្តូរ​លក្ខន្តិកៈ​ក្លាយ​ជា​ទ័ព​ចម្បាំង ដូច​ប្រទេស​ដទៃ​ផ្សេងៗ​ក្នុង​លោក​ដែរ។ ម្យ៉ាង​វិញ​ទៀត ចាប់​ពី​ឆ្នាំ​២០០២​មក ក៏​មាន​ដែរ​ការ​តស៊ូ​មតិ​យ៉ាង​ផុសផុល​ជុំវិញ​សំណួរ​ដែល​ថា តើ​ជប៉ុន​គួរ​ឬ​មិន​គួរ​ផលិត​អាវុធ​នុយក្លេអ៊ែរ? ទាំង​នេះ ពីព្រោះ​កូរ៉េ​ខាង​ជើង​ចេះ​តែ​ចចេស​បន្ត​កម្មវិធី​នុយក្លេអ៊ែរ ដែល​ថ្នាក់​ដឹក​នាំ​ជប៉ុន​យល់​ឃើញ​ថា ជា​គ្រោះ​ថ្នាក់​មួយ​ធំ​សម្រាប់​ប្រទេស​គេ។ ចំពោះ​ថ្នាក់ដឹកនាំ​ចិន ការ​តស៊ូ​មតិ​ទាំង​នេះ ស្តែង​ឲ្យ​ឃើញ​ថា ប្រទេស​ជប៉ុន​មាន​មហិច្ឆតា​ចង់​វិល​ទៅ​រក​អតីតកាល​យោធា​និយម​វិញ​របស់​ខ្លួន វិល​ទៅ​រក​សម័យ​មួយ ដែល​កាល​ណោះ កងទ័ព​ជប៉ុន​មាន​កម្លាំង​ខ្លាំង​ពូកែ​ជាង​គេ​បង្អស់​នៅ​អាស៊ី។

ប្រទេស​ជប៉ុន​វិញ ក៏​តាម​មើល​សភាពការណ៍​នៃ​ប្រទេស​ចិន​ទាំង​ក្តី​ព្រួយបារម្ភ​ដូច​គ្នា​ដែរ។ សំណួរ​ទាំង​អម្បាលម៉ាន​ដែល​ថ្នាក់ដឹកនាំ​ជប៉ុន​តែង​លើក​ឡើង រួម​មាន​ជា​អាទិ៍ តើ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ចិន អាច​នាំ​ប្រទេស​អាស៊ី​ដ៏​ធំ​មួយ​នេះ​ទៅ​រក​សេរីកម្ម​នយោបាយ នៅ​ទី​បំផុត​បាន​ដែរ​ឬ​ទេ​? តើ​មហិច្ឆតា​នៃ​ថ្នាក់​ដឹកនាំ​ចិន​មាន​ព្រំដែន​ដែរ​ឬ​ទេ​? តើ​ចិន​ហ៊ាន​រហូត​ដល់​ទៅ​ប្រើ​កម្លាំង​ទ័ព ដើម្បី​ដោះស្រាយ​បញ្ហា​តៃវ៉ាន់​ដែរ​ឬ​ទេ​?

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​រយៈ​កាល​ខ្លី​ថ្នាក់​ដឹក​នាំ​ចិន និង​ថ្នាក់​ដឹក​នាំ​ជប៉ុន​មិន​ជា​បារម្ភ​ខ្លាំង​ពេក​ទេ។ ក៏ប៉ុន្តែ ទាំង​សង​ខាង​មើល​ឃើញ​ថា គ្រោះថ្នាក់​យោធា​នឹង​អាច​កើត​ឡើង​នា​រយៈ​កាល​វែង បើ​សិន​ជា​ពុំ​មាន​ពី​ឥឡូវ​នេះ​ទៅ​ទេ កិច្ចសន្ទនា​យុទ្ធសាស្ត្រ​ស្តី​ពី​បញ្ហា​សន្តិសុខ​រវាង​ប្រទេស​ទាំង​ពីរ។ តែ​កិច្ចសន្ទនា​បែប​នេះ ពិបាក​នឹង​ប្រព្រឹត្ត​ទៅ​បាន ព្រោះតែ​មូលហេតុ​ពីរ​យ៉ាង។ ទីមួយ គឺ​មក​ពី​ប្រទេស​អាស៊ី​ទាំង​ពីរ​នេះ​គ្មាន​ព្រំដែន​ដី​គោក​ជាប់​គ្នា ហើយ​សព្វ​ថ្ងៃ​នេះ ថ្នាក់ដឹកនាំ​ចិន​ឲ្យ​អាទិភាព​ទៅ​លើ​តែ​ដំណោះស្រាយ​បញ្ហារ​វាង​ចិន​និង​ប្រទេស​ជិត​ខាង​របង​តែ​មួយ ដូច​ជា​ឥណ្ឌា និង​រុស្ស៊ី​ជា​ដើម។ ទីពីរ គឺ​មក​ពី​ថ្នាក់​ដឹក​នាំ​ចិន​ហា​មាត់​និយាយ​ផ្ទាល់​អំពី​បញ្ហា​សន្តិសុខ​ជាមួយ​ថ្នាក់ដឹកនាំ​ជប៉ុន​មិន​កើត ដោយហេតុតែ សម្ពន្ធភាព​ជា​ប្រវត្តិសាស្ត្រ​និង​ស្អិតល្មួត​ខ្លាំង​ពេក​រវាង​ជប៉ុន​និង​សហរដ្ឋអាមេរិក។ បាន​ន័យ​ថា ចំពោះ​ថ្នាក់ដឹកនាំ​ចិន អាមេរិក​ជា​មេខ្លោង​ធំ​របស់​ជប៉ុន ម្ល៉ោះ​ហើយ​ចិន​មិន​ព្រម​អង្គុយ​ទល់​មុខ​ជប៉ុន​ទេ តែ​ចង់​អង្គុយ​ទល់​មុខ​សហរដ្ឋអាមេរិក​តែ​ម្តង ដើម្បី​ជជែក​អំពី​រាល់​បញ្ហា​សន្តិសុខ​ដែល​ទាក់ទង​នឹង​ប្រទេស​ជប៉ុន។

ក្រៅ​ពី​មហិច្ឆតា​យោធា​រៀងៗ​ខ្លួន​ដែល​ធ្វើ​ឲ្យ​ចិន​និង​ជប៉ុន​មិន​ទុក​ចិត្ត​គ្នា និង​សង្ស័យ​គ្នា​ទៅ​វិញ​ទៅ​មក ក៏​មាន​ដែរ​សំណុំ​រឿង​រសើបៗ​ផ្សេង​ទៀត​ដែល​បាន​និង​កំពុង​បន្ត​បំពុល​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

សំណុំ​រឿង​ទីមួយ គឺ​សង្គ្រាម​ប៉ាកកា​ជុំវិញ​វិហារ​យ៉ាស៊ុយគុយនី(Yasukuni)។ វិហារ​យ៉ាស៊ុយគុយនី ជា​ទី​កន្លែង​តម្កល់​ឈ្មោះ​ទាហាន​ជប៉ុន​ដែល​បាន​ពលី​ជីវិត​ដើម្បី​មាតុភូមិ។ ប៉ុន្តែ នៅ​ទី​នោះ​ក៏​មាន​ដាក់​តម្កល់​ដែរ ឈ្មោះ​របស់​ក្រុម​នាយ​ទាហាន ដែល​ជា​ឧក្រិដ្ឋជន​សង្គ្រាម​លោក​លើក​ទី​ពីរ ដូច​យ៉ាង​ឧត្តមសេនីយ៍​Tojo Hideki ដែល​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ពី​ឆ្នាំ​១៩៤១​ដល់​ឆ្នាំ​១៩៤៤។ ថ្នាក់ដឹកនាំ​ចិន​ទប់​កំហឹង​ខ្លួន​មិន​ជាប់​ឡើយ ពេល​ដែល​ឃើញ​នាយករដ្ឋមន្រ្តី​ជប៉ុន​សម័យ​ទសវត្សរ៍​ទី​៨០ Nakasone និង​នាយករដ្ឋមន្ត្រី​ជប៉ុន​Koizumi​ ដែល​ចប់​អាណត្តិ​កាល​ពី​ឆ្នាំ​២០០៦ ទៅ​វិហារ​យ៉ាស៊ុយគុយនី​ម្តងៗ។ ចំពោះ​ថ្នាក់ដឹកនាំ​ចិន ទង្វើ​បែប​នេះ ជា​ការ​មាក់ងាយ​ជេរប្រមាថ​ព្រលឹង​ជនជាតិ​ចិន​រាប់​សែន​នាក់​ដែល​ត្រូវ​បាន​កងទ័ព​ជប៉ុន​កាប់​សម្លាប់។

សំណុំ​រឿង​ទី​ពីរ ដែល​បង្ក​ឲ្យ​មាន​ជម្លោះ​រវាង​ចិន​និង​ជប៉ុន គឺ​ទី​ប្រជុំ​កោះ​សេនកាគុយ​(Senkaku) ដែល​ជប៉ុន​បាន​ឈ្លានពាន​យក​ពី​ចិន​នៅ​ឆ្នាំ​១៨៩៥។ ថ្នាក់ដឹកនាំ​ចិន​ចេះ​តែ​ទាមទារ​ចង់​បាន​សេនកាគុយ​មក​វិញ។ ក៏ប៉ុន្តែ ជប៉ុន​មិន​ព្រម ហើយ​គ្មាន​បំណង​ចង់​ដោះ​ស្រាយ​បញ្ហា​នេះ​ទេ ពីព្រោះ​ទីប្រជុំ​កោះសេនកាគុយ អាច​មាន​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ។ នៅ​ក្នុង​បរិបទ​បែប​នេះ ក្រុម​អ្នក​ជាតិ​និយម​ចិន​តែង​តែ​ជិះ​​កប៉ាល់​ចូល​ទៅ​បង្ក​សកម្មភាព​នៅ​ក្បែរ​ទី​ប្រជុំ​កោះ​សេនកាគុយ មុន​នឹង​ត្រូវ​កង​ឆ្មាំ​ជប៉ុន​ចាប់​ខ្លួន​ហើយ​ដោះ​លែង​មក​វិញ​នៅ​ទី​បំផុត។ នៅខែកញ្ញាឆ្នាំ២០១០ ឧប្បត្តិហេតុទូតយ៉ាងធ្ងន់ធ្ងរមួយ កើតឡើងរវាងប្រទេសទាំងពីរ ក្រោយពីទូក​នេសាទ​មួយ​របស់​ចិន​ដែល​មាន​ដឹក​មនុស្ស​១៥​នាក់​បាន​ប៉ះ​ទង្គិច​ជាមួយ​នាវា​ល្បាត​របស់​ជប៉ុន នៅ​ក្បែរ​ទីប្រជុំកោះ​សេនកាគុយ។ កាល​ណោះ កង​ល្បាត​ជប៉ុន​បាន​ស្ទាក់​ចាប់​នាវា​នេះ ជាហេតុ​បាន​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ចិន​ខឹង​សម្បា​ជា​ខ្លាំង។

សំណុំ​រឿង​ទី​បី ដែល​កំពុង​បន្ត​ធ្វើ​ឲ្យ​ល្អក់​កករ​ទំនាក់ទំនង​រវាង​ចិន​និង​ជប៉ុន គឺ​បញ្ហា​តៃវ៉ាន់។ តាំង​ពី​ឆ្នាំ​២០០១​មក ឆ្នាំ​ដែល​George Bushកូន​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក ជប៉ុន​បាន​បណ្តោយ​ខ្លួន​ឲ្យ​អាមេរិក​ទាញ​ចូល​បន្តិច​ម្តងៗ​ក្នុង​អធិករណ៍​កោះ​តៃវ៉ាន់។ វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង តាំង​ពី​ឆ្នាំ​២០០២​មកនិង​ក្រោយ​មក​ទៀត​សង្គ្រាម​អាមេរិកនៅ​អ៊ីរ៉ាក់​នៅ​ឆ្នាំ​២០០៣ បាន​ជម្រុញ​ឲ្យ​ប្រទេស​ជប៉ុន​ពង្រឹង​សម្ពន្ធភាព​ជាមួយ​អាមេរិក។ ម្យ៉ាង​វិញ​ទៀត​George Bush បាន​ចេញ​មុខ​ការពារ​តៃវ៉ាន់ ក្នុង​ករណី​ណា​ដែល​ចិន​ហ៊ាន​ប្រើ​កម្លាំង​ទ័ព​វាយ​យក​កោះ​នេះ។ ការពារ​តៃវ៉ាន់​បើ​សិន​ជា​មាន​ការ​វាយ​ប្រហារ​ពី​សំណាក់​ចិន គឺ​នៅ​តែ​ជា​នយោបាយ​របស់​សហរដ្ឋអាមេរិក​មក​ទល់​សព្វថ្ងៃ ពីព្រោះអាមេរិក​ចង់​ឃើញ​ចិន​កុម្មុយនិស្ត​និង​ចិន​តៃវ៉ាន់​បង្រួបបង្រួម​គ្នា​តាម​ផ្លូវ​ចរចា ជាជាង​តាម​មធ្យោបាយ​សឹក។

ម៉្លោះ​ហើយ ថ្នាក់ដឹកនាំ​ចិន​ជឿ​ជាក់​ថា ក្នុង​នាម​ជា​សម្ពន្ធមិត្ត​ចាក់​ទឹក​មិន​លិច​របស់​អាមេរិក ជប៉ុន​នឹង​ច្បាស់​ជា​ចូលរួម​ក្នុង​ប្រតិបត្តិការ​យោធា ដើម្បី​ការពារ​តៃវ៉ាន់​ដែរ បើ​សិន​ជា​សង្គ្រាម​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​ណា​មួយ​មែន​នោះ។
ត្រង់​ចំណុច​នេះ ថ្នាក់​ដឹក​នាំ​ចិន​ប្រហែល​ជា​មិន​ភាន់​ច្រឡំ​ទេ ពីព្រោះ​នៅ​ឆ្នាំ​២០០៥ ជប៉ុន​និង​អាមេរិក​បាន​ប្រកាស​រួម​គ្នា​ជា​សំឡេង​តែ​មួយ​ថា «ដៃ​សមុទ្រ​ហ្វូ័រម៉ូស​(Formose) ជា​តំបន់​យុទ្ធសាស្ត្រ​រួម​របស់​សហរដ្ឋអាមេរិក​និង​របស់​ប្រទេស​ជប៉ុន»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ