សហរដ្ឋអាមេរិក

លោក​អតីត​ប្រធានាធិបតី​George Bush ចេញ​ផ្សាយ​សារណា ឬ​សៀវភៅ​នឹក​ចងចាំ​របស់​ខ្លួន

អតីត​ប្រធានាធិបតី អាមេរិក​លោក​ George W. Bush (ស្តាំ) នៅ ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​របស់​លោក​បារ៉ាក់ អូបាម៉ា ថ្ងៃ​ទី ២០ មករា ២០០៩
អតីត​ប្រធានាធិបតី អាមេរិក​លោក​ George W. Bush (ស្តាំ) នៅ ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​របស់​លោក​បារ៉ាក់ អូបាម៉ា ថ្ងៃ​ទី ២០ មករា ២០០៩ (Photo : AFP)

បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​រដ្ឋ​អំណាច​២​ឆ្នាំ​មក​ ​ លោក​អតីត​ប្រធានាធិបតី​អាមេរិកាំង​ George​ Bush​ វិល​ត្រឡប់​មក​ស្ថិត​ក្រោម​ពន្លឺ​នៃ​បច្ចុប្បន្នភាព​ នៅ​ឱកាស​ចេញ​ផ្សាយ​សារណា ឬ​សៀវភៅ​នឹក​ចង​ចាំ​របស់​ខ្លួន​ នៅ​ថ្ងៃ​ចន្ទ​ស្អែក​៨វិច្ឆិកា​នេះ។ គាត់​បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​គ្រប់​តែ​បណ្តាញ​ទូរទស្សន៍​ធំៗ ហើយ​ឈ្មោះ​របស់​គាត់​បាន​លេច​ចេញ​ជា​ថ្មី នៅ​ទំព័រ​ទី​១​នៃ​កាសែត​នានា។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់​Jean-Louis Pourtet ពី​ទីក្រុង​វ៉ាស៊ីនតោន ប្រែសម្រួល​ដោយ​វីនស្តុន រតនា

លោក​George​ Bush​ វិល​ត្រឡប់​មក​វិញ​ ដើម្បី​ផ្សព្វផ្សាយ​សារណា ឬ​សៀវភៅ​នឹក​ចងចាំ​របស់​ខ្លួន​ ​ ដោយ​រៀប​រាប់​គ្រប់​តែ​សេចក្តីសម្រេចចិត្ត​ធំៗ​ដែល​គាត់​បាន​ធ្វើ ក្នុង​អំឡុង​ជីវិត​គាត់ និង​អាជីព​នយោបាយ​របស់​គាត់។ តាមរយៈ​សារណា​នេះ​ ​ គេដឹងថា​នៅ​ឆ្នាំ​២០០៤​ គាត់​មាន​បំណង​នឹង​ទម្លាក់​អនុប្រធានាធិបតី​របស់​ខ្លួន​គឺ​លោក​Dick​ Cheney។

ដោយ​ត្រូវ​បណ្តាញ​ទូរទស្សន៍​NBC​សាក​សួរ​អំពី​ការអនុញ្ញាត​ដែល​គាត់​បាន​ផ្តល់​ឱ្យ​ក្នុង​ការប្រើ​ប្រាស់​ការក្លែង​ធ្វើ​ជា​លង់​ទឹក​ ​ ដើម្បី​ទទួល​បាន​ព័ត៌មាន​ពី​ពួក​ភេរវជន​ បន្ទាប់​ពី​ព្រឹត្តិការណ៍​ថ្ងៃ​១១កញ្ញា​ ​ លោក​អតីត​ប្រធានាធិបតី​ពុំ​បាន​ស្តាយ​ស្រណោះ​អ្វី​ទេ។​ “ខ្ញុំ​មាន​ភារកិច្ច​ត្រូវ​ការពារ​អាមេរិក ហើយ​សេចក្តីសម្រេចចិត្ត​ដែល​ខ្ញុំ​បាន​ធ្វើ​មាន​លក្ខណៈ​ចាំ​បាច់” -នេះ​ជា​យោបល់​របស់​លោក​George​ Bush។

ស្តី​ពី​ព្យុះ​សង្ឃរា​Katrina​ ​ គាត់​យល់​ឃើញ​ថា​ បាន​ធ្វើ​សេចក្តីសម្រេចចិត្ត​ដ៏​ល្អ​ ​ ប៉ុន្តែ​មាន​ការយឺត​យូរ​ពេក​ក្នុង​ការបញ្ចេញ​ប្រតិកម្ម។ អ្វី​ដែល​បាន​ធ្វើ​ឱ្យ​គាត់​អាក់អន់​ចិត្ត​ខ្លាំង​បំផុត គឺ​គាត់​ត្រូវ​បាន​អ្នក​ចម្រៀង និង​រាំ​តាម​ចង្វាក់​ភ្លេង​rap​ ឈ្មោះ​Kanye​ West​ ហៅ​គាត់​ថា​ ជា​ជន​ប្រកាន់​ពូជ​សាសន៍​  ពីព្រោះ​គាត់​អះអាងថា​ គាត់​ពុំ​មែន​ជា​អ្នក​ប្រកាន់​ពូជ​សាសន៍​ទេ។

តប​ចំពោះ​ពិធីការិនី​ អ្នក​ស្រី​Oprah​ Winfrey​ដែល​សួរ​គាត់ ហេតុអ្វី​បាន​ជា​គាត់​ស្ថិតនៅ​ស្ងៀមស្ងាត់​ ចាប់​តាំង​ពី​លោក​អូបាម៉ា​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​មក​ ​ គាត់​បាន​ឆ្លើយ​ថា​ ;​ “លោក​អូបាម៉ា​មាន​បញ្ហា​ត្រូវ​ដោះស្រាយ​ច្រើន​ណាស់​ទៅ​ហើយ​ ​ ពុំ​ចាំបាច់​ឱ្យ​ខ្ញុំ​ទិតៀន​រិះគន់​គាត់​ថែម​ទៀត​ទេ“-ជា​ចម្លើយ​ដែល​បាន​ធ្វើ​ឱ្យ​អង្គប្រជុំ​ទះ​ដៃ​សាទរ​គាត់។

នៅ​ក្នុង​សារណា ឬ​សៀវភៅ​នឹក​ចងចាំ​ ​ គាត់​ក៏​បាន​លើក​ឡើង​ដែរ​អំពី​ការប្រយុទ្ធ​របស់​គាត់​ទល់​នឹង​ស្រា​ ​ កាល​គាត់​នៅ​វ័យ​ក្មេង។ គាត់​រំលឹក​ថា​ គាត់​មាន​ការទើសទាល់​ក្នុង​ចិត្ត​ប៉ុណ្ណា​ ​ នៅ​ឱកាស​ហូបបាយ​ល្ងាច​មួយ​ដែល​គាត់​បាន​ផឹកស្រា​ច្រើន​ពេក​ ​ គាត់​បាន​សុំ​ឱ្យ​ស្ត្រី​ម្នាក់​ជា​ភ្ញៀវ​អាយុ​ប្រមាណ​ជា​៥០​ឆ្នាំ​និយាយ​អំពី​តើ​ជីវិត​ផ្លូវ​ភេទ​របស់​ខ្លួន​គាត់​មាន​សភាព​យ៉ាង​ដូចម្តេច​ទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI