សេដ្ឋកិច្ចតំបន់អឺរ៉ូ

បារាំង​និង​អាល្លឺម៉ង់​ចង់​បង្កើន​ទុន​បន្ថែម​ដល់​ធនាគារ​អឺរ៉ុប

ប្រធានាធិបតី​បារាំង​លោក​ Nicolas Sarkozy  និងនាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ (ស្តាំ)។ លោកស្រី​Christine Lagardeប្រធាន​មូលនិធិរូបិយវត្ថុ​អន្តរជាតិ (កណ្តាល)
ប្រធានាធិបតី​បារាំង​លោក​ Nicolas Sarkozy និងនាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ (ស្តាំ)។ លោកស្រី​Christine Lagardeប្រធាន​មូលនិធិរូបិយវត្ថុ​អន្តរជាតិ (កណ្តាល) ©បណ្ណាសារ

ប្រធានាធិបតី បារាំង​លោក Nicolas Sakozy ធ្វើដំណើរ​ទៅ​ទីក្រុង​ប៊ែឡាំង នៅថ្ងៃ​អាទិត្យ​ទី ៩ តុលា ២០១១ ​ដើម្បី​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ពី​ការផ្តល់ទុន​ដល់​ធនាគារ​អឺរ៉ុប។ នៅក្នុង​ជំនួប​ថ្ងៃនេះ មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ត្រូវ​តែ​ពិភាក្សា​ឲ្យ​ចេញ​​ជាផែនការរួម​​ច្បាស់លាស់​​មួយ ដែល​គេ​នឹង​ដាក់​ឲ្យ​អនុម័ត នៅក្នុង​កិច្ច​ប្រជុំ​កំពូល​អឺរ៉ុប ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៧ ១៨ តុលា​ខាងមុខនេះ។

ផ្សាយពាណិជ្ជកម្ម

 

អឺរ៉ុប​កំពុង​ត្រាំត្រែង​នឹង​វិបត្តិ​ប្រាក់បំណុល​របស់​ក្រិក ដែល​ពេលនេះ​កំពុង​លេច​ឃើញ​បណ្តើរៗ ក្នុង​ប្រទេស​អ៊ីតាលី និង​អេស្ប៉ាញ។ គេ​កំពុង​បារម្ភថា វិបត្តិប្រាក់​បំណុល​រដ្ឋ​​របស់​ប្រទេស​អឺរ៉ុប​ នឹង​អាច​​រាលដាល​ ឲ្យ​ទៅជា​វិបត្តិ​ធនាគារ។ គួរដឹងថា ធនាគារ​នៅអឺរ៉ុប​ជា​ច្រើន ជា​ម្ចាស់​បំណុល​រដ្ឋាភិបាល​ក្រិក។ រដ្ឋាភិបាល​ក្រិក​មាន​បំណុល​សរុប ប្រមាណ ៣៤០​ពាន់លាន​អឺរ៉ូ។ ម្ចាស់​បំណុល​ធំជាងគេ របស់​ក្រិក គឺ​ធនាគារ​អាល្លឺម៉ង់ បន្ទាប់មក គឺ​បារាំង និង​អង់គ្លេស។ ដូច្នេះ បើសិន​ក្រិក​ក្ស័យធន គ្មាន​លុយ​សង​ធនាគារ ធនាគារ​អឺរ៉ុប​នឹង​ដួល​បះជើង ហើយ​អ្នកដែល​រងគ្រោះ​ចុងក្រោយ គឺ​អ្នកដែល​មាន​លុយដាក់​ក្នុង​ធនាគារ និង​អ្នកវិនិយោគ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី ៦ តុលា នាយក​រដ្ឋមន្រ្តី​អាល្លឺម៉ង់ចេញមុខ​ស្នើ​ដល់​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ឲ្យ​​យល់ស្រប​តាម​គំនិត​របស់​ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ FMI Christine Lagarde ដែល​កាលពី​សប្តាហ៍មុន និយាយថា គេ​ត្រូវ​បន្ថែម​ទុន​ដល់​ធនាគារ​អឺរ៉ុប​ជា​បន្ទាន់។​ប្រធាន​មូលនិធិ​FMI​​បាន​ប៉ាន់ស្មាន​ថា ធនាគារ​នៅអឺរ៉ុប​នឹង​ត្រូវការ​ថវិកា​ប្រមាណ ១០០​ទៅ ២០០​ពាន់​លាន​អឺរ៉ូ ដើម្បី​ត្រៀមទប់ទល់ វិបត្តិ ប្រាក់បំណុល​របស់​ប្រទេស​សមាជិក​តំបន់​ប្រើប្រាស់​លុយអឺរ៉ូ។

ការផ្តល់​ទុន​បន្ថែម​ដល់​ធនាគារ អឺរ៉ុប គឺ​ដើម្បី​ឲ្យ​ធនាគារ​នៅតែ​មាន​លុយ​​ជានិច្ច បើទោះបី​ជា ក្រិក​ក្ស័យធន គ្មានលទ្ធភាព​សងលុយ​ក៏ដោយ។ ​ ធនាគារ​ដែល​ជា​ម្ចាស់​បំណុល​ក្រិក​ដែល​​ហ៊ាន​​លុបចោល​បំណុល​ខ្លះ​ដែល​ក្រិក​ជំពាក់ខ្លួន នឹង​បាន​ទទួល​ជំនួយ​ពី​មូលនិធិ​រួម​របស់​អឺរ៉ុប ឬ​ពី​រដ្ឋាភិបាល​។ អឺរ៉ុប ​ធ្វើ​ដូច្នេះ គឺ​សឹង​​មាន​ន័យថា អឺរ៉ុប​សុខចិត្ត​ឲ្យ​ក្រិក​ក្ស័យធន​ពាក់កណ្តាល គឺដូចជា​ដើម្បី​ជួយ​សម្រាល​វិបត្តិ​ប្រាក់បំណុល​ក្រិក។

នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់បាន​សម្រេចចិត្ត​ជួយ​ទ្រទ្រង់ដើមទុន​​ធនាគារ​ គឺ​ដើម្បី​ស្តារ​ទំនុក​ចិត្ត​របស់​អ្នកវិនិយោគ និង​ភាពជឿជាក់​ទៅលើ​ធនាគារ​នៅក្នុង​ទីផ្សារ​មូលប័ត្រ​ឡើងវិញ។ បើធនាគារ​មាន​ទុន​គ្រប់គ្រាន់ ពេលនោះ មនុស្ស​​នឹង​ទុកចិត្ត​ឲ្យ​ធនាគារ​ខ្ចីលុយ បន្តទៅទៀត ហើយ​ ​ធនាគារក៏​​មាន​ទុន​យក​ទៅប្រើ​បន្ត​​ដើម្បី​ឲ្យ​គេ​ខ្ចី​យក​ទៅ​វិនិយោគរកស៊ី ដែល​នេះ​នឹង​ចម្រើន​ដល់​សេដ្ឋកិច្ច។

​គេ​វាយ​តម្លៃ​ថា ធនាគារ​អឺរ៉ុប ដែល​ត្រូវ​បង្កើនដើម​​ទុនបន្ថែម មាន​ចំនួន​៤០ ដែល​ភាគច្រើន​ជា​ធនាគារ​ដែល​ប្រឈម​ខ្លាំង​នឹង​វិបត្តិ​ប្រាក់​បំណុល​រដ្ឋ​របស់​ប្រទេស​សមាជិកអឺរ៉ុប។ ការផ្តល់​​ទុន​បន្ថែម​ដល់​ធនាគារ​នឹង​ធ្វើ​តាមរូបភាព​បី គឺ​ធនាគារ​អាច​រក​លុយ​ពី​ពួក​ឯកជន បន្ទាប់មកទៀត គឺ​រដ្ឋាភិបាល​តែ​ម្តង​ដែល​នឹង​ផ្តល់​ទុន​បន្ថែម​ដល់​ធនាគារ ក្នុង​ករណី​ធនាគារ​មិន​អាច​រក​ទុន​ពី​ពួក​ឯកជន។ ជម្រើស​ចុងក្រោយ គឺ​​ធនាគារ​អាច​រត់​រក​ជំនួយ​ពី​កញ្ចប់​ថវិកា​សាមគ្គី​​របស់​អឺរ៉ុប ដែល​ប្រទេស​នៅតំបន់​អឺរ៉ូ​ទើប​បាន​បង្កើត។

រដ្ឋាភិបាល​បារាំង​​ធ្លាប់​​រារែក​មិន​ចង់​ឲ្យ​គេ​ផ្តល់​ទុន​បន្ថែម​ដល់​ធនាគារ ព្រោះ​តែខ្លាច​​ភ្នាក់ងារ វាយតម្លៃ​ហានិភ័យ​ទម្លាក់​ចំណាត់ថា្នក់ហិរញ្ញវត្ថុ​របស់ខ្លួន។ នៅ​តែប៉ុន្មាន​​ខែ​មុន​ការបោះឆ្នោត​រដ្ឋាភិបាល​​បារាំងព្យាយាម​រក្សា​ចំណាត់​ថ្នាក់​វិជ្ជមាន Aបីដងនេះ ដើម្បីទាក់ទាញ​សន្លឹកឆ្នោត​ពី​ប្រជាជនបារាំង។

ប៉ុន្តែ ដោយមកពី​​អឺរ៉ុប​ទាំង​មូល​នាំគ្នា​ដើរ​នយោបាយ​ផ្តល់ទុន​បន្ថែម​ដល់​ធនាគារ​ទាំងអស់គ្នា ទើប​​បារំាង​សុខចិត្ត​ចូលរួមដែរ។ ជារួម បារាំង​យល់ព្រមឲ្យ​គេ​បន្ថែម​ទុន​ដល់​ធនាគារ​អឺរ៉ុប ប៉ុន្តែ តើ​អ្នកណា​ជា​អ្នកផ្តល់​ទុនដល់ធនាគារ នោះ​​ជា​សំណួរ​សំខាន់​។​ រដ្ឋាភិបាល​​បារាំង​មិន​ចង់ធ្វើ​ជា​អ្នកចេញ​លុយ​ដើម្បី​​ជួយ​ធនាគារ​ទេ។ អ្នកខ្លះ មើលឃើញថា បារាំង ឥឡូវនេះ កំពុង​ចរចា​ជាមួយ​អាល្លឺម៉ង់ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​រដ្ឋាភិបាល ប្រទេស​មួយ​ៗ អាច​ប្រើប្រាស់​ថវិកា របស់​កញ្ចប់​សង្រ្គោះ​បន្ទាន់អឺរ៉ុបសម្រាប់​ផ្តល់​លុយ​បន្ថែម​ទៅធនាគារ​ក្នុង​ស្រុក​របស់ខ្លួន។ នោះមាន​ន័យថា ជាជាង​ប្រើថវិកា​ខ្លួន ​​រដ្ឋាភិបាល​​បារាំង​ចង់​យក​កញ្ចប់​វិភាគទាន​រួម ​អឺរ៉ុប​ ដើម្បី​យកបន្ថែម​ទុន​ឲ្យ​ធនាគារ​បារាំង។ ​

គំនិតបារំាង​គឺ​ ខ្វែងគ្នា​ ជាមួយ​អាល្លឺម៉ង់។ តាមនាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ធនាគារ​ត្រូវ​រត់រក​ទុន​ពី​ខាង​ពួក​វិនិយោគ មុន​នឹង​បានអន្តរាគមន៍​​ពី​រដ្ឋាភិបាល។ កញ្ចប់ វិភាគទាន​រួម​របស់អឺរ៉ុប គឺ​ជា​ជម្រើស​ចុងក្រោយ ដែល​នឹង​ត្រូវ​ប្រើ​ គឺ​ដើម្បី​ផ្តល់ទុន សម្រាប់​តែ​​រដ្ឋាភិបាល​ប្រទេស​ណា ដែល​ជួប​វិបត្តិ​ប្រាក់បំណុល ហើយ គ្មាន​លុយ​ជួយ​ធនាគារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI