ប្រទេសកាន់តែច្រើន ហាមឃាត់ការនាំចូលគ្រឿងឧបភោគបរិភោគពីជប៉ុន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បន្ទាប់ពីអនុសាសន៍របស់រដ្ឋាភិបាលជប៉ុន ហាមឃាត់មិនឲ្យទារកបរិភោគទឹកម៉ាស៊ីន នៅថ្ងៃម្សិលមិញមក ជាបន្តបន្ទាប់ ប្រទេសជាច្រើននៅលើពិភពលោក បាននិងកំពុងត្រួតពិនិត្យយ៉ាងខ្លាំង លើផលិតផលចំណីអាហារ បន្លែសាច់គ្រឿងសមុទ្ទ ដែលនាំចូលពីប្រទេសជប៉ុន ខ្លាចមានឆ្លងសារធាតុវិទ្យុសកម្ម។ នាំមុខដោយសហរដ្ឋអាមេរិក ថ្ងៃនេះប្រទេសអូស្ត្រាលី កាណាដា ហុងកុង សិង្ហបុរី រុស្ស៊ី នាំគ្នាសម្រេចផ្អាក និងហាមឃាត់ការនាំចូលគ្រឿងឧបភោគបរិភោគជប៉ុន មកពីតំបន់ជិតមជ្ឈមណ្ឌលនុយក្លេអ៊ែរ ហ្វ៊ូគុស្ហ៊ីម៉ាដៃហ្ស៊ី។
សេចក្តីរាយការណ៍របស់ អៀង សុខម៉ិញ
ការពារប្រសើរជាងព្យាបាល ! ដោយផ្អែកលើពាក្យស្លោកនេះហើយបានជាអាជ្ញាធរ ប្រទេសអូស្ត្រាលី កាណាដា សិង្ហបុរី រុស្ស៊ី ហុងកុង បានសម្រេច នៅថ្ងៃនេះ ហាមឃាត់ និងផ្អាក ការនាំចូលគ្រឿងឧបភោគបរិភោគជប៉ុនមួយចំនួន ដែលមក Fukushima Gunma Ibaraki Tochigi មិនឲ្យចូលក្នុងប្រទេសរបស់ខ្លួន ដោយខ្លាចមានឆ្លងសារធាតុវិទ្យុសកម្ម។ ព្រោះសូមបញ្ជាក់ថាតំបន់ទាំងបួននេះស្ថិតនៅជិតបង្កើយនឹងមជ្ឈមណ្ឌលនុយក្លេអ៊ែរ ហ្វ៊ូគុស្ហ៊ីម៉ា-ដៃហ្ស៊ី។
ផលិតផលហាមឃាត់មានជារួម បន្លែផ្លែឈើស្រស់ ទឹកដោះគោ ចំណីអាហារធ្វើពីទឹកដោះគោ គ្រឿងសមុទ្ទ ត្រី បង្គា មឹក គ្រំងាវ សារាយសមុទ្ទ ។ល។ និង។ល។ ទាំងស្រស់ទាំងកក។ ក្រៅពីការហាមឃាត់ និងកាត់បន្ថយ ឬផ្អាកមួយរយៈការនាំចូល នៅថ្ងៃនេះ ប្រទេសកាណាដាបានបង្កើនការត្រួតពិនិត្យយ៉ាងខ្លាំងលើរាល់ទំនិញដែលនាំចូលពីជប៉ុន និងបានរក្សាសិទ្ធិចាត់វិធានការបន្ថែមទៀតប្រឆាំងនឹងគ្រោះឆ្លងធាតុវិទ្យុសកម្ម ទៅតាមស្ថានការណ៍ជាក់ស្តែងនៅជប៉ុន។
បន្ទាប់ពីបានរកឃើញមានសារធាតុវិទ្យុសកម្មជាប់នៅនឹងនាវាដែលធ្វើដំណើរមកពីប្រទេសជប៉ុនមក ប្រទេសរុស្ស៊ី ក៏បានសម្រេចហាមឃាត់ការនាំចូលផលិតផលអាហារពីតំបន់ទាំងបួនរបស់ជប៉ុន ដែលស្ថិតនៅជាប់មជ្ឈមណ្ឌលនុយក្លេអ៊ែរ នោះដែរ។
ជាចំណែកមួយរបស់ចិន ហុងកុងជាប្រទេសទីមួយនៅអាស៊ី ដែលបានសម្រេចហាមឃាត់ការនាំចូលផលិតផលអាហារពីជប៉ុន តាំងពីថ្ងៃពុធម្សិលមិញមក។ ចំណែកប្រទេសសិង្ហបុរី ទើបចាត់វិធានការដូចគ្នានៅថ្ងៃព្រហស្បតិ៍នេះ។ ការិយាល័យត្រួតពិនិត្យសុខភាពចំណីអាហារនៃក្រសួងកសិកម្មហ្វីលីពីនចេញបំរាមមិនឲ្យនាំចូលសូកូឡាជប៉ុន។
រីឯសហរដ្ឋអាមេរិកវិញ បានអនុម័តមុនគេ មិនឲ្យនាំចូលចូលផលិតផលអាហារជប៉ុន ខាងលើ តាំងពីថ្ងៃអង្គារមក។ គេពុំទាន់ឃើញមានសេចក្តីសម្រេចអ្វីចេញពីប្រទេសបារាំងនៅឡើយទេ ប៉ុន្តែបារាំងបានស្នើសុំទៅគណៈកម្មការអឺរ៉ុបរួចហើយ ដើម្បីដាក់ឲ្យមានប្រព័ន្ធត្រួតពិនិត្យ ដោយគ្មានចន្លោះ រាល់គ្រប់ផលិតផលអាហារស្រស់របស់ជប៉ុនទាំងអស់ មុននឹងអនុញ្ញាតឲ្យឆ្លងព្រំដែនចូលអឺរ៉ុប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ