បារាំង

មហោស្រព​ភាពយន្ត​កាន​លើកទី ៦៤​មិន​ស្គាល់​វិបត្តិ

ការបញ្ចាំង​កុន​នៅ​តាម​ឆ្នេរ​សមុទ្រ​ក្នុង​ក្រុន​កាន
ការបញ្ចាំង​កុន​នៅ​តាម​ឆ្នេរ​សមុទ្រ​ក្នុង​ក្រុន​កាន ©Reuters

មហោស្រព​កាន​ បាន​ប្រព្រឹត្ត​​យ៉ាង​ល្អ និង​អស្ចារ្យ​ខ្លាំង​នៅ​ឆ្នាំ​នេះ ដោយ​គ្មាន​សង្គ្រាម​ប៉ាកកា ទាក់ទង​នឹង​ការ​ជ្រើស​រើស​ភាពយន្ត​ដូច​ឆ្នាំមុន អាកាសធាតុ​ក៏​អំណោច​ផល​ល្អ តារា​ល្បីៗនៅ​លើ​លោក មក​ពី​ហូលីវូត បូលីវូត ។ល។ និង​។ល។ បាន​​មក​ចូល​រួម ក្នុង​ឱកាស​នេះ រហូត​អ្នក​វិភាគ​ចាត់ទុក​ថា​មហោស្រពនេះ អស្ចារ្យ​ និង​​ជាពាណិជ្ជកម្ម ដ៏​សម្បើម​មួយ។

ផ្សាយពាណិជ្ជកម្ម

 

ដោយ​មាន​លោក Robert de Niro ជា​ប្រធាន និងវត្តមាន​របស់​​ក្រុម​តារាភាពយន្ត​ល្បីៗ​លើ​ពិភពលោក តួយ៉ាង​​ Brad Pitt Angelina Jolie Johnny Depp Sean Penn Catherine Deneuve Sharon Stone ឬ​ក៏ Zinadine Zidane និង​ភរិយា ។ល។ និង។ល។ មហោស្រព​ភាពយន្ត​លើកទី ៦៤ មាន​លក្ខណៈ​អស្ចារ្យ​ជាង​ពេល​ណាៗ​ទាំង​អស់។

មហោស្រព​លើក​នេះ បាន​អញ្ជើញ​សមិទ្ធិករ ផលិតករ​ភាពយន្ត​​ មក​ពី​ប្រទេស​ដែល​ទទួល​រង​​ការ​គាបសង្កត់​ ពី​របប​កាន់​អំណាច​ផ្តាច់ការ ជាច្រើន​នាក់ទៀត មាន​ជា​អាទិ៍​ភាព​យន្ត​អៀរ៉ង់។ អ្នកផលិត​ភាពយន្ត​នេះ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​៦​ឆ្នាំ និង​មិន​អាច​ចាក​ចេញ​ពី​ប្រទេស​បាន​ឡើយ។ ខ្សែ​ភាពយន្ត​នេះ​នឹង​ចាក់បញ្ចាំង​ក្នុង​ថ្ងៃ​អាទិត្យទី​១៥​ឧសភា ដូច​ភាពយន្ត​ខ្មែរ​របស់​លោក​ រិទ្ធី ប៉ាន់​ ដែរ។

ភាពយន្ត​កាន់តែ​សម្បូរបែប មាន​តារាល្បីៗ​ចូល​រួម​យ៉ាង​សន្ធឹក​សន្ធាប់ ទេសចរ ចំនួន​ការងារ​កើន​ឡើង​ មហោស្រព​កាន​បាន​ក្លាយ​ជា​ពាណិជ្ជកម្ម ​មួយ​ដ៏​សម្បើម គឺ​ក្នុង​តម្លៃ​ប្រមាណ​ជា ៩០០​លាន​អឺរ៉ូ។ តម្លៃ​រថយន្ត​​ទំនើបៗ មួយ​គ្រឿង​ ជួលក្នុង​តម្លៃ​៦ពាន់​អឺរ៉ូ ក្នុង​មួយ​ថ្ងៃ ចំណែក បន្ទប់​សណ្ឋាគារ​ល្អ​ប្រណិត​មានតម្លៃ​ជិត​បួន​ម៉ឺន​អឺរ៉ូ ក្នុង​មួយ​យប់។ ក្នុង​រយៈពេល​តែ​ពីរ​សប្តាហ៍​សោះ សណ្ឋាគារ​ ​និង​ភោជនីយដ្ឋាន​អាច​រក​ប្រាក់​ចំណូល​បាន​ប្រមាណ​១៥% នៃ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​​សរុប។

ប៉ុន្តែ​ ក្រុងកាន​ត្រូវ​ចំណាយ​ថវិកា​យ៉ាង​ច្រើន​ ក្នុង​ផ្នែក​សុវត្ថិភាពដែរ។ កម្លាំង​​ភ្នាក់ងារ​សន្តិសុខ ទាំង​រដ្ឋ​ និង​ឯកជនចំនួន​មួយសែន​នាក់ ត្រូវ​ដាក់​ពង្រាយ​ពេញ​ទីក្រុង ទាំង​យប់​ទាំង​ថ្ងៃ។ ការពង្រាយ​ភ្នាក់ងារ​សន្តិសុខ​ធ្វើ​ឲ្យ​គេ​ចំណាយ​អស់ប្រាក់ ២០​លាន​អឺរ៉ូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI