កម្ពុជា-សហភាពអឺរ៉ុប

រដ្ឋាភិបាល​កម្ពុជា​និង​សហភាព​អឺរ៉ុប​ពិនិត្យ​ឡើងវិញ​នូវ​គម្រោង​អភិវឌ្ឍន៍​

រដ្ឋាភិបាលកម្ពុជា និង សហភាព​អឺរ៉ុប​ពិនិត្យ​ឡើងវិញ​នូវ​គម្រោង​អភិវឌ្ឍន៍​
រដ្ឋាភិបាលកម្ពុជា និង សហភាព​អឺរ៉ុប​ពិនិត្យ​ឡើងវិញ​នូវ​គម្រោង​អភិវឌ្ឍន៍​ © ស៊ីវ​ ចាន់ណា

គណៈកម្មាធិកា​រ​ចម្រុះ​កម្ពុជា​-​សហភាព​អឺរ៉ុប ( EU ) ​បាន​ជួបប្រជុំ​គ្នា​រយៈ​ពេល​៣ថ្ងៃ​ ចាប់ពី​ព្រឹក​ថ្ងៃទី១៩​មិថុនា​នេះ​ នៅ​ក្រសួង​ការបរទេស​ក្នុង​ទីក្រុង​ភ្នំពេញ។​ កិច្ចប្រជុំ​ដែលមាន​ការ​ចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប​ និង​មន្ត្រី​ជាន់​ខ្ពស់​ មក​ពី​ក្រសួង​ស្ថាប័ន​របស់​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ពិនិត្យ​ឡើងវិញ​លើ​ជំនួយ​របស់​សហភាព​អឺរ៉ុប​ ដែល​បាន​ជួយ​ដល់​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​នៅ​កម្ពុជា ​មានដូចជា ​កំណែ​ទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌​ បញ្ហា​សិទ្ធិមនុស្ស ​ និង​កំណែ​ទម្រង់​ដីធ្លី​ជាដើម។

ផ្សាយពាណិជ្ជកម្ម

ក្នុងពេល​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​សហភាព​អឺរ៉ុប ​លើក​ទី៧​នៅ​ព្រឹក​ថ្ងៃ​អង្គារ ​ទី១៩​មិថុនា​នេះ ​លោក សៀង ឡប្រេស្ស ​សហប្រធាន​នៃ​កិច្ចប្រជុំ​ និង​ជា​អនុ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​បាន​លើកឡើង​ថា ​កិច្ចប្រជុំ​ចម្រុះ​នេះ​ នឹង​អាច​សម្រេច​បាន​ភាព​ប្រសើរ​ឡើង ​នូវ​ការកាត់​បន្ថយ​ការលំបាក​នៅ​កម្ពុជា។​ លោក​សង្ឃឹមថា​ កិច្ចប្រជុំ​រវាង​តំណាង​រដ្ឋាភិបាល​កម្ពុជា ​និង​សហភាព​អឺរ៉ុប​ ពេលនេះ ជា​ផែនទី​បំភ្លឺ​ផ្លូវ​មួយ ​ដែល​អាច​ធ្វើអោយ​ប្រសើរ​ឡើង​នូវ​គោលដៅ​ទៅ​អនាគត រ​រវាង​ភាគី​ទាំងពីរ​ ផ្នែក​នយោបាយ​ និង​សេដ្ឋកិច្ច​ ដែល​កម្ពុជា ​ជា​ប្រទេស​កំពុង​តែ​អភិវឌ្ឍន៍។

 
ចំណែក​លោក Rolf Timans ​សហប្រធាន​កិច្ចប្រជុំ ​ដែល​តំណាង​សហភាព​អឺរ៉ុប​បាន​លើកឡើង​ថា​ របៀបវារៈ​ ដែល​ត្រូវ​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ពេលនេះ​ មាន​សារៈសំខាន់​ ដូចជា​ការលើកឡើង​ពី​ការគោរព​សិទ្ធិមនុស្ស​ និង​នីតិរដ្ឋ​នៅ​កម្ពុជា ​ជាដើម​។​ ដូច្នេះ​សហភាព​អឺរ៉ុប ​ចង់​ស្តាប់​ពី​វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា​។
របៀបវារៈ​នៃ​កិច្ចប្រជុំ​រយៈពេល ​៣ ថ្ងៃ ​រវាង​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា និង​សហភាព​អឺរ៉ុប​ លើក​ទី​៧ បាន​បង្ហាញ​ថា ​តំណាង​រដ្ឋាភិបាល​កម្ពុជា​ និង​តំណាង​សហភាព​អឺរ៉ុប ​ដែលមាន​ ២៧ ប្រទេស​ នឹង​លើកឡើង​ពី​ប្រធានបទ​សំខាន់ៗ ​ដូចជា​ កំណែ​ទម្រង់​ច្បាប់ ​និង​ប្រព័ន្ធ​យុត្តិធម៌ ​បញ្ហា​តុលាការ​កាត់ទោស​មេ​ខ្មែរក្រហម ​សេរីភាព​បញ្ចេញមតិ​ កំណែទម្រង់​ដីធ្លី ​យន្តការ​ដោះស្រាយ​ជម្លោះ​ដីធ្លី ​សម្បទានដី​សេដ្ឋកិច្ច​ កំណែទម្រង់​ការបោះឆ្នោត ​និង​សេរីភាព​របស់​អង្គការ​សមាគម ​បញ្ហា​សិទ្ធិមនុស្ស ​សិទ្ធិស្ត្រី ​និង​បញ្ហា​ពលករ​ចំណាកស្រុក។

ប្រធានបទ​ទាំងអស់​នោះ​ ត្រូវបាន​អនុវត្ត​នៅ​កម្ពុជា ​ក្រោម​ជំនួយ​របស់​សហភាព​អឺរ៉ុប​។ ​ប៉ុន្តែ​មិន​មាន​ការបញ្ជាក់​ពី​ចំនួន​ទឹកប្រាក់​ និង​រយៈពេល​នៃ​ការអនុវត្តន៍​​ឲ្យបាន​ជ​ក់​ច្បាស់​ឡើយ។​ ​ប្រធានបទ​នីមួយៗ ​គឺ​មន្ត្រី​ខាង​រដ្ឋាភិបាល​កម្ពុជា ​មកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ នឹង​ធ្វើ​បទ​អន្តរាគមន៍​ លើក​បង្ហាញ​ពី​ការ​វិវឌ្ឍន៍ ​មុន​នឹង​តំណាង​សហភាព​អឺរ៉ុប​ ផ្តល់នូវ​ចំណាប់​អារម្មណ៍ ​និង​អនុសាសន៍​លើ​ប្រធានបទ​ទាំងនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI