កម្ពុជា

ប្រមុខ​ការទូត​កម្ពុជា​កោះ​ប្រជុំ​មន្ត្រី​ទូត​ខ្លួន​ដើម្បី​ផ្សព្វផ្សាយ​នយោបាយ​ការបរទេស

ប្រមុខ​ការទូត​កម្ពុជា​កោះ​ប្រជុំ​មន្ត្រីទូតខ្លួន​ដើម្បី​ផ្សព្វផ្សាយ​នយោបាយ​ការបរទេស
ប្រមុខ​ការទូត​កម្ពុជា​កោះ​ប្រជុំ​មន្ត្រីទូតខ្លួន​ដើម្បី​ផ្សព្វផ្សាយ​នយោបាយ​ការបរទេស ©ចាន់ណា

ឯកអគ្គរាជទូត និង​អគ្គកុងស៊ុល​កម្ពុជា​នៅ​បរទេស​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ក្រសួង​ការបរទេស ដើម្បី​ស្តាប់​ការ​ណែនាំ​ពី​លោក​រដ្ឋមន្ត្រី​ការបរទេស​ហោ ណាំហុង​ស្តីពី​គោលនយោបាយ​ការបរទេស​កម្ពុជា។ ការ​បោះឆ្នោត​ជ្រើសរើស​សមាជិកភាព​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អាស៊ាន​របស់​កម្ពុជា គឺ​ជា​ប្រធាន​បទ​ចម្បង​ដែល​ប្រមុខ​ការទូត​ត្រូវ​ផ្តល់​បទឧទ្ទេសនាម​ប្រាប់​មន្ត្រី​ទូត​តំណាង​កម្ពុជា​នៅ​បរទេស។ ក្រុម​អ្នក​ការទូត​កម្ពុជា​ក៏​នឹងត្រូវ​ជួប​ស្តាប់​ការ​ណែនាំ​ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ស្អែក​នេះ​ដែរ។

ផ្សាយពាណិជ្ជកម្ម

ឯក​អគ្គ​រាជទូត​២៦​រូប និង​អគ្គ​កុងស៊ុល​៨​រូប​របស់​កម្ពុជា​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ក្រសួង​ការ​បរទេស​រយៈ​ពេល​២​ថ្ងៃ​ដើម​សប្តាហ៍​នេះ​ដើម្បី​ស្តាប់​ការណែនាំ​អំពី​នយោបាយ​ការ​បរទេស​កម្ពុជា​ពី​រដ្ឋមន្ត្រី​ការបរទេស និង​ពី​លោក​នាយករដ្ឋមន្ត្រី។ ការ​ឈរ​បេក្ខភាព​កម្ពុជា​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​អាស៊ាន​គឺ​ជា​ប្រធានបទ​សំខាន់​ពីរ​ដែល​ប្រមុខ​ការទូត​ត្រូវ​ផ្តល់​ការ​ណែនាំ​លំអិត​ដល់​មន្ត្រី​ទូត​ទាំង​អស់។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា។ មន្ត្រី​ក្រសួង​ការបរទេស​ដដែល​បាន​បន្ត​ថា លោក​រដ្ឋមន្ត្រី​ហោ ណាំហុង​ក៏​បាន​ណែនាំ​អោយ​មន្ត្រី​ទូត​កម្ពុជា​និយាយ​អំពី​ស្ថានភាព​ស្ងប់ស្ងាត់​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ​ដែល​មាន​ជម្លោះ​នោះ ប្រាប់​ទៅ​ប្រទេស​ជា​មិត្ត។

ការ​ជួប​ប្រជុំ​រួម​ដ៏កម្រ​ធ្វើ​នេះ​នៃ​អ្នក​ការទូត​កម្ពុជា ក៏​បាន​ផ្តល់​ឱកាស​អោយ​លោក​រដ្ឋមន្ត្រី​ការបរទេស​ហោ ណាំហុង​ផ្តល់​ការ​ណែនាំ​អោយ​មន្ត្រី​ទូត​ទាំង​អស់​តាម​ដាន​ស្ថានភាព​អភិវឌ្ឍន៍​របស់​កម្ពុជា ហើយ​ពន្យល់​ប្រាប់​ទៅ​អ្នក​វិនិយោគ​បរទេស​អោយ​មក​កម្ពុជា និង​ពន្លឿន​ការ​ផ្តល់​ទិដ្ឋាការ​ដល់​អ្នក​ដែល​ចូល​មក​ទស្សនា​កម្ពុជា​ផងដែរ។ ទន្ទឹមគ្នា​នេះ លោក​ប្រមុខ​ការទូត​កម្ពុជា​បាន​ណែនាំ​អោយ​មន្ត្រី​ទូត​តាមដាន​និង​ការពារ​សិទ្ធិ​សុវត្ថិភាព​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​បរទេស​ដូចជា​ថៃ ម៉ាឡេស៊ី និង​កូរ៉េ​ជាដើម។ ហើយ​ថា​នៅ​ពេល​ខាង​មុខ​នេះ កម្ពុជា​ក៏​នឹង​អនុញ្ញាត​អោយ​មាន​ការ​បញ្ជូន​ពលករ​កម្ពុជា​ទៅ​ប្រទេស​កាតារ និង​ប្រទេស​គុយវេត​ទៀត​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI