វៀតណាម

អង្គការ​ការពារ​សិទ្ធិមនុស្ស​បរិហារ​វៀតណាម​ក្រោយ​បាតុកម្ម​របស់​ជនជាតិ​ម៉ុង

ជនជាតិ​ភាគ​តិច​ម៉ុង នៅ​ប្រទេស​វៀតណាម
ជនជាតិ​ភាគ​តិច​ម៉ុង នៅ​ប្រទេស​វៀតណាម © Reuters

នៅ​ថ្ងៃ​អង្គារ​នេះ អង្គការ​ការពារ​សិទ្ធិមនុស្ស​អាមេរិក Human Rights Watch បាន​បរិហារ​​អាជ្ញាធរ​វៀតណាម​​ ថា​បាន​បង្កើត​ “​តំបន់​ខ្មៅ​មួយ”​ នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ ពោល​គឺ​ហាម​ឃាត់​មិន​ឲ្យ​អ្នក​ការទូត និង​អ្នក​យក​ព័ត៌មា​ន​ចេញ​-ចូលយក​ការណ៍​អ្វី​​បានឡើយ។ ការ​បិទ​បាំង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ចលនា​បាតុកម្ម​​ទាមទារ​ស្វ័យភាព​របស់​ជនជាតិ​ភាគតិច​ម៉ុង (Hmong)​ កាល​ពី​ដើម​ខែ​។

ផ្សាយពាណិជ្ជកម្ម

ខេត្ត​ឌៀនបៀន ស្ថិត​នៅ​ភាគ​ពាយ័ព្យ​​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ចិន និង​ឡាវ បានក្លាយ​ជា​តំបន់​​ខ្មៅ​ងងឹត​មួយ កាត់​ផ្តាច់​ពី​ពិភពលោក​ខាង​ក្រៅ គ្មាន​ព័ត៌មាន​អ្វី​ដែល​ធ្លាយ​ចេញ​មកក្រៅ​បាន​ឡើយ ព្រោះ​អាជ្ញាធរ​វៀតណាម​បាន​បិទ​បាំង​ទាំង​ស្រុង។

ព័ត៌មាន​ដែល​មិន​អាច​ផ្ទៀង​ផ្ទាត់​បាន​ បង្ហាញ​ថា​ ទំនង​ជា​មាន​​​ជន​ជាតិ​ភាគ​តិច​​ម៉ុង ជាង​១០​នាក់​ បាន​ស្លាប់ និងរបួស។ ប៉ុន្តែ​ ពេល​នេះ​ អាជ្ញាធរ​ ក្រុង​ហាណូយ​បាន​បិទ​ខ្ទប់​ មិន​អនុញ្ញាត​​ឲ្យ​អ្នក​ការទូត​បរទេស​ និង​អ្នក​សារព័ត៌មាន​ណា​​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ភាគនិរតី​នោះឡើយ។ នេះ​បើ​តាម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ Human Rights Watch។

សូម​ជម្រាប​ជូ​ន​ថា បើ​តាម​ប្រភព​ព័ត៌មាន​យោធា កាលពី​ថ្ងៃ​ទី ៥ ​ខែ​ឧសភា​នេះ ពួក​ជន​ជាតិ​ភាគ​តិច​ម៉ុងប្រមាណ​​​បី​ពាន់​នាក់​ ដែល​សុទ្ធសឹង​ជា​អ្នក​កាន់​សាសនា​គ្រិស្ត បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​​ទាមទារ​ស្វ័យភាព​ និង​សិទ្ធិសេរី​ភាព​ក្នុង​ការ​គោរព​សាសនា ប៉ុន្តែ​ពួក​គេ​ត្រូវទទួល​​រង​ការ​បង្ក្រាប​យ៉ាង​ហិង្សា ដោយ​អាវុធ​ផង។

ដើម្បី​តម្លាភាព អង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ក្រុង​ហាណូយ​បើក​​ធ្វើ​អង្កេត​មួយ​ លើ​សំណុំ​រឿង​ចោទ​ប្រកាន់​ការ​ប្រព្រឹត្ត​អំពើ​ហិង្សានេះ។

ក៏​ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​វៀតណាម អ្វី​ដែល​បាន​លើក​ឡើង​ខាង​លើ​អម្បាល​ម៉ាន​នេះ គឺ​ជា​ពាក្យ​បំផ្លើស​ និង​ជា​ព័ត៌មាន​មិន​ពិត។ ពេលនេះ​ស្ថានការណ៍​នៅ​ខេត្ត​ឌៀនបៀន​បាន​វិល​មក​រក​សភាព​ធម្មតា​ឡើង​វិញ ហើយ​ការហាម​ឃាត់​មិន​ឲ្យ​អ្នក​សារព័ត៌មាន​ធ្វើ​ដំណើរ​ទៅ​ទី​នោះ​ ព្រោះ​បញ្ហា​អាកាសធាតុមិន​អំណោយ​ផល និង​​ផ្លូវ​ថ្នល់​​មិន​ល្អប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI