HRW ៖ ចិនត្រូវជួយជនភៀសខ្លួនកាឈិន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ជនជាតិភាគតិចកាឈិន ជនជាតិភាគតិចនៅភូមា ជាច្រើនពាន់នាក់បាននាំគ្នារត់ភៀសខ្លួន ទៅជ្រកកោននៅប្រទេសចិន ដើម្បីគេចពីសង្គ្រាម ពីការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលភូមា និងកងប្រដាប់អាវុធឯករាជ្យកាឈិន ប៉ុន្តែពួកគេត្រូវប្រឈមមុខនឹងលក្ខខណ្ឌជីវិតដ៏គួរឱ្យអស់សង្ឃឹមបំផុត ! នេះបើតាមការបរិហាររបស់អង្គការការពារសិទ្ធិមនុស្ស Human Rights Watch ដែលអំពាវនាវយ៉ាងទទូចឱ្យក្រុងប៉េកាំងបើកច្រកជំនួយមនុស្សធម៌។
ការប្រយុទ្ធគ្នា នៅភាគខាងជើងបំផុតនៃប្រទេសភូមា តាំងពីខែមិថុនា ២០១១មក បានជំរុញឱ្យជនស៊ីវិលជាង៧ម៉ឺននាក់រត់គេចចេញពីភូមិឋាន។ ក្នុងចំណោមនោះ បើយោងតាមតួលេខរបស់អង្គការការពារសិទ្ធិមនុស្ស HRW មានប្រមាណពី ៧ពាន់ទៅមួយម៉ឺននាក់ បានភៀសខ្លួនទៅខេត្តយូណានរបស់ចិន ដែលមានព្រំប្រទល់ជាប់ភូមា។ ប៉ុន្តែលក្ខខណ្ឌជីវិតជនភៀសខ្លួនទាំងនោះ ខ្វះសព្វខ្វះគ្រប់ ជំរំរខេករខាក គ្មានដំបូលត្រឹមត្រូវ គ្មានស្បៀងអាហារបរិភោគគ្រប់គ្រាន់ គ្មានទឹកស្អាត គ្មានបង្គន់អនាម័យប្រើប្រាស់ និងគ្មានការថែទាំសុខភាព សូម្បីតែក្នុងកំរិតបឋមចាំបាច់សម្រាប់ជីវិត។
គឺជាវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ និងពិតៗ ! ដ្បិតចិនដែលជាប្រទេសហត្ថលេខីមួយលើសន្ធិសញ្ញាអន្តរជាតិស្តីពីជនភៀសខ្លួន មិនបានផ្តល់ជំនួយឧបត្ថម្ភដល់ជនភៀសខ្លួនកាឈិន ហើយមិនអនុញ្ញាតអ្នកទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏ដូចជាអង្គការមនុស្សធម៌ផ្សេងទៀតចូលទៅជួយប្រជាជនទាំងនោះទេ ! នេះបើតាមរបាយកាណ៍មួយរបស់ HRW ក្រោមចំណងជើងថា “ឯកានៅយូណាន”។
សម្រាប់អង្គការ ប្រសិនបើចិនអនុគ្រោះឱ្យជនជាតិកាឈិនចូលខេត្តយូណានហើយ ចិនត្រូវមានភារៈមើលការខុសត្រូវ និងគោរពកាតព្វកិច្ចស្របតាមច្បាប់អន្តរជាតិ គឺមិនបញ្ជូនទៅស្រុកដើមវិញ និងត្រូវផ្គត់ផ្គង់ជីវភាពរស់នៅឱ្យបានសមស្របតាមតម្រូវការ។ មិនត្រឹមតែមិនជួយសម្រួលការរស់នៅ អាជ្ញាធរចិនថែមទាំងបានអនុវត្តការធ្វើតេស្តគ្រឿងញៀន នៅតាមកំណាត់ផ្លូវ ដើម្បីជំរិតយកលុយ ឬបញ្ជូនអ្នកញៀនភ្លាមគ្មានបង្អង់ទៅកាន់មណ្ឌលអប់រំធ្វើការជាទម្ងន់។
ជនភៀសខ្លួនកាឈិនទាំងអស់សុទ្ធតែអះអាងចង់វិលត្រឡប់មកស្រុកកំណើតវិញ នៅពេលមានសន្តិភាព។ ប៉ុន្តែរហូតមកទល់ពេលនេះការចរចាឈប់បាញ់រវាងរដ្ឋាភិបាលនិងកងកម្លាំងឧទ្ទាមកាឈិនពុំទទួលបានលទ្ធផលសោះ ទោះបីជាក្រុមបះបោរ ជនជាតិភាគតិចផ្សេងទៀតបានចុះហត្ថលេខាព្រមព្រៀងឈប់បាញ់ ជាមួយរដ្ឋាភិបាលក៏ដោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ