ដើមបូព៌ា

ទស្សនកិច្ច​នៃ​មេ​ដឹកនាំ​​ហាម៉ាស​​

នាយករដ្ឋមន្រ្តី​នៃ​ចលនា​Hamas,លោក Ismaël Haniyeh,នៅឱកាស​ប្រារព្ធខួប២២ឆ្នាំ​នៃការ​បង្កើត​ចលនាអ៊ីស្លាមនិយមជ្រុល Hamas, នៅតំបន់​ Gaza, ថ្ងៃទី​១៤ធ្នូ២០០៩
នាយករដ្ឋមន្រ្តី​នៃ​ចលនា​Hamas,លោក Ismaël Haniyeh,នៅឱកាស​ប្រារព្ធខួប២២ឆ្នាំ​នៃការ​បង្កើត​ចលនាអ៊ីស្លាមនិយមជ្រុល Hamas, នៅតំបន់​ Gaza, ថ្ងៃទី​១៤ធ្នូ២០០៩ REUTERS/Ibraheem Abu Mustafa

គឺ​ជា​​លើក​​​ទី​មួយ​​ហើយ​​​​ដែល​​​លោក​​ ismail​ haniyeh​ ជា​មេ​​ដឹក​​នាំ​​​ចលនា​​អ៊ីស្លាម​និយម​ជ្រុល​​​ហាម៉ាស​​​​​ប៉ាលេស្ទីន​​ អញ្ជើញ​​ទៅ​​បំពេញ​​ទស្សនកិច្ច​​នៅ​​ឯ​​បរទេស ​ចាប់​​តាំង​​ពី​​ឡើង​​​កាន់​អំណាច​​​​​នៅ​​តំបន់​​ហ្កាហ្សា​​នៅ​​ថ្ងៃ​​ទី​​១៤​​មិថុនា​​២០០៧​​មក។​ មេ​ដឹក​នាំ​​ចលនា​ហាម៉ាស​ នឹង​​​អញ្ជើញ​​ទៅ​​កាន់​​ប្រទេស​​ជា​ច្រើន​​រួម​​មាន​​​​ប្រទេស​​ទួរគី​​និង​​កាតារ។​

ផ្សាយពាណិជ្ជកម្ម

សំរាប់​ទស្សនកិច្ច​ជា​ផ្លូវការ​​លើក​ដំបូង​បង្អស់​របស់​គាត់​​ចាប់​តាំង​ពី​ឆ្នាំ ២០០៧ លោក ismail haniyeh បាន​ចាក​ចេញ​ពី​តំបន់​ហ្កាហ្សា​តាម​ច្រក​ចេញ​ចូល​នៅ​ Rafah។ មេ​ដឹកនាំ​ចលនា​ហាម៉ាស គ្រោង​​ទៅ​កាន់​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់ រួម​មាន​ប្រទេស​អេហ្ស៊ីប​ ​ស៊ូដង់ ទុយនីស៊ី កាតារ និង​ក៏​នៅ​​ទួរគី​ផង​ដែរ-នេះ​បើ​យោង​តាម​សហការី​មួយ​រូប​របស់​លោក​ ismail haniyeh។

គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​​កសាង​តំបន់​ហ្កាហ្សា​ឡើង​វិញ​ ​ដែល​ស្ថិត​នៅ​ក្រោម​ការ​បិទ​ខ្ទប់​និង​ការ​បាញ់​ផ្លោង​ជាទៀងទាត់​ពី​សំណាក់​​កងទ័ព​អ៊ីស្រាអែល។ ក៏​ប៉ុន្តែ​គោលដៅ​សំខាន់​មួយ​ទៀត គឺ​ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ផ្នែក​​នយោបាយ​​នៅ​ក្នុង​តំបន់​ដែល​ពេល​នេះ កំពុង​តែ​មាន​ភាព​វឹកវរ​ដោយ​ហេតុ​ចលនា​បដិវត្តន៍​និទាឃរដូវ​អារ៉ាប ។ ចំណែក​​ដែនដី​ប៉ាលេស្ទីន វិញ​ក៏​ប្រហែល​ជា​មិន​អាច​​គេច​ផុត​ពី​ព្រឹត្តិការណ៍​នេះ​ដែរ។ មួយ​វិញ​ទៀត គេ​រំពឹង​យ៉ាង​ខ្លាំង ថា​បញ្ហា​ផ្សះផ្សា​ជាតិ​ប៉ាលេស្ទីន​រវាង​ចលនា Fatah-Hamas ក៏​នឹង​ត្រូវ​លើកឡើង​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​​ដែរ។

ចលនា​តស៊ូ​អ៊ីស្លាម​ដែល​កាន់​អំណាច​នៅ​តំបន់ ហ្កាហ្សា នឹង​ទៅ​ស្វែង​រក​ការ​ទទួលស្គាល់​មួយ​ពី​សំណាក់​បណ្តា​ប្រទេស​អារ៉ាប​ជា​មិត្រភក្តិ​របស់​ខ្លួន​និង​ក៏​ប្រហែល​ជា​ចង់​បន្ទន់​គោល​មាគ៌ា​នយោបាយ​របស់​ខ្លួន​ដែលត្រូវ​គេ​ចាត់ទុក​ថា « ​រឹងត្អឹង​ខ្លាំង​ពេក​និង​មិន​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា »នោះ​ទេ នេះ​បើ​យោង​តាម​អ្នក​វិភាគ​នានា។

ម្យ៉ាង​ទៀត លោក ismail haniyeh ដោយ​ប្រុងប្រយ័ត្ន​បំផុត ចៀសវាង​មិន​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ទីក្រុង ដាម៉ាស​ទេ-ទោះ​ជា​ទី​ដែល​មាន​ទីស្នាក់ការ​នៃ​ចលនា​អ៊ីស្លាម​និយម​ជ្រុល​ហាម៉ាស​ក្តី។ កម្មាភិបាល​ជា​ច្រើន​រូប​នៃ​ចលនា​ហាម៉ាស បាន​ចាក​ចេញ​ពី​ប្រទេស​ស៊ីរី​នា​ពេល​ថ្មីៗ​នេះ ញ៉ាំង​ឲ្យ​មាន​សំណួរ​​​ចោទ​ឡើង​ស្តីពី​ការ​រើ​ផ្លាស់​កន្លែង​នៃ​ទីស្នាក់ការ​របស់ហាម៉ាស​ជា​យថាហេតុ​ ប៉ុន្តែ​ត្រូវ​ ចលនា​ហាម៉ាស​បដិសេធ​ទាត់​ចោល​ព័ត៌មាន​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI