មហន្តរាយ​នុយក្លេអ៊ែរ​ជប៉ុន ៖ អ្វី​ជា​គ្រោះ​ថ្នាក់​សម្រាប់​សុខភាព ?

សំឡេង ០៨:២៤
បុគ្គលិក​ក្រុមហ៊ុន​តិបកូ​ ក្នុង​សម្លៀក​បំពាក់​ការពារប្រឆាំង​នឹង​សារធាតុ​វិទ្យុ​សកម្ម
បុគ្គលិក​ក្រុមហ៊ុន​តិបកូ​ ក្នុង​សម្លៀក​បំពាក់​ការពារប្រឆាំង​នឹង​សារធាតុ​វិទ្យុ​សកម្ម Reuters/Yomiuri Shimbun

គ្រោះ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមី ថ្ងៃ​ទី ១១​មីនា ២០១១ នៅ​ជប៉ុន បាន​បង្កការ​​បាត់​បង់​ជីវិត​មនុស្ស​ជា​ច្រើន​ពាន់​នាក់ ព្រម​ទាំង​ការ​ខូច​ខាត​សម្ភារៈ​យ៉ាង​សម្បើម។ ធ្ងន់​ធ្ងរ​ជាង​​នេះ​ទៅ​ទៀត គឺ​ការ​ខូចខាត​មជ្ឈមណ្ឌលនុយក្លេអ៊ែរ ហ្វ៊ូគូស្ហ៊ីម៉ា ដែល​ធ្លាយ​ប្រេះ​ បញ្ចេញ​ធាតុ​វិទ្យុ​សកម្ម​ក្នុង​លំហ​បរិយាកាស។ ជា​សំណាង​ល្អ​ដែល​អាជ្ញាធរ​អាច​គ្រប់​គ្រប​មិន​ឲ្យ​មាន​ការ​ផ្ទុះ​ស្នូល​កណ្តាល​នៃ​ម៉ាស៊ីន​ប្រតិកម្ម។ ប៉ុន្តែ​ការ​ធ្លាយ​ធាតុ​វិទ្យុ​សកម្ម​ប៉ុណ្ណេះ​ វា​គ្រប់​គ្រាន់​ល្មម​នឹង​ធ្វើ​ឲ្យ​ពិភពលោ​ក​ទាំង​មូល​ព្រួយ​បារម្ភ​ និង​ចោទ​សួរ​ពី​វិបត្តិ​នុយក្លេអ៊ែរ​ចំពោះ​សុខភាព។ តើ​អ្វី​ទៅ​ជា​​គ្រោះ​ថ្នាក់​ ក្នុង​ពេល​ភ្លាម និង​ទៅ​អនាគត នៅ​ពេល​បាន​ប្រឈម​នឹង​ឬ​បាន​ទទួល​រង​សារធាតុវិទ្យុ​សកម្ម ? តើ​សារធាតុ​អ៊ីយ៉ូត​ ជា​អ្វី ? សូម​ស្តាប់​អៀង សុខម៉ិញ ដោយ​មាន​បទ​អន្តរាគមន៍​ពី​​វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ Pr Martin Schlumberger ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ នៅ​ Gustave Roussy ក្រុង​ Paris។

ផ្សាយពាណិជ្ជកម្ម

ធាតុ​វិទ្យុ​សកម្ម​ (​អ៊ីយ៉ូត ១៣១ និង​សេយ៉ូម១៣៧) ដែល​ធ្លាយ​ចេញ​ពី​ការ​ផ្ទុះ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ សុទ្ធ​តែ​​បង្ក​គ្រោះ​ថ្នាក់​ ដល់​សុខភាព​ទាំង​អស់ មិន​ថា​ធាតុ​នោះ​ហោះហើរ​ក្នុង​លំហ​អាកាស ឬ តោង​ជាប់​នៅ​នឹង​ដី ឬ ស្រូប​ចូល​តាម​ផ្លូវដង្ហើម ឬ​តាម​មាត់ តាម​ចំណី​អាហារ​ទេ។ លក្ខណៈ​ពិសេស​នៃ​សារធាតុ​វិទ្យុ​សកម្ម គឺ​វា​មាន​អំណាច​ជះ​ឥទ្ធិពល​ សាយភាយ បាញ់​ដោយ​ត្រង់​និង​ជុំ​វិញ​ខ្លួន​វា​ គឺ​ប្រៀប​ដូច​ជា​​កាំរស្មី ព្រះ​អាទិត្យ​ ដែល​គេ​ហៅ​ថា កាំរស្មី​វិទ្យុ​សកម្ម​។ កាំ​រស្មី​វិទ្យុ​សកម្ម​មាន​ច្រើន​​ដូច​ជា​ អាល់ហ្វា បេតា និង​ហ្កាម៉ា ។ល។ និង​។ល។ កាំរស្មី​ដែល​គេ​ស្គាល់​ច្រើន​ជាង​គេ​គឺ​ កាំរស្មី​ ​X។

សុខភាព​ របស់​មនុស្ស​យើង​ទទួល​​រង​ផល​វិបាក គ្រោះ​ថ្នាក់ ​ ​ តិចតួច​ ឬ​ច្រើន​ទៅ​តាម​កំរិត​ និង​ទៅ​តាម​ប្រភេទ​វិទ្យុ​សកម្ម។
 
សារធាតុ​វិទ្យុ​សកម្ម មាន​ឥទ្ធិពល​ខ្លាំង​ ភ្លាមៗ ​ទៅ​តោង​ជាប់​​​នឹង បន្លែ​ប្រភេទ​ស្លឹក​ពណ៌បៃតង ពីរ​បី​ថ្ងៃ​ក្រោយ​នឹង​ឆ្លង​ដល់​ទឹក​ដោះ​គោ និង​ទៅ​ដល់​សាច់​សត្វ​នៅ​រយៈ​ពេល​ពីរទៅ​បី​សប្តាហ៍​ក្រោយ។ បន្ទាប់​ពី​ការ​សាយ​ភាយឆ្លង​ខ្លាំងនេះមក ​កម្លាំង​ធាតុ​វិទ្យុសកម្ម​នឹង​ចុះ​ថយ​បន្តិច​ម្តងៗ លឿន​ឬ​យឺត​ទៅ​តាម​ប្រភេទ។
 
សារធាតុវិទ្យុ​សកម្ម​​សេយ៉ូម ច្រើន​តែ​មាន​កំរិត​តិច​តួច​ មិន​សូវ​បង្ក​គ្រោះ​ថ្នាក់​ទេដល់​សុខភាព​យើង​ ប៉ុន្តែ​សារធាតុ​អ៊ីយ៉ូត​វិញ ទោះ​បី​ជា​ការ​ចម្លង​សារធាតុ​វិទ្យុ​សកម្ម​ ​ ទោះ​បី​ជា​មាន​ចំនួន​អាតូម​តិច​តួច​ក្តី ក៏​វា​ល្មម​គ្រប់​គ្រាន់​នឹង​អាច​បង្ក​ឲ្យ​​មាន​បញ្ហាដល់​សុខភាព ខូច​ខាត​ជាលិកា រលាក​ស្បែក ​ដែល​​អាច​ស្លាប់​បាន និង​ប៉ះពាល់​ដល់​សរីរាង្គ​ផ្សេងទៀត​មាន​ជាអាទិ៍​​ក្រពេញ​ ទីរ៉ូអ៊ីត (Thyroïde) ព្រម​ទាំង​ធ្វើ​ឲ្យ​កោសិកា​អាច​បំផ្លែង​​ទៅ​ជា​កោសិកា​មហារីក។



តាម​​ពិត នៅ​ក្នុងជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ មនុស្ស​ស្ទើរ​តែ​គ្រប់រូប​សុទ្ធ​តែ​បាន​ទទួល​រង​​វិទ្យុ​សកម្ម​គ្រប់​គ្នា។

​នៅ​ប្រទេស​បារាំង​ ប្រជាជន​ម្នាក់​ទទួល​សារធាតុ​វិទ្យុ​សកម្ម​ក្នុង​កំរិត ប្រមាណ 2 ទៅ​ 3 មីល្លី​ស៊ីវែរ ក្នុងមួយ​ឆ្នាំ (រង្វាស់​បរិមាណ​ធាតុ​វិទ្យុ​សកម្ម ដែល​បាញ់​​ត្រង់​ចំ​លើ​សរីរាង្គ​ណាមួយ​ក្នុង​មួយ​វិនាទី)។ ​នៅ​ពេល​ ​យើង​ ថត​បំពង់​អាហារ យើង​ទទួល​ធាតុ​វិទ្យុ​សកម្ម​ប្រមាណ​ មួយឬ​ពីរ​ មីល្លី​ស៊ីវែរ។ ឬ ថត​ស្កានប្រមាណ​ ១០​ ទៅ ២០ មីល្លី​ស៊ីវែរ។

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ប្រសិន​បើ​មនុស្សម្នាក់​ទទួល​បាន​សារធាតុ​វិទ្យុ​សកម្ម​ ក្រោម​ ១០០ មីល្លី​ស៊ីវែរ នោះ​គេ​នឹង​គ្មានគ្រោះ​កើត​ជំងឺ​មហារីកទេ។ ឡើង​ចាប់​ពី​១០០​ទៅ ​គេ​អាច​​​ប្រឈម​នឹងគ្រោះ​​កើត​​ជំងឺ​មហារីក​។ លើស​​ពី​១០០០​ mSv (millisievert) ​គ្រោះកើត​ជំងឺ​មហារីក​ ៖ ​មហារីក​ទីរ៉ូអ៊ីត ឬ​មហារីកឈាម​ ​មាន​ជា​ប្រាកដ។

អ៊ីយ៉ូតវិទ្យុ​សកម្ម ឬ​អ៊ីយ៉ូត ១៣១ ​វា​ស្រាល នៅ​ពេល​មាន​ធ្លាយ​បន្តិច​បន្តួច​វា​នឹង​ហោះ​ហើរ​លាយ​ពេញ​លំហ​​អាកាស។ ដូច្នេះ​វា​នឹង​ទៅ​ចម្លង​ដល់​​ការរស់​នៅ​ និង​ប្រជាជន​នៅ​ជុំវិញ។

ដូច្នេះ​ដើម្បី​ចៀសវៀង​កុំ​ឲ្យ​មាន​ទទួល​រង​វិទ្យុសកម្ម បើ​ក្នុង​ករណី​​ដែល​បរិយាកាស​​មាន​ឆ្លង​សារធាតុ​អ៊ីយ៉ូតវិទ្យុ​សកម្ម​ហើយ មាន​មធ្យោបាយ​បី​យ៉ាង​ គួរ​ប្រតិបត្តិ ៖
-          បិទទ្វារ​ បិទបង្អួច​ ដើម្បី​កុំ​ឲ្យ​មាន​ខ្យល់ក្រៅ​បក់​​ចូលក្នុ​ង​ផ្ទះ។ កុំ​ចេញ​ដើរ​ហើយ​នៅ​ក្រៅ​ផ្ទះ
-          សូម​កុំ​បរិភោគ​អាហារ​ដែល​មាន​ឆ្លង​សារធាតុ​វិទ្យុសកម្ម
-          ទីបី​ត្រូវ​ទទួល​ទាន​ថ្នាំ អ៊ីយ៉ូត​ដឺប៉ូតាស្យូម ដែល​ជា​អ៊ីយ៉ូត​ធម្មតា មិ​ន​មែន​ជា​អ៊ីយ៉ូត​វិទ្យុសកម្ម។ អ៊ីយូតដឺប៉ូតាស្យូម​នេះ នឹង​ទៅ​ទប់​ក្រពេញ​Thyroide កុំ​ឲ្យ​ធ្វើ​បណ្តុំ​ជាមួយ​នឹង​អ៊ីយ៉ូត ១៣១។ វិធានការ​នេះ​មាន​ប្រសិទ្ធិភាព​ណាស់ ព្រោះ​វា​អាច​កាត់​បន្ថយ​ ការបណ្តុំ​​បាន​៨៥% ប៉ុន្តែ​ត្រូវ​ទទួល​ទាន​ក្នុង​កំរិត​ត្រឹម​ត្រូវ និង​ឲ្យ​បាន​មុន​ពេល​ឆ្លង​ធាតុ​វិទ្យុ​សកម្ម យ៉ាង​ហោច​ណាស់​ក៏​មួយ​ម៉ោងមុន​ដែរ។

អ៊ីយ៉ូត​ដឺប៉ូតាស្យូម មាន​ប្រសិទ្ធិភាព​តែ​រយៈ​ពេល​ពីរ​ទៅ​បី​ថ្ងៃប៉ុណ្ណោះ ដូច្នេះ​វា​គ្មាន​ប្រយោជន៍​អ្វី​ដែល​ត្រូវ​លេប​ថ្នាំ​នេះ ដោយ​គ្មានការ​បញ្ជា​ពី​អាជ្ញាធរ​មានស​មត្ថកិច្ច​ទេ។ ហើយ​សូម​ចងចាំ​ថា គ្រោះ​កើ​ត​ជំងឺមហារីក​ក្រពេញ​ Thyroide ដោយ​សារ​វិទ្យុ​សកម្មនេះ​​ មាន​តែ​ចំពោះ​កុមារ​ប៉ុណ្ណោះ។​​ ចាប់​ពី​អាយុ ១៥ ទៅ​២០​ឆ្នាំ​ឡើង​ទៅ គេ​អាច​និយាយ​បាន​គ្រោះ​ថ្នាក់​មាន​កំរិតស្ទើរ​តែ​សូន្យ។ ចាប់​ពី​អាយុ​៤៥​ឆ្នាំ​ឡើង​ទៅ គ្មា​ន​ហេតុ​ផល​អ្វី​ទាល់​សោះ​ដែល​ត្រូវ​លេប​ថ្នាំ​អ៊ីយ៉ូតដឺប៉ូតាស្យូម​ទេ។

ក្នុង​ករណី​ដែល​ទទួលទាន​ថ្នាំ​នេះ​ច្រើនជ្រុល​វិញ ប្រសិន​បើ​អ្នក​ធ្លាប់​មាន​បញ្ហា​ក្រពេញ​Thyroide ស្រាប់​ហើយ​ នឹង​បង្ក​ឲ្យ​មាន​ជំងឺ​ Hyper Thyroidie ប៉ុន្តែ​ជំងឺ​នេះ​គ្មាន​គ្រោះ​ថ្នាក់​សម្រាប់​កុមារ​ទេ លើក​លែង​តែ​មនុស្ស​ចាស់។

ដើម្បី​អាច​ចេញ​អនុសាសន៍​ឲ្យ​ទទួល​ទាន​ថ្នាំ​អ៊ីយ៉ូត​បាន​ លុះ​ណា​តែ​ក្រុម​អ្នក​ឯកទេស​រក​ឃើញ​ថា​មាន​សារធាតុ​វិទ្យុ​សកម្ម​ ដល់​កំរិត​ បង្ក​គ្រោះ​ថ្នាក់ ១០០mSv៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI